Home ព័ត៌មានអន្តរជាតិ គូ​ប្រជែង​របស...

គូ​ប្រជែង​របស់​របប​យោធា​មី​យ៉ាន់​ម៉ា​បង្កើត “​រដ្ឋាភិបាល​រួម​រួប​ជាតិ​”

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​ប្រឆាំង​នឹង​របប​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​មេសា​បាន​ប្រកាស​រដ្ឋាភិបាល​រួបរួម​ជាតិ​រួមទាំង​សមាជិក​សភា​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​និង​មេ​ដឹក​​នាំ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ រួម​ទាំង​ក្រុម​ជនជាតិភាគតិច ដោយ​និយាយថា​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​លុបបំបាត់​ចោល​ការគ្រប់គ្រង​របស់​យោធា​។​

​មី​យ៉ាន់​ម៉ា​បាន​ស្ថិត​ក្នុង​ភាពវឹកវរ​ដ៏​ឃោរឃៅ​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង សាន ស៊ូ​ជី​ដែល​បាន​កាន់​អំណាច​អស់​រយៈពេល ៥​ឆ្នាំ​និង​​ត្រៀម​ចាប់ផ្តើម​អាណត្តិ​ទី ២ របស់​ខ្លួន​បន្ទាប់​ពី​ការ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​កាលពី​ខែវិច្ឆិកា​។​

​យោង​តាម​ក្រុម​ឃ្លាំមើល​បានឱ្យដឹង​ថា​ប្រជាជន​បាន​ចេញ​មក​តវ៉ា​តាម​ដងផ្លូវ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដើម្បី​ទាមទារ​ឱ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ដោយ​មិន​ខ្លាច​នឹង​ការបង្ក្រាប​របស់​កងកម្លាំង​សន្តិសុខ​​ដែល​ក្នុងនោះ​មនុស្ស​ជាង ៧៣០ នាក់​ត្រូវបាន​សម្លាប់​។​

​ជាមួយគ្នានេះ​ដែរ​មេដឹកនាំ​នយោបាយ​រួម​ទាំង​សមាជិក​សភា​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​គណបក្ស​របស់​លោកស្រី អ៊ុង សាន ស៊ូ​ជី​បាន​ព្យាយាម​រៀបចំ​ខ្លួន​ដើម្បី​បង្ហាញ​ប្រទេស​នេះ​និង​ពិភពលោក​​ខាងក្រៅ​ថា ពួកគេ​និង​មិនមែន​ពួក​ឧត្តមសេនីយ៍ទេ គឺ ជា​អាជ្ញាធរ​នយោបាយ​ស្របច្បាប់​។​

​សកម្មជន​ប្រជាធិបតេយ្យ​ជើង​ចាស់​លោក មីន កូ នាង និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ ១០ នាទី​ដោយ​ប្រកាស​ពី​ការបង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ យ៉ាង​ដូច្នេះ​ថា​”​សូម​ស្វាគមន៍​រដ្ឋាភិបាល​របស់​​ប្រជាជន​”​។​

​នៅ​ពេល​ដាក់​ចេញ​នូវ​គោល​ជំហរ​មួយចំនួន លោក​មីន កូនាង បាន​និយាយថា ឆន្ទៈ​របស់​ប្រជាជន​គឺជា​អាទិភាព​របស់​រដ្ឋាភិបាល​សាមគ្គីភាព ខណៈ​ទទួលស្គាល់​ទំហំ​នៃ​ភារកិច្ច​ដែល​ជិត​មក​ដល់​។​

​សំដៅលើ​របប​យោធា លោក​បាន​និយាយថា “​យើង​កំពុង​ព្យាយាម​យក​វា​ចេញពី​ឬ​សគល់​ឱ្យអស់ ដូច្នេះ​យើង​នឹង​ត្រូវ​លះបង់​ច្រើន​”​។​

​គោលបំណង​ចម្បង​មួយ​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​គឺ​ទទួលបាន​ការគាំទ្រ​និង​ការទទួលស្គាល់​ពី​អន្តរជាតិ​។​

​ពួក​ឧត្តមសេនីយ៍​បាន​យក​លេស​លើ​ការដណ្តើម​អំណាច​របស់​ពួក​គេ​ដោយ​ចោទប្រកាន់​គណបក្ស​សម្ពន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD)​ពីបទ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ខែវិច្ឆិកា​​ទោះបីជា​គណៈកម្មកា​របោះ​ឆ្នោត​បាន​បដិសេធ​ការអះអាង​របស់​យោធា​ក៏ដោយ​។​

​ការបង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​និង​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក​។ សម្ពាធ​អន្តរជាតិ​ក៏​បាន​និង​កំពុង​ដាក់​ចេញ​យ៉ាង​យឺតយ៉ាវ​ជាពិសេស​ពី​បណ្តា​រដ្ឋា​ភិ​​បាល​លោកខាងលិច​ទោះបីជា​យោធា​មាន​កំណត់ត្រា​ទាត់ចោល​ជា​យូរ​មក​ហើយ​នូវ​អ្វី​ដែល​ខ្លួន​យល់ថា​ជា​ការជ្រៀតជ្រែក​ពី​ខាង​ក្រៅ​ក៏​ដោយ​៕

​សកម្មជន​ប្រជាធិបតេយ្យ​ជើង​ចាស់​លោក មីន កូ នាង ប្រកាស​ពី​ការបង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ ក្នុង​វីដេអូ​រយៈពេល ១០ នាទី កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular