Home ព័ត៌មានសំខាន់ៗ នាយឧត្តមសេនីយ...

នាយឧត្តមសេនីយ៍ នេត សាវឿន : ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក នឹងត្រូវដកស័ក្តិ និងបណ្តេញចេញពីក្នុងជួរនគរបាល និងបញ្ជូនទៅតុលាការតាមច្បាប់ ពាក់ព័ន្ធការបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង

ដោយ: មុនីរ័ត្ន ស រិទ្ធ/ភ្នំពេញៈ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានថ្លែងប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែមេសានេះថា លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវដកស័ក្តិ និងបណ្តេញចេញពីក្នុងជួរនគរបាល និងបញ្ជូនទៅតុលាការតាមច្បាប់ ពាក់ព័ន្ធការបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅជាមួយអ្នកជួលបន្ទប់ របស់ខ្លួនកាលពីយប់យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃទី១៦ ខែមេសា នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ មានដូចជា :
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ឋានន្តរស័ក្តិ : ឧត្តមសេនីយ៍ទោ , ឋាន: អនុប្រធានសេនាធិការ
នៃអគ្គស្នងដ្ឋានការនគរបាលជាតិ នៅផ្ទះលេខ ៥៨ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី ៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់លោកលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ផឹកស៊ី រាំច្រៀង លេងប៉ាតម្ស៉ៅ​ នៅក្នុងទីតាំងរបស់ខ្លួន។ បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular