Home ព័ត៌មានសំខាន់ៗ សម្ដេច​ពញា​ចក...

សម្ដេច​ពញា​ចក្រី ហេង សំរិនៈ ១៧ មេសា ១៩៧៥ ខួប​លើក​ទី​៤៦ ពួក​ខ្មែរក្រហម គ្រប់គ្រង​ប្រទេស​

​ដោយ​៖ ទេព មង្គល / ភ្នំពេញៈ សម្ដេច​អ​គ្គមហាព​ញា្​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំលឹក​ពី​ប្រវត្តិ​ដ៏​ជូរចត់ នាពេល​កន្លងមក​ថាៈ ” ថ្ងៃនេះ កាលពី ៤៦ ឆ្នាំមុន ពួក​ប្រល័យពូជសាសន៍ ខ្មែរក្រហម បាន​ឡើង​គ្រប់គ្រង​ប្រទេស​យើង ហើយ​បាន​បង្ក​វិនាសកម្ម យ៉ាងធ្ងន់ធ្ងរ មិន​ធ្លាប់មាន ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​យើង ជា​យុគសម័យ​ខ្មៅ​ងងឹត ដែល​ពលរដ្ឋ​កម្ពុជា ត្រូវបាន​រស់ ក្នុង​អន្លង់​ទឹកភ្នែក ហូប​មិន​គ្រប់ ធ្វើការ​ជា​ទម្ងន់ ព្រាត់ប្រាស់​បងប្អូន​កូនចៅ ” ។ សម្ដេច​អ​គ្គមហាព​ញា្​ចក្រី ហេង សំរិន បានរ​លឺ​ឹ​ក​ដូចនេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់​សម្ដេច ដែល​ចុះផ្សាយ នៅ​ថ្ងៃទី​១៧ មេសា ២០២១ នេះ​។​

​សម្ដេច​អ​គ្គមហាព​ញា្​ចក្រី ហេង សំរិន បានលើកឡើង​ថាៈ ” ក្រោម​របប «​កម្ពុជា​ប្រជាធិបតេយ្យ​» ក្លែងក្លាយ​នេះ បាន​ប្រល័យពូជសាសន៍​ជាតិ​ឯង កាប់សម្លាប់​ពលរដ្ឋ​ស្លូតត្រង់ អស់​ជាង ២ លាន​នាក់​។ ថ្ងៃ​១៧ មេសា​ឆ្នាំ​១៩៧៥ ពួក​អាវខ្មៅ បាន​បង្ខំ​ប្រជាពលរដ្ឋ ចាក​ចេញពី​ទីក្រុង​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត និង​ជម្លៀស​ទៅកាន់​ទីជនបទ ដោយ​បង្ខំ​ឱ្យធ្វើ​ការ​ជា​ទម្ងន់ ដូច​គោក្របី ទាំងយប់​ទាំង​ថ្ងៃ និង​គ្មាន​ពេល​សម្រាក​។ សិទ្ធិសេរីភាព​ពលរដ្ឋ រួមទាំង​សិទ្ធិ​រស់រាន នៅក្នុង​របប​យង់ឃ្នង​នោះ គឺ​គ្មានទេ សូម្បីតែ​ការ​ស្លៀកពាក់​ខោអាវ ក៏​ពួកគេ​តម្រូវឱ្យ​ស្លៀកពាក់ តែ​ខោអាវ​ពណ៌​ខ្មៅ មួយ​ពណ៌ មួយ​កំ​ប្លេ​គត់​។ ក្រៅពី​បង្ខំ​ឱ្យ​ពលរដ្ឋ ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក របប​ព្រៃផ្សៃ​នេះ ក៏បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ប្រជាពលរដ្ឋ តាម​អំពើ​ចិត្ត ដោយ​ចោទថា​ជា​ខ្មាំង​។ របប​នេះ មិនឱ្យ​មានការ​គោរព ជំនឿ​សាសនា​ឡើយ ហើយ​សូម្បី រូបិយប័ណ្ណ​ក៏​គ្មាន​ដែរ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ​ក៏ត្រូវ​ពួកនេះ វាយកម្ទេច​ចោល​សឹង​គ្មាន​សល់ ” ។​

​សម្ដេច​ព​ញា្​ចក្រី បាន​បន្តថាៈ ” ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ យើង​សល់​តែ​បាត​ដៃទទេ ហើយ​បាន​រួមគ្នា​កសាង អភិវឌ្ឍន៍ ប្រទេសជាតិ ដោយ​ឆ្លងកាត់ ជំនះ​ឧបសគ្គ រាប់រយ​ជំពូក ទម្រាំ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ដូច​សព្វថ្ងៃនេះ​។ ជាង ៤០ ឆ្នាំ​មកនេះ ដៃ​ម្ខាង យើង​ខំ​កសាង និង​អភិវឌ្ឍន៍​ប្រទេស ហើយ​ដៃ​យើង​ម្ខាង​ទៀត ខិតខំ​ទប់ស្កាត់ មិនឱ្យ​របប​នេះ វិល​មក​សារជាថ្មី ដោយ​យើង​បារម្ភ និង​ខ្លាច​ជាទីបំផុត នូវ​ពាក្យ​ថា «​ប្រជាធិបតេយ្យ​ក្លែងក្លាយ​» នោះ ” ។​

​ក្នុងន័យនេះ សម្ដេច​អ​គ្គមហាព​ញា្​ចក្រី ហេង សំរិន បាន​ក្រើន​រំលឹកថាៈ ” សូម​បងប្អូន​ជនរួមជាតិ ចងចាំ​នូវ​ព្រឹត្តិការណ៍ ១៧ មេសា ១៩៧៥ ហើយ​រួបរួមគ្នា ថែរក្សា​សុខសន្តិភាព ដែល​យើង​កំពុងមាន សព្វថ្ងៃនេះ ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស ជា​អមតៈ ដើម្បី​យើង​មានឱកាស អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ឱ្យ​កាន់តែ​សម្បូរ​សប្បាយ រុងរឿង និង​រីកចម្រើន​ទៅមុខទៀត ” ។

​ទន្ទឹមនឹងនេះ សម្ដេច​ព​ញា្​ចក្រី ក៏បាន​ដាស់តឿន​ជាថ្មី​ថាៈ ” នៅក្នុង​កាលៈទេសៈ ដែល​យើង​កំពុង​ប្រយុទ្ធប្រឆាំង ជាមួយ​សត្រូវ​គ្មាន​ស្រមោល ជំងឺ​កូ​វីដ​-១៩​នេះ សូម​បងប្អូន កូនក្មួយ ជនរួមជាតិ​ទាំងអស់ ថែរក្សា​សុខភាព គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន រាល់​វិធានការ​របស់ រាជរដ្ឋាភិបាល ដើម្បី​សេចក្តីសុខ​ខ្លួន​យើង ក្រុមគ្រួសារ​យើង និង​សង្គមជាតិ​យើង ជាពិសេស​យើង​នាំគ្នា ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កាច​សាហាវ​នេះ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​យកឈ្នះ​កូ​វីដ​-១៩ ហើយ​យើង​នឹង​បាន​វិល​ទៅរក​ជីវភាព ជា​ប្រក្រតី​វិញ ក្នុងពេល​ឆាប់ៗ​នេះ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular