Home ព័ត៌មានអន្តរជាតិ ថៃ​មិន​ដាក់​ប...

ថៃ​មិន​ដាក់​បំរាម​គោចរ​តែ​បិទ​សាលា និង​ហាម​ការជួបជុំ​ដើម្បី​ទប់​កូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​បាងកកៈ​អាជ្ញាធរ​ថៃ​បាន​សំរេច​មិន​ដាក់​បំរាម​គោចរ តែ​បិទ​សាលារៀន​និង​ហាម​ការជួបជុំ​ធំៗ ព្រមទាំង​សកម្មភាព​បង្ក​ហានិភ័យ​ខ្ពស់​រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃអាទិត្យ​ទី​១៨​មេសា​នេះ​ទៅ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់ អូ​ចា ក៏​បាន​បញ្ជា​អោយ​មន្ត្រី​ស្វះស្វែង​រក​ប្រភព​ទិញ​វ៉ាក់សាំង​បន្ថែម ទោះ​ជា​ពី​រុស្ស៊ី​ឬ​អាម៉េរិក​។​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ថៃ​ជួប​ការយឺតយ៉ាវ​ខ្លាំង ដោយ​​មាន​ប្រជាជន​ត្រឹមតែ​០,៩​ភាគរយ​ទេ​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​តាំងពី​មុន​មក​។​

​មជ្ឈមណ្ឌល​សំរាប់​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​ថៃ បានសំរេច​ជំទាស់​នឹង​ការដាក់​ប្រើ​បំរាម​គោចរ ដោយសារ​តែ​វា​ប៉ះពាល់​ចំណូល​របស់​ប្រជាជន ជា​ពិសេស​ប្រជាជន​ធម្មតា​។​ផ្ទុយទៅវិញ មជ្ឈមណ្ឌល​នេះ​បាន​​សំរេច​បិទ​សាលារៀន​និង​ស្ថាប័ន​អប់រំ លើកលែង​តែ​សាលា​អន្តរជាតិ​។​

​ហាមឃាត់​ផងដែរ គឺ​សកម្មភាព​ណាមួយ​ដែល​មាន​ការចូលរួម​ពី​មនុស្ស​៥០​នាក់​ឡើង លើកលែង​តែ​សកម្មភាព​ណា​ដែល​មាន​ការអនុញ្ញាត​។​ទីកន្លែង​កម្សាន្ត​សប្បាយ​និង​កន្លែង​ផ្តល់​សេវា រួម​មាន​ក្លិប រង្គសាល​​ហាង​ខារ៉ាអូខេ និង​កន្លែង​ម៉ាស្សា នឹង​ត្រូវ​បិទ​។​

​មជ្ឈមណ្ឌល​បាន​ដាក់​ខេត្ត​ចំនួន​១៨​ជា​តំបន់​ក្រហម ឬ​តំបន់​ត្រូវ​គ្រប់គ្រង​ខ្លាំង​មែនទែន​។​វា​រួម​មាន​ក្រុង​បាងកក​ផងដែរ​។​

​វិធានការ​ថ្មី​នេះ​ត្រូវបាន​ប្រកាស​ប្រើ​នៅ​ពេល​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ខ្ពស់បំផុត គឺ​១.៥៨២​នាក់​។​ចំនួន​នេះ​ធ្វើអោយ​ការឆ្លង​នៅ​៥​ថ្ងៃ​កន្លងទៅ​ឡើង​ដល់​ប្រមាណ​៦.៤០០​នាក់ ៕

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​កូវី​ដ​១៩​ថៃ ប្រកាស​វិធានការ​រឹតត្បិត​ថ្មី រួម​មាន​ការបិទ​សាលារៀន​២​សប្តាហ៍​តែ​មិន​ដាក់​បំរាម​គោចរ​ទេ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular