ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១ នេះ  បានអញ្ជើញចុះពិនិត្យទីតាំង ធ្វើចត្តាឡីស័ក ក្រោយការព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ស្ថិតក្នុងទីតាំងអគារស្នាក់នៅ របស់ក្រុមហ៊ុន កាស៊ីណូ បាវិត ម៉ុកបាយ អគារ B)ដែលមានកម្ពស់ ៨ជាន់ ស្មើនឹង ៨០ បន្ទប់ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា: ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង លោកសូមថ្លែងនូវអំណរគុណ ចំពោះកងកម្លាំង អាជ្ញាធរដែនដី ម្ចាស់ទីតាំងអគារ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានរួមសហការគ្នា រៀបចំសម្អាតអគារបន្ថែមមួយទៀត ដោយអគារថ្មីនេះ សម្រាប់ដាក់តែអ្នកធ្វើចត្តាឡីស័ក ក្រោយការព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ តែប៉ុណ្ណោះ ស្របតាមគោលការណ៍ព្យាបាល របស់ក្រសួងសុខាភិបាល ។  

លោកអភិបាលខេត្ត ក៏បានថ្លែងនូវអំណរគុណ និងកោតសរសើរ ចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ ទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ទាំងមូល  ដោយគ្រូពេទ្យជួរមុខ គឺជាកងទ័ពអាវស ដែលមិនត្រឹមតែបានចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក យ៉ាងសកម្ម លះបង់ពេលវេលា ទាំងពេលយប់ និងពេលថ្ងៃ ដោយមិនខ្លាចនឿយហត់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់បំផុត។  

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវ ការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ខ្ជាប់ នូវវិធានការរបស់ ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានា ដែលចេញដោយរដ្ឋបាលខេត្ត  ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ ឫសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួម សហការពីប្រជាពលរដ្ឋគ្រប់ៗរូប។  

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត សរុបប្រមាណ ១០០ នាក់ ជាការលើកទឹកចិត្តផងដែរ៕/V-PC