អាជ្ញាធរ ព្រមាន​ចាត់វិធានការ ចំពោះ​អាជីវក​រណា ដែល​លក់ដូរ​ឡើងថ្លៃ ខុស​ប្រក្រតី​

ដោយ​: អង្គរតូច / សៀមរាបៈ អាជ្ញាធរខេត្ត នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២១ នេះ បានប្រកាស​ជូនដំណឹង និង​ព្រមាន​ចាត់វិធានការ ចំពោះ​អាជីវក​រណា ដែល​លក់ ដូរ​ឡើងថ្លៃ ខុស​ប្រក្រតី​។​

​ការប្រកាស​ជូនដំណឹង ក៍​ដូចជា ចាត់វិធានការ​នេះ គឺជា​ការទប់ស្កាត់​មួយ ជៀសវាង​ការកើតឡើង ដូច​ព័ត៌មាន ដែល​លេច​ឮថា រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ខ្លះ រួមទាំង​ខេត្តសៀមរាប​ផង មានការ​លក់ដូរ​ឡើង ថ្លៃ​ជាង​មុន​។​

​សេចក្តីណែនាំ របស់​រដ្ឋបាល ខេត្តសៀមរាប លេខ ០០៥/​ស​ណន​/២១ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ បានបញ្ជាក់​ថាៈ រដ្ឋបាល​ខេត្តសៀមរាប ជំរាបជូន​ដំណឹង​អ្នក គ្រប់គ្រង​សហគ្រាស ផ្សារ​រដ្ឋ ឯង​ជន ផ្សារ​ទំនើប ឱសថស្ថាន ។​ល​។ ក្នុង​បរិបទ​ឆ្លង​រាលដាល ជម្ងឺ​កូ​វីដ​១៩ ហើយ​រដ្ឋបាលខេត្ត សម្រេច​បិទ​តំបន់​មួយចំនួន រដ្ឋបាល ខេត្តសៀមរាប សូម​ធ្វើ​ការណែនាំ​ថា មិនត្រូវ​ឡើងថ្លៃ​ទំនិញប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ​គ្រប់​ប្រភេទ និង​ឱសថ ថ្លៃ​ហួសហេតុ ដែល​ធ្វើអោយប៉ះពាល់ ដល់​ជីវភាព និង​ការរស់នៅ​ប្រជាពលរដ្ឋ​។ ក្នុងករណី ពិនិត្យឃើញថា មានការ​លក់​ថ្លៃ​លើស ឬ ថ្លៃ​ហួសហេតុ ត្រូវ​ចាត់វិធានការ​ផ្អាក ឬ​បញ្ឈប់ ឬ​ដក​អាជ្ញាប័ណ្ណ បណ្តោះអាសន្ន ឬ​ស្ថាពរ ព្រមទាំង​ចាត់ វិធានការ តាមផ្លូវ​ច្បាប់ ជា​ធរមាន​។​

​ក្រោយ​សេចក្តីណែនាំ របស់​រដ្ឋបាលខេត្ត បង្ហាញជូន​ជា​សាធារណ​: ការលក់ដូរ​របស់​អា​ជីវ​ករ ក្នុង​ផ្សារ ហាក់​មិនមាន​ការឡើង​ថ្លៃ ខ្ពស់​នោះឡើយ​។​

​នៅក្នុង​ផ្សារលើ​ធំថ្មី នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមេសា នេះ សាច់គោ ១ គីឡូក្រាម ៣៤.០០០ រៀល ទៅ ៣៥.០០០ រៀល ខណៈ​មុន​បិទ​តំបន់​ខ្លះ ក្នុង​ខេត្ត​នេះ ត្រឹមតែ ៣០.០០០ ទៅ ៣២.០០០ រៀល ក្នុង ១ គីឡូ​។ ឯ​សាច់ជ្រូក ២៥.០០០ រៀល ខណៈ​មុន​បិទ ២០.០០០ ទៅ ២២.០០០ រៀល​។ ចំណែក​ត្រី​.​មាន់​.​ទា និង​បន្លែ ហាក់​មិនមាន ការឡើង​ថ្លៃ នោះឡើយ​។​

​ស្ត្រី​លក់​សាច់ជ្រូក​ម្នាក់ បានអោយដឹងថាៈ សាច់ជ្រូក មានការ​ឡើងថ្លៃ​បន្តិច ក្នុងថ្ងៃនេះ ដោយសា​ឡើង​ពី​ក្រុមហ៊ុន​។ បើ​មិន​អីចឹង​ទេ ពួកគាត់​អាជីវករ ក៍​មិន​លក់​ឡើង​ដែរ​។​

​ទោះជា​បែបនេះ លោក ខៀវ សត ចៅសង្កាត់​ស្លក្រាម ដែល​កំពុង​ចុះ​ពិនិត្យ ក៍​ដូចជា ការណែនាំ​អាជីវករ​ក្នុង​ផ្សារ បានបញ្ជាក់​ថាៈ លោក​បាន​សាកល្បង​ហើយ ក្នុងចំណោម​ទំនិញ ២០ មុខ គឺ​នៅ​តម្លៃ​ធម្មតា​។ តែ​ខាង​លោក ក៍នៅ​ព្យាយាម ពន្យល់​ដល់​អាជីវករ ជាប្រចាំ​ផងដែរ កុំអោយ​មានការ​ឡើងថ្លៃ ព្រោះតែ​ឱកាស​កូ​វីដ​នេះ​។​

​លោក លី សំ​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ សាលាខេត្ត​សៀមរាប បាន​មានប្រសាសន៍ តាម​ទូរស័ព្ទ​ថាៈ ជាការ​ពិតណាស់ ដែល​រដ្ឋបាល​ខេត្តសៀមរាប ចេញ​សេចក្តីណែនាំ​នេះ​។ ខេត្តសៀមរាប មិនទាន់មាន​ការលក់ ឡើងថ្លៃ​មែន តែ​ភ្នំពេញ ឬ ខេត្ត​ផ្សេង មាន​ខ្លះៗ​ហើយ ហេតុនេះហើយ ទើប​អាជ្ញាធរ ជូនដំណឹង​នេះ គឺ​ទប់ស្កាត់​អោយបាន មុន​ការកើតឡើង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular