Home ព័ត៌មានសំខាន់ៗ ​ព្រឹត្តិការណ...

​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​:នៅក្នុង​សប្តាហ៍​នេះ ប្រទេស​កម្ពុជា​យើង បាន​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក្នុងពេល​កម្ពុជា​យើង ពិស​ស​នៅ​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ វិធានការ​រដ្ឋបាល ត្រូវបាន​អនុវត្ត​តាមរយៈ​ការបិទ​ខ្ទប់​ការធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៧ ខែមេសា ហើយ​ដោយសារតែ​អត្រា​ឆ្លង​កូ​វីដ​១៩​បន្ត​កើនឡើង​ខ្ពស់ នៅក្នុង​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​អនុវត្ត​បិទ​ខ្ទប់ (Lockdown) រយៈពេល ១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​១៥​មេសា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

១-​សម្ដេច​តេ​ជោ ហ៊ុន សែន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ឡាវ​ហើយ​សន្យា​ធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​:

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ឡាវ​។ បើតាម​ក្រសួងការបរទេស ជំនួប​នោះ បាន​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុងនោះ នាយករដ្ឋមន្ត្រី​ទាំងពីរ​ក៏បាន​សន្យា​ធ្វើ​ទស្សនកិច្ច​ទៅវិញ ទៅមក​ផងដែរ​។

២-​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​នាំគ្នា​ដណ្ដើម​ចាក់​វ៉ាក់សាំង​តាម​ផែនការ​ញុះញង់​របស់ អតីត​មេដឹកនាំ​បក្សប្រឆាំង :

​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែមេសា សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​ផ្ញើ​សារ​បន្ទាន់​ជា​សំឡេង អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​ទៅ​ដណ្តើម​ចាក់​វ៉ាក់សាំង តាម​ការ​ញុះញង់​របស់​អ​តី​មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី​។ លោក សម រង្ស៊ី ដែល​បាន​ប្ដូរ​ផែនការ​របស់ខ្លួន ពី​ការរិះគន់​វ៉ាក់សាំង​ចិន​ថា យកមក​សម្លាប់​ពលរ​ដ្ឋ​ខ្មែរ ពេលនេះ លោក​សមរង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បែរជា​ចេញមក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ចិន​។

​ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា ការអំពាវនាវ​របស់​លោក​សមរង្ស៊ី​ដូច្នេះ មិនមែនជា​បំណងល្អ​នោះទេ ប៉ុន្តែ​គឺជា​ផែនការ​ពិសពុល ដែល​ចង់ឱ្យ​ពលរដ្ឋ ទៅ​ដណ្តើម​វ៉ាក់សាំង ខណៈដែល​កម្ពុជា​មិនទាន់មាន​វ៉ាក់សាំង គ្រប់គ្រាន់​នៅឡើយ​។​

៣-​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់ប្រាក់​រង្វាន់​ដល់​បុរស​ម្នាក់ ដែលជា​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ទីមួយ​លានៈ​

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ប្រាក់រង្វាន់ ៥​លាន​រៀល ជូន​ដល់​បុរស​ម្នាក់ ដែលជា​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ទីមួយ​យ​លាន​។ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​នាំ​យកលុយ​សុទ្ធ ៥​លាន​រៀល ទៅជូន​បុរស​នោះ ដល់ផ្ទះ នៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។​

៤-​តំបន់​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ កើន​ដល់ ១៣​ភូមិ​-​សង្កាត់ៈ

​គិត​ចាប់ពី​ថ្ងៃទី​១០ មកដល់​ថ្ងៃទី​១២​មេសា មាន​សង្កាត់​ចំនួន​២ ( សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ) និង​ភូមិ​ចំនួន ១១​ហើយ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បិទ​ខ្ទប់​ឬ​LockDown​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ​១៩​។ តំបន់​ដែល​បាន​បិទ​ខ្ទប់​នេះ ភាគច្រើន​ជាទី​តាំង ដែលមាន​កម្មករ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ ឌី​ន ហាន ដែល​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ រស់នៅ​។

៥-​រដ្ឋបាល​រាជធានី​ភ្នំពេញ បិទ​ផ្សារ​ចាស់ បន្ទាប់ពី​រកឃើញ​អាជីវករ​ឆ្លង​កូ​វីដ​១៩

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ផ្សារ​ចាស់​ស្ថិតនៅ​ជិត​វត្តភ្នំ​។ វិធាន​ការបិទ​ខ្ទប់​ផ្សារ​ចាស់​នេះ បន្ទាប់ពី​រកឃើញ​អាជីវករ​ឆ្លង​កូ​វីត​-១៩ ជា​បន្តបន្ទាប់ ហើយ​ក៏មាន​អ្នកជំងឺ​កូ​វីដ​១៩ បាន​ចូលទៅ​ផ្សារ​ចាស់​ជា​ញឹកញាប់​។ នៅ​ផ្សារ​ច្បារអំពៅ ផ្សារ​បឹងត្របែក ផ្សារ​ដើម​គរ ផ្សារ​នាគ​មាស ផ្សារកណ្តាល ផ្សារ​ជម្ពូ​រវ័ន និង​ផ្សារ​ឌុយ​ម៉ិច ក៏បាន​ប៉ះពាល់​នឹង​អ្នកជំងឺ​កូ​វីដ​១៩ ហើយ​ក៏មាន​អាជីវករ​ផ្សារ រកឃើញ​កើត​កូ​វីដ​១៩ ជា​បន្តបន្ទាប់​។ កាលពី​ថ្ងៃទី​៤ ខែមេសា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បិទ​ផ្សារ​អូរឫស្សី ក្រោយ​រកឃើញ​អាជីវករ គណៈកម្មការ និង​សន្តិសុខ​ផ្សារ ឆ្លង​កូ​វីដ​១៩ ផងដែរ​។​

៦- អង្គការ​សុខភាព​ពិភពលោក ប្រកាស​គាំទ្រ និង​សហការ​ជាមួយ​កម្ពុជា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីត​១៩

​អង្គការ​សុខភាព​ពិភពលោក​( WHO) តាមរយៈ​នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែលមាន​ការិយាល័យ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ផ្ញើ​សារលិខិត​ផ្លូវការ​មក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ចែករំលែក​នូវ ក្ដី​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៃ​ការផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់​មាននៃ​ជំងឺ​កូ​វីដ​១៩​។ អង្គការ​សុខភាព​ពិភពលោក ក៏បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត គាំទ្រ និង​ធ្វើ​កិច្ចសហការ​ទាំង​ផ្នែក​នយោបាយ និង​ប​ចេ្ច​ក​ទេស​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីត​១៩ ផងដែរ​។​

៧-​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃទី​១៥​មេសាៈ​
​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២៨ ខែមេសា​។ ក្នុង​វិធានការ​រដ្ឋបាល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រក្សា​បំរាម​គោចរ ចាប់ពី​ម៉ោង ៨​យប់ រហូតដល់​ម៉ោង ៥​ភ្លឺ ហើយ​អ្នក​បំពាន​បំរាម នឹងត្រូវ​ទទួល​តាមច្បាប់​កំណត់​។

៨-​កម្ពុជា ប្រារព្ធ​ពិធី​ចូលឆ្នាំ​នៅផ្ទះ​:

​កាលពី​ថ្ងៃទី​១៤ ខែមេសា កម្ពុជា បាន​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុង​រយៈពេល ៣​ថ្ងៃ​។ ប៉ុន្តែ​ចូលឆ្នាំ​នៅ​ឆ្នាំនេះ ខុសពី​ឆ្នាំមុនៗ គឺ​ដោយសារតែ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ តម្រូវ​ឲ្យ​អនុវត្ត​វិធានការ​តឹងរឹង​ជាង​ណា​ណា​ទាំងអស់​។ នោះ​គឺ​ចូលឆ្នាំ​នៅផ្ទះ ហើយ​ហាមឃាត់​រាល់​ការជួបជុំ​ផឹកស៊ី ច្រៀង​រាំ សូម្បីតែ​ការជួបជុំ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​នៅ​វត្ត ក៏​មិនត្រូវ​បានអនុញ្ញាត​ឡើយ​។​

៩-​រាជរដ្ឋាភិបាល សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩:

​កាលពី​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច ស្តីពី ការកែសម្រួល​វិធានការ ដែល​ត្រូវអនុវត្ត ក្នុងអំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល​ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ នោះ​គឺ​រាជរដ្ឋាភិបាល បាន​កំណត់ថា អំឡុងពេល​បិទ​ខ្ទប់ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ចាប់ពី​ថ្ងៃទី​១៥-២៨​មេសា គឺ​បុគ្គល​គ្រប់រូប ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​លំនៅ ឋាន​ឡើយ​។ ប៉ុន្តែ​ការធ្វើដំណើរ​នេះ ត្រូវបាន​លើកលែង​ក្នុងករណី​មួយចំនួន​។​

១០-​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ដាក់បទបញ្ជា​ឲ្យ​រឹតបន្តឹង​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​:

​បន្ទាប់ពី​ដាក់​ឲ្យ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ចាប់តាំងពី​ម៉ោង​សូន្យ ថ្ងៃទី​១៥ ខែមេសា មកដល់​ថ្ងៃទី​១៦​ខែមេសា​សម្តេច​តេ​ជោ​ហ៊ុនសែន​សង្កេតឃើញថា​នៅតែមាន​ប្រជាពលរដ្ឋ​ចរាចរណ៍​តាមផ្លូវ​ច្រើន​នៅឡើយ​។ ដូច្នេះហើយ​បានជា​សម្តេច​តេ​ជោ បានប្រកាស​ដាក់បទបញ្ជា​ផ្ទាល់មាត់​ជាថ្មីទៀត ហាមឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ចេញពីផ្ទះ ពោលគឺ​នៅផ្ទះ​ណា ត្រូវ​នៅផ្ទះ​នោះ ហើយ​នៅ​ភូមិ​ណា ត្រូវ​នៅ​ភូមិ​នោះ​។ សម្តេច​តេ​ជោ បន្ថែមថា ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​១៥​មេសា គឺ​អ្នក​នៅ​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ចេញពី​ភ្នំពេញ​ឡើយ​។ រីឯ​អ្នក​លួច​ទៅលេង​ស្រុក​ក្នុងពេល​ចូលឆ្នាំ ក៏​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូលមក​ភ្នំពេញ​ឡើយ ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នាពេលនេះ​។​

១១-​វ៉ាក់សាំង​កូ​វីដ ស៊ី​ណូ​វ៉ា​ក់ ៥០​ម៉ឺន​ដូ​ស​បន្ថែមទៀត មកដល់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៧​មេសា​

​ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១៧​មេសា ចិន​បាន​ដឹកជញ្ជូន​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ Sinovac ចំនួន ៥០​ម៉ឺន​ដូ​ស តាម​យន្តហោះ​ពិសេស មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ថ្នាំ​វ៉ាក់សាំង​នេះ កម្ពុជា​ទិញ​ពី​ចិន បន្ទាប់ពី​វ៉ាក់សាំង Sinovac ចំនួន ១,៥​លាន​ដូ​ស ដែល​កម្ពុជា​ទិញ​ពី​ចិន មកដល់​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមីនា ។ តាម​គម្រោង នៅ​ចុង​ខែមេសា​ខាងមុខ ពោលគឺ​នៅ​ថ្ងៃទី​២៧​មេសា ចិន នឹង​ផ្ដល់ជំនួយ​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ៤០​ម៉ឺន​ដូ​ស​បន្ថែមទៀត ដល់​កម្ពុជា​។ តាម​គម្រោង រហូតដល់​ខែសីហា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង ៧​លាន ៥០​ម៉ឺន​ដូ​ស​បន្ថែមទៀត​។​

១២-​ក្រសួងសុខាភិបាល ប្រកាស​លើក​ពេល​ចាក់​វ៉ាក់សាំង រយៈពេល ៣​ថ្ងៃ :

​គឺ​ចាប់ពី​ថ្ងៃទី​១៧-១៩ ខែមេសា ក្រសួងសុខាភិបាល បានសម្រេច​ផ្អាក​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ លើក​ទី​២​។ មូលហេតុ​ដោយសារតែ​មានការ​ប្រជ្រៀត​គ្នា​ធ្វើដំណើរ​ឆ្លងកាត់​បា​រ៉ា​ស ដែល​បាន​បិទ​នៅ​អំឡុងពេល​អនុវត្ត​វិធាន ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​១៥ ខែមេសា រហូតដល់​ថ្ងៃទី​២៨ ខែមេសា​។​

១៣-​រាជរដ្ឋាភិបាល​កែសម្រួល​វិធានការ​អនុវត្ត​អំឡុងពេល Lockdown រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ :

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីសម្រេច ស្តីពី ការកែសម្រួល​វិធាន​ការដែល​ត្រូវអនុវត្ត​ក្នុង អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ នោះ​គឺ​រាជរដ្ឋាភិបាល បាន​កំណត់ថា អំឡុងពេល​បិទ​ខ្ទប់ Lockdown រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ចាប់ពី​ថ្ងៃ ទី​១៥-២៨​មេសា គឺ​បុគ្គល​គ្រប់រូប ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ឡើយ​។​ក្នុងករណី​មានការ បំពាន​វិធានការ​ហាមឃាត់​ការធ្វើដំណើរ​នេះ អាជ្ញាធរ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ត្រូវអនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួមទាំង​ការឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើដំណើរ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​។​

១៤-​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ផ្សារ​ដើម​គ និង​ផ្សារ​បន្លែ :

​កាលពី​យប់​ថ្ងៃទី​១៧ ខែមេសា រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​សម្រេច​ផ្អាក​ដំណើរការ​ជា បណ្តោះអាសន្ន​មូលដ្ឋាន​ផ្សារ​ដើម​គ និង​ផ្សារ​បន្លែ ស្ថិតនៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើម​គ ក្នុង​ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១​។ វិធាន​ការបិទ​ផ្សារ​ដើម​គ​និង​ផ្សារ​បន្លែ​នៅពេលនេះ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​វីរុស​កូ​វីដ​១៩ ទៅដល់​បងប្អូន​អាជីវករ អតិថិជន ក៏ដូចជា ប្រជាពលរដ្ឋ ដែល​ចេញចូល​ផ្សារ​នេះ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ងា​ជីវ​ករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ ដែល​បានចេញ​-​ចូល​ផ្សារ​នេះ គិត​ចាប់ពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ មក ដែល​មិនទាន់បាន​អញ្ជើញ​មក​យក​សំណាក ត្រូវ​រួសរាន់​ទៅយក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ជាបន្ទាន់ នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ចេនឡា ព្រមទាំង​ត្រូវអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។​

១៥-​កូ​វីដ​១៩ ប្រចាំ​សប្តាហ៍​នេះ​:

​នៅក្នុង​សប្តាហ៍​នេះ គិត​ចាប់ពី​ថ្ងៃទី​១១ ខែមេសា ដល់​ថ្ងៃទី​១៧ ខែមេសា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៥៣៣​នាក់ ហើយ​ក្នុងនោះ ១៥២៣​នាក់ ជា​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​ភាគច្រើន​នៅ​ភ្នំពេញ​។ ក្នុង​សប្តាហ៍​នេះ មាន​អ្នកជា​សះស្បើយ ២៦៤​នាក់ និង​ស្លាប់ ១២​នាក់​។ ជា​សរុប មកដល់​ថ្ងៃទី​១៧​មេសា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ទូទាំងប្រទេស ៥៧៧១​នាក់ ជាសះស្បើយ ២៤១៦​នាក់ និង​ស្លាប់ ៤១​នាក់​៕srn​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular