Home ព័ត៌មានសំខាន់ៗ អភិបាល​រាជធាន...

អភិបាល​រាជធានី បន្ត​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក មាន់ ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​ស្នងការរង​នគរបាល​រាជធានី និង​កងរាជអាវុធហត្ថ​រាជធានី នៅ​ព្រឹក​ថ្ងៃទី​១៨​ខែមេសា​នេះ បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ជាក់ស្ដែង​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ គល់ស្ពាន​ព្រះមុនីវង្ស​ត្រើយ​ខាងកើត ខណៈដែល​ទីតាំង​ទាំង​២​នេះ មានការ​កកស្ទះ​ចរាចរណ៍​ដោយ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ចេញចូល​រាជធានី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ច្រើន ដែលមាន​ហានិភ័យ​ខ្ពស់ ក្នុង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ បានធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវអនុវត្ត​អោយបាន​ម៉ឹងម៉ាត់​បំផុត ទៅលើ​សេចក្តីសំរេច​លេខ​៤៩ សសរ របស់​រាជរដ្ឋាភិបាល ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជម្ងឺ​នេះ​បាន​ឆ្លង​រាលដាល់​ខ្លាំងក្លា​បំផុត ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដែល​បាន​បង្ខំ​អោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល​ធ្វើ​ការបិទ​ខ្ទប់​ផ្ទះ​ប្រជាពលរដ្ឋ បិទ​ខ្ទប់​ភូមិ សង្កាត់ ខណ្ឌ និង​ផ្សារ​មួយចំនួន ហើយ​នៅ​រយៈពេល​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​បានសំរេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​តែម្តង ដើម្បី​កាត់ផ្តាច់​ហើយ​បាន​នូវ​ការរីក​សាយភាយ​ជំងឺ​នេះ​បន្តទៀត ។​

​ទោះបីជា​យ៉ាងណាក្តី ក្នុង​ការចុះពិនិត្យ​ស្ថានភាព​លំហូរ​ចរាចរណ៍​ប្រជាពលរដ្ឋ​និង​ទីតាំង​បិទ​ខ្ទប់​ខាងលើនេះ លោក​ឃួ​ង ស្រេង ក៏បាន​សំពា​វ​នាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់ និង​ចូលរួម​អនុវត្ត និង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងតំណាក់កាល​ដ៏​សែន​លំបាក​នេះ ដើម្បី​នាំគ្នា​ឆ្លង​ឱ្យ​ផុតពី​ជំងឺ​កូ​វីដ​-១៩ ដ៏​សាហាវ​នេះ ។​

​គួររំលឹកថា​៖ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់ចេញ​វិធាន​ការបិទ​ខ្ទប់ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ព្រមទាំង​ហាមឃាត់​ការធ្វើដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែលមាន​អ្នក​ឆ្លងកាត់​តែ​ច្រើន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular