១៧ មេសា ២០២១

ដោយៈលី កុក​ឆាយ នាយក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តតាកែវ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា/ភ្នំពេញៈ​ទីក្រុង​ភ្នំពេញ​ប្រែ​ជាមាន​សភាព​ស្ងប់ស្ងាត់​ម្តងទៀត បន្ទាប់ពី​រយៈពេល​៤៦​ឆ្នាំក្រោយ​របប​ខ្មែរក្រហម​។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ១៩៧៥ កងកម្លាំង​ខ្មែរក្រហម​បាន​កាន់កាប់​រាជធានី​ភ្នំពេញ​។ ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​អំពី​ជ័យជម្នះ​របស់ខ្លួន ក្រុមខ្មែរក្រហម​បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ប្រែជា​ទីក្រុង​ដ៏​ស្ងាត់ជ្រងំ​គ្មាន​មនុស្ស​រស់នៅ ហើយ​ទីប្រជុំជន​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​សភាព​ដូចគ្នា​ដែរ​។ ប្រជាជន​ទាំងអស់ ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ទីក្រុង ហើយ​ផ្លូវ​ដែលមាន​សភាព​អ៊ូអរ​បាន​ប្រែ​ទៅជា​ស្ងាត់ជ្រងំ និង​គ្មាន​មនុស្ស​ដើរ​។​

កងទ័ព​កំពុង​ឈរ​យាម​នៅលើ​មហាវិថី ហ្សា​ល់ ដឺ​ហ្គោល ក្នុង​ក្រុងភ្នំពេញ នៅ​ដើមឆ្នាំ​១៩៧៩​
(​បណ្ណសារ​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​ថ្ងៃនេះ ដោយ​អនុវត្តតាម​វិធានការ​សុខភាព​សាធារណៈ​ក្នុងការ​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទីក្រុង​ភ្នំពេញ​ត្រូវបាន​បិទ​ខ្ទប់ ហើយ​ប្រជាជន​ទាំងអស់​គឺ​តម្រូវ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​មិន​ចេញ​ក្រៅ​។​
​ទោះបីជា​​កាលៈទេសៈ​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ និង​កាលៈទេសៈ​សព្វថ្ងៃ មាន​សភាព​ខុសគ្នា​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​យើង​មិនអាច​បដិសេធ​បានទេ​ថា សភាព​ស្ងប់ស្ងាត់ និង​ភាព​សង្វេគ​នៃ​ទីក្រុង​នាពេល​បច្ចុប្បន្ននេះ ពិតជា​បាន​រំឭក​ពី​រឿងរ៉ាវ​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​ខ្ទេចខ្ទាំ​កាលពីពេល មុន​។​

​នៅលើ​ដង​វិថី​ដែល​លាតសន្ធឹង​យ៉ាង​វែង យើង​អាច​មើល​ឃើញតែ​រថយន្ត​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ ដែលមាន​ផ្ទុក​បុគ្គលិក​ពេទ្យ​ក្នុង​ឯកសណ្ឋាន​ពណ៌​ស កំពុង​ប្រញាប់ប្រញាល់​ទៅ​ដឹកជញ្ជូន និង​ថែទាំ​អ្នកជំងឺ​ដែល​ទទួលរង​ការប៉ះពាល់​ជាមួយ​ជំងឺ​កូ​វីដ​-១៩​។​
​នៅពេលដែល​ខ្ញុំ​កំពុង​សម្លឹង​មើលទៅ​ដង​វិថី អ្នកជិតខាង​វ័យ​ចំណាស់​ម្នាក់ ដែល​ខ្ញុំ​អាច​មើលឃើញថា មុខ​របស់គាត់​មាន​ពាក់​ម៉ាសការពារ​ផង បាន​ដើរ​ចូលមក​ជិត​ខ្ញុំ​។ គាត់​មាន​អាយុ​៧០​ឆ្នាំ​។ គាត់​បាន​និយាយប្រាប់​ខ្ញុំ​ពី​រឿង​ដែល​យើង​មិនអាច​ទទួល​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​បាន​។ គាត់​បាន​ប្រាប់​ខ្ញុំ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​គាត់​នឹកឃើញ​ដល់​រឿងរ៉ាវ​របស់គាត់​ក្នុង​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ គាត់​នៅចាំ​បាន​ថា គាត់​បានឃើញ​ទាហាន​ខ្មែរក្រហម​ស្លៀកពាក់​ខ្មៅ ហើយ​អង្គុយ​នៅលើ​រថក្រោះ​ដែល​បើកបរ​តាមផ្លូវ​។​

ផ្លូវ​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​
(​លី កុក​ឆាយ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​ខ្ញុំ​បានបង្ហាញ​ពី​ការ​ចង់ដឹង ចង់​ឮ ចំពោះ​រឿងរ៉ាវ​របស់គាត់ ហើយ​ខ្ញុំ​បាន​សួរ​គាត់ (​កុង បៀ​វ​)​ថា តើ​មាន​រឿងរ៉ាវ​អ្វី​ទៀត​ដែល​គាត់​ចងចាំ​នៅពេលនោះ​? បុរស​ចំណាស់​បន្ត​៖
«​ភ្លាមៗ​បន្ទាប់ពី​ខ្មែរក្រហម​កាន់កាប់​រាជ​ធានី អ្នក​ភ្នំពេញ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីជនបទ ហើយ​ខ្ញុំ​បាន​ដើរ​អស់​រយៈពេល​៥​ថ្ងៃ ទៅ​ភាគ​ខាងជើង​នៃ​ខេត្តព្រៃវែង​។ ខ្ញុំ​ត្រូវបាន​គេ​បញ្ជូនទៅ​ជីក​ប្រឡាយ​នៅ​បឹង​ស្នេហ៍ ហើយ​ខ្ញុំ​ធ្វើការ​រាល់ថ្ងៃ​ចាប់ពី​ម៉ោង​៥​ព្រឹក​ដល់​៥​ល្ងាច តែ​គេ​ឲ្យ​ខ្ញុំ​ហូប​បបរ​ពីរ​ស្លាបព្រា​ប៉ុណ្ណោះ​។ ក្មួយ​ជា​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​មានសំណាង​ណាស់ ព្រោះថា​ក្មួយ​មានផ្ទះ​ស្នាក់នៅ អាហារ​ហូបចុក សម្លៀកបំពាក់​ស្លៀក និង​គ្រូពេទ្យ​ព្យាបាល​។ ខ្ញុំ​ចងចាំ​ថា ខ្ញុំ​មិនមាន​អ្វី​ទាំងអស់នេះ​ទេ​នៅពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​ក្មួយ ក្នុង​របប​ខ្មែរក្រហម​»​។​
​រឿងរ៉ាវ​របស់គាត់​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​ស្វែងយល់​ពី​ឥទ្ធិពល​នៃ​ទស្សនៈ និង​ជាពិសេស​ទស្សនៈ​លើ​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​ដឹងថា​ការលំបាក​ក្នុងការ​ជាប់​បិទ​ខ្ទប់​រយៈពេល​១៤​ថ្ងៃ​នៅ​ភ្នំពេញ គឺ​មិនអាច​ប្រៀបធៀប​ទៅនឹង​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​ជិត​៤​ឆ្នាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​នោះទេ​។​
​ការឆ្លើយតប​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ជំងឺ​រាតត្បាត គឺ​តម្រូវ​ឲ្យ​មានការ​ហាមឃាត់​ការធ្វើដំណើរ និង​សូម្បីតែ​ការជួបជុំ​តាម​ទីសាធារណៈ​។ វិធានការ​ទាំងនេះ មិន​ផ្អែកលើ​របៀបវារៈ​នយោបាយ ឬ​មនោគមវិជ្ជា​នោះទេ ប៉ុន្តែ​ជាការ​ប្តេជ្ញាចិត្ត​ចំពោះ​សុខភាព​សាធារណៈ និង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​ទូទៅ​។ បើ​ប្រៀបធៀប​ទៅនឹង​ការគ្រប់គ្រង​ប្រទេស​របស់​ខ្មែរក្រហម ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចំនួន​ប្រមាណ​២​លាន​នាក់​ចេញពី​ទីក្រុង ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់ពាន់នាក់​។​
​ខ្ញុំ​ជឿជាក់ថា ប្រទេស​កម្ពុ​ជាមាន​សម​ត្ថ​ភាព​ក្នុងការ​យកឈ្នះ​លើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រសិនបើ​មនុស្ស​ម្នាក់ៗ​ប្តេជ្ញា​គោរព​តាម​វិធានការ​សុខភាព និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ការប្តេជ្ញាចិត្ត​នេះ​មិន​ត្រឹមតែ​ជាការ​លះបង់​ប្រយោជន៍​បុគ្គល​ដើម្បី​ប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទស្សនៈវិស័យ​ដ៏​ប្រាកដប្រជា​មួយ ក្នុងការ​ស្វែងយល់​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​ប្រវត្តិសាស្ត្រ​។ សភាព​ស្ងប់ស្ងាត់ និង​ភាព​សង្វេគ​នៃ​ទីក្រុង បាន​ផ្តិត​យក​រូបភាព​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​បំផ្លាញ​។ ប៉ុន្តែ​អ្វីដែល​នៅ​ពីក្រោយ​រូបភាព​ទាំងនេះ គឺជា​ស្មារតី​ដ៏​រឹងមាំ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​រួបរួមគ្នា​ក្នុង​គោលដៅ​រួមមួយ ក្នុងការ​យកឈ្នះ​លើ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​៕សរន

រង្វង់មូលស្ពានជ្រោយចង្វាត្រើយខាងលិច (ទល់មុខស្ថានទូតបារាំង) ក្នុងក្រុងភ្នំពេញ នៅពេលរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១(សោម ប៊ុនថន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ផ្លូវ​ពី​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាង​លិចទៅ​អង់​តែ​ន​ទួលគោក ក្នុង​ក្រុងភ្នំពេញ នៅពេល​រសៀល ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​(​សោម ប៊ុនថន​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ផ្លូវនៅខាងក្រោយសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (អតីតសណ្ឋាគារ ឡឺ ភ្នំ) នៅពេលរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។(សោម ប៊ុនថន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

យោធា​ខ្មែរក្រហម ចូលក្នុង​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular