សូមមេត្តា​ជួយ​គ្នា​ក្នុង​គ្រា​លំបាក មិន​ត្រូវជា​ឈ្មួញ​ទុច្ចរិត​ទេ​

ដោយៈ​ម៉េង​ឆៃ /​ភ្នំពេញៈ ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល នាពេលនេះ តម្លៃ​ត្រី​សាច់​បន្លែបង្កា​ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​ជា​ទម្លាប់​មួយ​របស់​អ្នកលក់​ខ្មែរ​យើង ដែល​តែងតែ​ឆ្លៀត​កេងចំណេញ​នៅពេល​ស្រុកទេស​កើត​បញ្ហាលំបាក​។ ប៉ុន្តែ​ករណី​អ្នកលក់​ដំឡើងថ្លៃ​ទំនិញ​ត្រី​សាច់ និង​បន្លែ​ដូច្នេះ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច ចាត់វិធានការ​ជា​បន្ត​បន្ទាប់​។​

​កាលពី​ថ្ងៃទី​១៨ ខែមេសា មន្ត្រី​មាន​សមត្ថកិច្ច បាន​ចុះ​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ក្រោយពេល​ពិនិត្យឃើញថា អាជីវករ​រូបនេះ បាន​លក់​សាច់ជ្រូក ឲ្យ​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​ខ្ពស់​ខុសពី​ធម្មតា​។ អ្នកលក់​សាច់ជ្រូក​ឲ្យ​ប្រជាពលរដ្ឋ ក្នុងតម្លៃ​ខ្ពស់​ខុសពី​ធម្មតា​នោះ លក់​នៅ​ផ្លូវ​លេខ ៣៤៨ (​ផ្សារ​លូ​) ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ស្ត្រី​នោះ ត្រូវបាន​គេ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា ហើយ​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម និង​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀតផង​។​

​ក្នុង​វិ​ក័យ​ប​ត្រ កាលពី​ថ្ងៃទី​១៦ ខែមេសា​បង្ហាញថា តម្លៃ​សាច់ជ្រូក កាលពី​ថ្ងៃទី​១៦ ខែមេសា​សាច់​សុទ្ធ លក់​ក្នុងតម្លៃ ៣​ម៉ឺន​រៀល ក្នុង ១​គីឡូម៉ែត្រ ឆ្អឹង​ស៊ុប ១​គីឡូក្រាម ២៨.០០០​រៀល ឆ្អឹងជំនី ថ្លៃ ៣៥.០០០​រៀល ក្នុង ១​គីឡូក្រាម​។

​ក្រៅពី​សាច់ជ្រូក​ឡើងថ្លៃ បន្លែ​ក៏​ឡើងថ្លៃ​ខ្ពស់​ដែរ​។ ក្នុងនោះ ស្ពៃក្តោប ១​គីឡូក្រាម ថ្លៃ ៨០០០​រៀល ស្ពៃ​ក្រ​ញ៉ា​ញ់ ១​គីឡូក្រាម ថ្លៃ ៨០០០​រៀល ស្ពៃបូកគោ ១​គីឡូក្រាម ថ្លៃ ៥០០០​រៀល និង​ការ៉ុត ១​គីឡូក្រាម ថ្លៃ ៥០០០​រៀល​។​

​សូមបញ្ជាក់ថា ការលក់​ឡើងថ្លៃ​ត្រី​សាច់​បន្លែ​នេះ មិនមែន​តែ​ករណី​ស្ត្រី​ម្នាក់​នោះទេ គឺ​នៅ​សឹងតែ​គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ ក្នុងពេល​បិទ​ខ្ទប់​នេះ​។ តែ​យ៉ាងណាក៏ដោយ អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​រួចហើយ​ថា នឹង​ចាត់វិធានការ​លើ​អ្នកលក់​ឡើងថ្លៃ​ទំនិញ ត្រី​សាច់ បន្លែ​ទាំងនោះ​។​

​ករណី​លក់​ថ្លៃ​ខុសធម្មតា​នេះ បើសិនជា​ទិញ​មក​លក់​បន្ត​ថ្លៃ​ដែរ នោះអាជ្ញាធរ​សមត្ថកិច្ច​ត្រូវតែ​ស្រាវជ្រាវ​ឲ្យ​ដល់ ឫសគល់ ចំពោះ​អ្នក​បោះ​ដុំ​សាច់ជ្រូក ឬ​បន្លែ​ត្រី​សាច់​ផ្សេងទៀត ដើម្បី​កុំ​ឲ្យ​ឡើងថ្លៃ​។ ផ្ទុយទៅវិញ​បើ​ទិញ​មក​មិន​ថ្លៃ លើស​ធម្មតា​ទេ ក៏​គួរតែ​អ្នក​លក់រាយ​បន្ត លក់​ត្រឹមតែ​តម្លៃ​ដូច​ធម្មតា ព្រោះថា ពេលនេះ អ្នក​ភ្នំពេញ​រួមទាំង​អ្នក​នៅ​ទី ក្រុង​តាខ្មៅ ខេត្តកណ្តាល កំពុង​លំបាក​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ឈានដល់​ការបិទ​ខ្ទប់​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥​មេសា ដល់​ថ្ងៃទី​២៨​មេសា ឆ្នាំ​២០២១​។​

​ជា​វិធាន​ទប់​កុំ​ឲ្យ​ទំនិញ​ឡើងថ្លៃ ពិសេស​អង្ករ​មី​ត្រីខ គ្រឿងឧបភោគ​បរិភោគ​ឡើងថ្លៃ ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងពាណិជ្ជកម្ម ក៏បាន​បញ្ចេញ​អង្ករ​រាប់​តោន លក់​ក្នុងតម្លៃ​ធម្មតា​។ ក្រៅពីនោះ ក៏មាន មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និង​ទឹកបរិសុទ្ធ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ ដែល​ចាំបាច់​ផ្សេងទៀត ដើម្បី​លក់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ពិសេស​ក្នុង​តំបន់​ក្រហម ដែល​បិទ​ខ្ទប់ ដោយសារ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​។​

​ការលក់​អង្ករ មី ត្រីខកំប៉ុង គ្រឿងឧបភោគ​បរិភោគ​របស់​ក្រសួងពាណិជ្ជកម្ម ធ្វើឡើង​តាមរយៈ​ឡាន​កាំ​មី​ញ៉ុ​ង បើក​យឺត​តាម​ភូមិ​ផង និង​តាមរយៈ​សេវា​លក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​អន​ឡាញ​និង​ការដឹកជញ្ជូន​ចែកចាយ​ដល់​មុខ ផ្ទះ​ប្រជាពលរដ្ឋ​។​

​ក្រៅពីនោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​តាម​ខណ្ឌ​និ​មួយៗ ពិសេស​នៅ​តំបន់​បិទ​ខ្ទប់​ក៏បាន​ចែក​នូវ ជំនួយ​សង្គ្រោះបន្ទាន់ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និង​ទឹកស៊ីអ៊ីវ ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ប្រជាពលរដ្ឋ​ក្រីក្រ និង​មានការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ នៅក្នុង​តំបន់​ក្រហម ដែល​បិទ​ខ្ទប់​ផងដែរ​។​

​អំឡុងពេល​បិទ​ខ្ទប់​នេះ ក៏មាន​ឧកញ៉ា រោង​ម៉ាស៊ីនកិនស្រូវ​ជាច្រើន ក៏បាន​បញ្ចេញ​អង្ករ​លក់​ជូន​ប្រជាពលរដ្ឋ ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ថែម​ទៀតផង​។​

​ដូច្នេះ​អាជីវករ អ្នកលក់ដូរ​ទំនិញ​គ្រប់​ប្រភេទ ពិសេស​គ្រឿង​ឧបភោគបរិភោគ​ទាំងឡាយ គួរតែមាន​ចិត្តបុណ្យ មិនចាំបាច់​ដល់​ថ្នាក់​ថា ចែក​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ទេ តែ​សូម​តែ​លក់​ក្នុងតម្លៃ​សមរម្យ តម្លៃ​ធម្មតា ចំណេញ​តិចតួច​ដូច​រាល់ថ្ងៃ នេះ​ជាការ​ជួយ​គ្នា​ក្នុង​គ្រាក្រ​លំបាក​។​

​ចូរ​គិតថា ការលំបាក​នេះ ជាការ​លំបាក​ទាំងអស់​គ្នា​។ មិន​តែ​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​បិទ​ខ្ទប់ ឬក៏​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ នៅ​តាខ្មៅ​ខេត្តកណ្តាល​នោះទេ គឺជា​ការលំបាក​របស់​ប្រជាជន​កម្ពុជា​យើង រាជរដ្ឋាភិបាល និង​ប្រទេសជាតិ​យើង​ទាំងមូល​។

​នៅពេលនេះ បើសិនជា​ការបិទ​ខ្ទប់​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥-២៨​មេសា មិនអាច​កាត់ផ្តាច់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ទេ នោះ​រយៈពេល​នៃ​ការបិទ​ខ្ទប់ នឹងត្រូវ​បន្ត​ថែមទៀត​។ ការលំបាក នឹង​បន្ត​អូសបន្លាយ​។

​ម្យ៉ាងទៀត សម្រាប់​អ្នកលក់ ដែល​ឡើងថ្លៃ​ទំនិញ ត្រី​សាច់ បន្លែបង្កា​គ្រឿងឧបភោគ​បរិភោគ ក៏ត្រូវ​បាន​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង​ស្រេង ចាត់ទុកជា​ឈ្មួញ​ទុច្ចរិត ហើយ​លោក​បាន​ព្រមាន​ចាត់វិធានការ​លើ​ឈ្មួញ​ទុច្ចរិត​នោះ​ថែមទៀត​។ ករណី​ជាក់ស្តែង ក៏ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​អនុវត្ត​ជា​បណ្តើរៗ​ហើយ តាមរយៈ​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ហើយ​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ថែមទៀត​។ បើ​នៅតែ​មិន​ស្តាប់ និង​មិន​គោរព​តាម​កិច្ចសន្យា នោះ​នឹងត្រូវ​ទទួលរង​វិធានការ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular