Home ព័ត៌មានសំខាន់ៗ នៅព្រឹកថ្ងៃនេ...

នៅព្រឹកថ្ងៃនេះក្រសួងពាណិជ្ជកម្មចុះទៅតំបន់ក្រហម ដើម្បីលក់ទំនិញក្នុងតម្លៃទាបជូនប្រជាជន

ដោយ: ពៅនិមល/ភ្នំពេញ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែមេសានេះ ក្រសួងពាណិជ្ជកម្មនឹងបញ្ចេញរថយន្តចល័តចំនួន ៥គ្រឿងថែមទៀត រួមជាមួយរថយន្តចល័តមួយចំនួនទៀតរបស់សាលារាជធានីភ្នំពេញ ដើម្បីចល័តលក់ទំនិញជូនប្រជាជននៅតាមទីតាំងតំបន់ក្រហម ដែលស្ថិតក្នុងខណ្ឌចំនួន៣ រាជធានីភ្នំពេញ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា នៅរាត្រីថ្ងៃទី១៩ ខែមេសា ថា យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានណែនាំបន្ថែមអោយក្រុមហ៊ុនហ្រ្គីន ត្រេដ (Green Trade) ជំរុញធ្វើសកម្មភាពអោយបានឆាប់រហ័សនិងទាន់ពេលវេលាដើម្បីចូលរួមដោះស្រាយការលំបាករបស់ប្រជាជនដែលកំពុងអនុវត្តវិធានការបិទខ្ទប់នៅតាមទីតាំងចំនួន ៧កន្លែង នៃតំបន់ក្រហមក្នុងខ័ណ្ឌមានជ័យ, ពោធិសែនជ័យ, និងខ័ណ្ឌទួលគោក។ ការលក់ជូនប្រជាជនក្នុងតំបន់ទាំងនោះនឹងត្រូវរៀបចំដោយមានកិច្ចសហការពីអាជ្ញាធរដែនដី តាមរយះការឈប់រថយន្តនៅត្រឹមមុខរនាំងនៃការបិទខ្ទប់ ហើយទទួលការបញ្ជាទិញតាមទូរស័ព្ទ និងតាមរយះកិច្ចសហការរបស់អាជ្ញាធររួចហើយ ត្រីចក្រយានយន្តឬទោចក្រយានយន្តដែលជួយសំរួលដោយអាជ្ញាធររាជធានីនឹងដឹកទំនិញដែលទទួលការបញ្ជាទិញទាំងនោះ ទៅដាក់ដល់មុខទ្វារផ្ទះរបស់អ្នកបញ្ជាទិញតែម្តង ដោយមិនឲ្យមានការចេញមកទិញដោយផ្ទាល់រហូតដែលខុសនឹងបទបញ្ជានៃការបិទខ្ទប់នោះទេ។
លោក សុវិជាតិ បានឲ្យដឹងទៀតថា សម្រាប់ទំនិញដែលនឹងលក់ជូនប្រជាជនក្នុងតម្លៃទាបជាងថ្លៃទីផ្សារនេះ រួមមាន អង្ករ, មី, ទឹកសុទ្ធ, ត្រីខកំប៉ុង, ទឹកត្រី និងទឹកស៊ីអីវ។ លោកបន្តថា ក្រសួងពាណិជ្ជកម្មកំពុងរៀបចំបញ្ចូលទំនិញចាំបាច់បន្ថែមទៀត សំរាប់ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនក្នុងគ្រាលំបាកនេះ ដូចជាត្រីងៀត, ត្រីឆ្អើ, ឆៃប៉ូវ និងអាហារយុទ្ធសាស្រ្តផ្សេងទៀតដែលអាចរក្សាសំរាប់ប្រើប្រាស់បានយូរ។ ទាក់ទិនបញ្ហានេះដែរ លោកបន្ថែមថា ក្រសួងនឹងបន្តពិនិត្យតាមដានស្ថិរភាពប្រភពផ្គត់ផ្គង់ និងទប់ស្កាត់ការតម្លើងថ្លៃទំនិញដែលអនុវត្តជាប់ជាប្រចាំតាមទីផ្សារនិងកន្លែងលក់ដូរផ្សេងៗ ដែលកិច្ចការនេះអនុវត្តដោយក្រុមការងារពិនិត្យតាមដានប្រភពផ្គត់ផ្គង់ ទប់ស្កាត់ការឡើងថ្លៃទំនិញ, មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប និង មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញនិងខេត្តកណ្តាល។ ការងារនេះ ក៏ត្រូវបានអនុវត្តដើម្បីឆ្លើយតបភ្លាមៗផងដែរទៅនឹងសំនួរព្រមទាំងសំណូមពររបស់ប្រជាជន ដែលបានផ្តល់មកតាមរយះតេលេក្រាម (Telegram)របស់ក្រុមការងារឆ្លើយតបនឹងសំនួរទាក់ទងវិធានការបិទខ្ទប់ដែលមានតំណាងក្រសួងពាណិជ្ជកម្មជាសមាជិក។
យុទ្ធនាការរថយន្តចល័តរបស៎ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ដែលចល័តលក់ទំនិញទាំងនេះ ភាគច្រើនចុះទៅកាន់តំបន់កម្មករស្នាក់នៅច្រើន ដែលមានតំរូវការហើយជួបនឹងការលំបាកក្នុងការឆ្លងកាត់និងចេញ-ចូល។ គិតចាប់ពីថ្ងៃទី១៥ រហូតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្មលក់អង្ករបានសរុបចំនួន ២៩៧បាវ, មីចំនួន ១៩៧៥កេស, ទឹកត្រីនិងទឹកស៊ីអ៊ីវ ចំនួន២៥៦យួរ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular