Home កីឡា លោក​ម៉ូ​រី​ញ៉...

លោក​ម៉ូ​រី​ញ៉ូ​ត្រូវ Spurs បណ្តេញចេញ ក្រោយ​ដឹកនាំ​បាន ១៧ ខែ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក ចូសេ ម៉ូ​រី​ញ៉ូ ត្រូវបាន​ក្រុម​មាន់​ខ្នាយ​មាស Tottenham បណ្តេញចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​មេសា ពោល​សល់​ត្រឹមតែ ៦ ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ពួកគេ​លេង​ទល់នឹង Manchester City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ League Cup ខណៈ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​ត្រូវ​បង់​នូវ​តម្លៃ​សម្រាប់​យុទ្ធនាការ​ដ៏​ច្របូកច្របល់​របស់គាត់​។​

​លោក​ម៉ូ​រី​ញ៉ូ​អាយុ ៥៨ ឆ្នាំ​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​បន្ទាប់ពី​ទទួលបន្ទុក​ត្រឹមតែ ១៧ ខែ​ទោះបីជា​លោក​អាចដឹកនាំ​ក្លឹប​ទៅ​រកពាន​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ ២០០៨ ក៏ដោយ​។​

​ក្រុម​មាន់​ខ្នាយ​មាស Tottenham កំពុង​ត្រដាបត្រដួស​ក្នុងការ​ប្រជែង​យក​កៅអី Champions League តាមរយៈ​ការ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ៤ នៅ Premier League ។​

​បច្ចុប្បន្ន Spurs ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៧ ដោយ​ដេញ​តាម​ពីក្រោយ​ក្រុម​លេខ ៤ West Ham ចំនួន ៥ ពិន្ទុ ហើយ​បាន​ជ្រុះ​ចេញ​យ៉ាង​ភ្ញាក់ផ្អើល​ពី Europa League វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ទល់​​នឹង​ក្រុម Dinamo Zagreb ។​

​សេចក្តីថ្លែងការណ៍​របស់ Tottenham បាន​និយាយថា “​ក្លិប​សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា លោក ចូសេ ម៉ូ​រី​ញ៉ូ និង​បុគ្គលិក​គ្រូបង្វឹក​របស់គាត់​ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ពី​ភារកិច្ច​របស់​ពួកគេ​ហើយ​”​។​

​ព័ត៌មាន​ដ៏​កក្រើក​នេះ​បាន​កើត​ឡើង​មិន​ដល់ ២៤ ម៉ោង​ផង​បន្ទាប់​ពី Tottenham បាន​ប្រកាស​ថា​ពួកគេ​គឺជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​ចំនួន ១២ ដែល​គ្រោង​នឹង​បើក​ដំណើរការ​ពានរង្វាន់​ផ្តាច់ខ្លួន European Super League ។​

​គ្រូបង្វឹក​ក្រុម​សាលា​បាល់ទាត់​របស់ Tottenham លោក រ៉ា​យ​អែ​ន ម៉ា​សុន ដែល​ជា​អតីត​កីឡាករ​នៅ​ក្លិប​នេះ​នឹង​ដឹកនាំ​ការហ្វឹកហាត់​ក្រុម​ឈុត​ធំ​នៅ​សប្តាហ៍​នេះ​ហើយ​គ្រោង​នឹង​សម្រាំង​កីឡាករ​​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​ពុធ​ជាមួយ​ក្រុម Southampton និង​វគ្គ​ផ្តាច់ព្រ័ត្រ League Cup នៅ​កីឡដ្ឋាន Wembley ។​

​ប្រធាន​ក្លិប Tottenham លោក ដា​នី​ញែល ឡេវី បាន​និយាយថា “​លោកចូ​សេ​និង​បុគ្គលិក​គ្រូបង្វឹ​ករបស់​គាត់​បាន​នៅ​ជាមួយ​យើង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​បំផុត​របស់​យើង​ក្នុងនាម​ជា​ក្លិប​មួយ​”​។​

“​ចូសេ​គឺជា​អ្នក​អាជីព​ពិតៗ ដែល​បាន​បង្ហាញ​ភាព​អត់ធន់​ខ្លាំងក្លា​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​។ ក្នុង​កម្រិត​បុគ្គល​ផ្ទាល់ខ្លួន​ខ្ញុំ​រីករាយ​នឹង​ធ្វើការ​ជាមួយ​គាត់​ហើយ​សោកស្តាយ​ដែល​អ្វីៗ​មិន​បាន​ជោគជ័យ​​ដូចដែល​យើង​ទាំងពីរ​បាន​ប្រមើលមើល​”​។​

​គ្រូបង្វឹក​របស់ Leipzig គឺ​លោក ជូ​លៀន ណា​ហ្គែល​ស្មាន់ គឺជា​អ្នក​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ដើម្បី​ជំនួស​លោក​ម៉ូ​រី​ញ៉ូ ខណៈ​អ្នក​ចាត់ការ​ទូទៅ​របស់ Leicester លោក ប្រេន​ដាន់ រ៉ូ​ជើ ក៏​ជា​បេក្ខជន​ប្រជែង​ផងដែរ​៕

​លោក ចូសេ ម៉ូ​រី​ញ៉ូ​ត្រូវ Tottenham បណ្តេញ​ចេញ​ហើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular