Home ព័ត៌មានជាតិ សង្គម ក្រសួង​ការងារ...

ក្រសួង​ការងារ នឹង​រៀបចំ​ទិវា​ជាតិ​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១ នៅ​ថ្ងៃទី​១៥ ខែមិថុនា​

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង នឹង​រៀបចំ​ទិវា​ជាតិ​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “TVET ធ្វើឱ្យ​ជំនាញ កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​” នឹងត្រូវ​រៀប ចំ​ឡើង នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ការងារ បានឱ្យដឹងថាៈ ការរៀបចំ​ទិវា​នេះ​ឡើង ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់ នៃ​ការអប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ និង​ជំរុញ​ការអភិវឌ្ឍ កម្លាំង​ពលកម្ម​ជំនាញ ប្រកបដោយ​គុណភាព និង ប្រសិទ្ធភាព ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ ទីផ្សារការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​

​ជាមួយគ្នានេះ ក្រសួង​បានឱ្យដឹង​ដែរ​ថាៈ ដើម្បី​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​នឹង​រៀបចំ ផលិត​ឯកសារ រូបភាព និង​វីដេអូ​ផ្សេងៗ សម្រាប់ធ្វើ​ការផ្សព្វផ្សាយ នៅតាម​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​បណ្តាញ សង្គម​នានា នៅក្នុង​ថ្ងៃ​ទិវា​ជាតិ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១ នេះ (​ឈ្មោះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ២ ដែល​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​៖ ១. ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង .TVET-News)​។​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង ទៅកាន់​នាយកដ្ឋាន​ព័ត៌មាន ទីផ្សារការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមាន​អាសយដ្ឋាន ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​តាមរយៈ​លេខ ទូរស័ព្ទ ០១៧ ៧៤៧ ៧៧៣ / ០៩៨ ៩៨៧ ៧៧៩ / ០៦១ ៧៧៧ ៦៣៧ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular