Home ព័ត៌មានអន្តរជាតិ មន្ត្រី​ចិន​ន...

មន្ត្រី​ចិន​នៅ​វេទិកា​បូ​អាវ​និយាយថា ចម្រុះ​ភាព​នៃ​សេដ្ឋកិច្ច​គឺជា​ចំណុច​ខ្លាំង​ប៉ុន្តែ​ក៏​អាច​ជា​ឧបសគ្គ​សម្រាប់ RCEP ផងដែរ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​មន្ត្រី​និង​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​វេទិកា​បូ​អាវ (Boao) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​មេសា​ថា ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផ្សេងៗ​គ្នា​របស់​បណ្តា​ប្រទេស​នៅក្នុង​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នឹង​បង្ហាញ​ឱ្យឃើញ​ពី​ការ​ប្រឈម​ដ៏​សំខាន់​សម្រាប់​អ្វី​ដែល​គ្រោង​នឹង​ក្លាយ​ជា​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ពិភពលោក​។

​ចិន អូស្ត្រាលី ជប៉ុន នូវែ​លសេ​ឡង់ កូរ៉េ​ខាងត្បូង​និង​រដ្ឋ​អាស៊ាន​ទាំង ១០​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​កាលពី​ខែវិច្ឆិកា​ហើយ​សិង្ហ​បុរី​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ផ្តល់​សច្ចាប័ន​​លើ​វា​កាលពីដើម​ខែ​នេះ​។​

​ប្រធាន​នាយកដ្ឋាន​ពន្ធគយ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​លោក ខាយ ឈៀង និយាយថា កិច្ចព្រមព្រៀង RCEP​គឺ​គួរឱ្យ​ចាប់អារម្មណ៍​ដោយសារតែ​មាន​សេដ្ឋកិច្ច​ជាច្រើន​ចូលរួម​រាប់​ចាប់ពី​ប្រទេស​មាន​សេដ្ឋកិច្ច​​អភិវឌ្ឍន៍​រហូតដល់​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​ប៉ុន្តែ​នេះ​ក៏​ជា​ការ​ប្រឈម​ផងដែរ​នៅពេល​គោលនយោបាយ​ពាណិជ្ជកម្ម​ចូល​ជា​ធរមាន​។​

​លោក​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​វេទិកា​ស្តីពី​ទស្សនវិស័យ​និង​ឥទ្ធិពល​របស់ RCEP នៅ​ឯ​វេទិកា​ជាន់ខ្ពស់​ដែល​ប្រមូលផ្តុំ​ដោយ​អ្នកសិក្សា​ស្រាវជ្រាវ មន្ត្រី​រដ្ឋាភិបាល​និង​នាយក​ប្រតិបត្តិ​អាជីវកម្ម​នៅ​លើ​កោះ​​ត្រូពិច​បូ​អាវ​នៃ​ខេត្ត​ហៃ​ណាន​។​

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន ភីង​គ្រោង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​ចំនួន​នៅឯ​សម័យប្រជុំ​ពេញអង្គ​ដែល​នឹង​បើក​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ក្នុងអំឡុង​វេទិកា RCEP លោក​ខាយ​បាន​ផ្តល់​អនុសាសន៍​ថា ប្លុក​នេះ​ត្រូវ​កំណត់​អត្ត​សញ្ញា​ខ្លួនឯង​ដោយ​ផ្តោត​គោលដៅ​របស់​ខ្លួន​លើ​ការគាំទ្រ​ការអភិវឌ្ឍ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

​ប៉ុន្តែ​អគ្គលេខាធិការ​ស្តីទី​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍​លោកស្រី អ៊ី​សា​បែ​ល ឌួ​រ៉ាន​និយាយ​ថា​នឹង​មាន​អ្នកឈ្នះ​និង​អ្នកចាញ់​នៅក្នុង​ប្លុក​ពាណិជ្ជកម្ម​ទាំងអស់​។​

​លោក​ស្រី​និយាយថា “​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា​វា​ជា​ស្ថានភាព​ឈ្នះ​-​ឈ្នះ​សម្រាប់​ទាំងអស់គ្នា​”៕

​កិច្ចព្រមព្រៀង RCEP គឺ​គួរឱ្យ​ចាប់អារម្មណ៍​ដោយសារតែ​មាន​សេដ្ឋកិច្ច​ជាច្រើន​ចូលរួម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular