Home ព័ត៌មានអន្តរជាតិ សហភាព​អឺរ៉ុប​...

សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​របប​យោធា​មី​យ៉ាន់​ម៉ា​១០​នាក់ និង ក្រុមហ៊ុន​ចំនួន​២

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមមន្ត្រី​អឺរ៉ុប​បាន​និយាយថា សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩ មេសា​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​ភូមា​ចំនួន ១០​នាក់​និង​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ពាក់ព័ន្ធ​នឹង​យោធា​​ដែល​ធ្វើ​រដ្ឋប្រហារ​និង​ការបង្ក្រាប​បង្ហូរឈាម​ទៅលើ​ក្រុម​បាតុករ​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក ហី​កូ ម៉ាស់ និយាយថា “​របប​យោធា​កំពុង​បន្ត​វិថី​ហិង្សា​របស់ខ្លួន​និង​ដឹកនាំ​ប្រទេស​ឈាន​ដល់​រក​ទីបញ្ចប់​។​ដូច្នេះហើយ​ទើប​យើង​បង្កើន​សម្ពាធ​ដើម្បី​នាំ​កង​​ទ័ព​ចូលមក​តុ​ចរចា​”​។​

​លោក​បាន​បន្ថែមថា “​ក្រៅពី​ចុះបញ្ជី​បុគ្គល​ទាំងនេះ សហគ្រាស​សេដ្ឋកិច្ច​ចំនួន​ពីរ ដែល​រួមចំណែក​ដល់​យោធា ក៏​រង​ផលប៉ះពាល់​ផងដែរ​”​។​

​ក្រុម​អ្នកការទូត​អឺរ៉ុប​បាន​និយាយ​ថា​ក្រុមហ៊ុន​ទាំងពីរ​ដែល​ត្រូវបាន​បង្កក​ទ្រព្យសម្បត្តិ​និង​ហាមឃាត់​ទិដ្ឋ​ការគឺ​ក្រុមហ៊ុន​សាជីវ​កម្ម​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា (MEC) និង ក្រុមហ៊ុន​មី​យ៉ាន់​ម៉ា​សេដ្ឋកិច្ច​ហូល​ឌី​ង (MEHL) ដែល​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​រួមមាន​ពាណិជ្ជកម្ម ស្រា បារី​និង​ទំនិញ​ប្រើប្រាស់​។​

​ក្រុម​មន្ត្រី​ការទូត​និយាយថា​ពួក​មន្ត្រី​ដែល​ជាប់​ទណ្ឌកម្ម​ភាគច្រើន​ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​កាន់​អំណាច​ដែល​គេ​មើលឃើញ​ថា​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​វិធានការ​នានា ដែល​នឹង​ចូល​ជា​ធរមាន​នៅពេលដែល​ពួក​វា​ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប បាន​កើត​ឡើង​បន្ទាប់ពី​ប្លុក​នេះ​បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​មេដឹកនាំ​​របប​យោធា​លោក​មីង អ៊ុង​ហ្លាំង​និង​មន្ត្រីជាន់ខ្ពស់ ១០ នាក់​ផ្សេង​ទៀត​កាលពី​ខែ​មុន​ជុំវិញ​ការដណ្តើម​អំណាច​និង​ការបង្ក្រាប​ដ៏​បង្ហូរឈាម​លើ​ការតវ៉ា​៕

​យោធា​ភូមា​បង្កើន​ការបង្ក្រាប​អ្នកប្រឆាំង ក្រោយ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular