Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវជាតិ​លេខ​៤

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា​នេះ បាន​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ស្ងួន​ពេជ្រ និង​អូ​ដឹ​ម ក្នុង​សង្កាត់​កំបូល​ខណ្ឌ​កំបូល ដើម្បី​ពង្រឹងកម្លាំង​ដែល​បាននិងកំពុង​ឈរជើង​នៅ​គោលដៅ​នោះ អោយមាន​ភាពរឹងមាំ​និង​ម៉ឺងម៉ាត់​បំផុត ជុំវិញ​ការអនុវត្ត សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​១៤​ថ្ងៃ ឱ្យ​ទទួលបាន​ជោគជ័យ ពោល​គឹ​កាត់ផ្តាច់​អោយបាន​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​។

​លោក​ឃួ​ង ស្រេង ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នៅមុខ​វត្ត​ស្ងួន​ពេជ្រ បាន​ណែនាំ​អោយ​អាជ្ញាធរ និង​កងកម្លាំង ដែល​ឈរជើង​នៅ​ទីនោះ សម្រួល​ចរាចរណ៍​ចំពោះ​យានយន្ត ដែលមាន​សិទ្ធិ​ក្នុងការ​ឆ្លងកាត់​អោយបាន​លឿន ជៀសវាង​ការកកស្ទះ​ចរាចរណ៍ ។​

​លោក​បាន​ណែ​នាំទៅ​អាជ្ញាធរ​ខណ្ឌ​កំបូល​ថា ចំពោះ​រថយន្ត ដែលមាន​សិទ្ធិ​អាច​ចេញ​បាន ពិសេស​រថយន្ត​កុង​ទី​ន័​រ​ឱ្យ​ចេញពី​ក្រៅ​ក្រុង​ទៅ ។​ចំពោះ​រថយន្ត​ចូល​ក្រុង ត្រូវ​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ ពោលគឺ អោយចូល​តែ​ចំពោះ​រថយន្ត​ដឹក​គ្រឿងឧបភោគ​បរិភោគ និង​ត្រូវ​នាំ​ណែនាំ​អោយ​ពួកគាត់​ដឹក ចូល​ពេលយប់ ។​ចំពោះ​រថយន្ត​ទេសចរណ៍​គឺ​អោយ​ពួកគាត់​ត្រឡប់ក្រោយ​វិញ ។ តែបើ​ពួកគាត់​នៅតែ​រឹងទទឹង មិន​ព្រម​ស្រាប់​តាម​ការណែនាំ យើង​ត្រូវធ្វើ​ការត្រួតពិនិត្យ ហើយ​បើ​ពិនិត្យ​ទៅ មិនមាន​ឯកសារ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើដំណើរ ក្នុងអំឡុង​បិទ​ខ្ទប់​នេះ​ទេ គឺ​ត្រូវ​ឃាត់ទុក​ហើយ​ពិន័យ​ទៅតាម​ច្បាប់ ទើប​អោយ​ពួកគាត់​ត្រឡប់ក្រោយ​វិញ​។​

​លោក​ឃួ​ង ស្រេង ក្នុងអំឡុង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ លោក​តែង​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ចាក​ចេញពីផ្ទះ​អោយសោះ បើ​មិនមាន​ការងារ​ចាំបាច់​ឬ​បន្ទាន់​ផ្សេងទៀត​ទេ ពោលគឺ​ត្រូវ​ស្តាប់​និង​អនុវត្ត​អោយបាន​ល្អ​ទៅតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​រួមគ្នា​បំបាត់​ការឆ្លង​ជំងឺ covid-19​ឱ្យបាន ក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular