Home ព័ត៌មានសំខាន់ៗ វី​វរហើយ ថ្ងៃ...

វី​វរហើយ ថ្ងៃនេះ​ឥណ្ឌា​ស្លាប់​ជាង​២​ពាន់​នាក់​និង​ឆ្លង​ជិត​៣០​ម៉ឺន​នាក់​

ប្រែ​សម្រួលៈ​វាសនា​/​ញូ​វ ដែ​ល្លី​៖​ការផ្ទុះកូ​វីដ​១៩​ដ៏​អាក្រក់​បំផុត​នៅ​ឥណ្ឌា​បាន​ឈាន​ដល់​កំណត់ត្រា​ឯតទគ្គ​កម្ម​ជាថ្មី​កាលពី​ថ្ងៃ​ពុធ​ទី​២១​មេសា ដោយ​អ្នកជំងឺ​កូវី​១៩​ជាង​២.០០០​នាក់​បាន​ស្លាប់​និង​២៩៥.០០០​នាក់​បាន​ឆ្លង​ថ្មី​នៅ​២៤​ម៉ោង​កន្លងទៅ នៅពេល​បណ្តា​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី​ញូ​វ ដែ​ល្លី នៅសល់​ខ្យល់​អុកស៊ីសែន​ប្រើ​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​

​ឥណ្ឌា​កំពុង​ជួប​ការផ្ទុះកូ​វីដ​១៩​ដ៏​ធំ​នៅ​រលក​ទី​២ ហើយ​វា​ត្រូវ​បាន​បន្ទោស​ចំពោះ​ច្បាប់​រដ្ឋាភិបាន​ធូ​រលុង និង​«​វីរុស​កូរ៉ូ​ណា​ប្រែ​រូបរាង​ថ្មី​»​មួយ​ដែល​បាន​បន្ថែម​ចំនួន​ឆ្លង​នៅ​ប្រទេស​នេះ​អោយ​ឡើង​ដល់​ជិត​៣,៥​លាន​នាក់​នៅក្នុង​ខែ​នេះ​តែមួយ​។​

​ទិន្នន័យ​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ពុធ​បានបង្ហាញ​ចំនួន​ឆ្លង​ថ្មី​២៩៥.០០០ និង​អ្នកជំងឺ​២.០២៣​នាក់​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​វា​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​នៅក្នុង​លោក និង​ប្រ​ហាក់ប្រ​​ហែល​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​នៅ​អាម៉េរិក​កាលពី​ខែ​មករា​។​

​ក្នុងការ​ថ្លែង​ទៅកាន់​ប្រជាជាតិ​កាលពី​យប់​ថ្ងៃ​អង្គារ នាយករដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី​បាន​និយាយថា ប្រទេស​ដែល​មាន​ប្រជាជន​១,៣​ពាន់​លាន​នាក់​នេះ​«​កំពុង​ប្រយុទ្ធ​នឹង​សង្គ្រាម​ធំ​មួយ​ជាថ្មី​។​កាលពី​ប៉ុន្មាន​​សប្តាហ៍​មុន​ស្ថានការណ៍​អាច​នៅ​គ្រប់គ្រង​បាន តែ​បន្ទាប់​មក​វីរុស​កូរ៉ូ​ណា​នៅរលក​ទី​២​នេះ​សំរុកចូល​មក​ដូច​ព្យុះ​»​។​

គ្រាន់តែខែនេះមនុស្ស៣,៥លាននាក់ឆ្លងនៅឥណ្ឌា 

​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ គេ​ឃើញ​មាន​ការជួបជុំ​ធំៗ រួម​មាន​មនុស្ស​រាប់លាន​នាក់​ចូលរួម​ពិធីបុណ្យ គុម្ព​មេ​ឡា នៅ​តាម​ដង​ទន្លេ​គង្គារ ការជួបជុំ​នយោបាយ​ព្រមទាំង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ហ៊ឹកហ៊ាក់ និង​ការប្រកួត​កីឡាគ្រិ​កខិត​(cricket )​ទល់​នឹង​ក្រុម​អង់គ្លេស​ទៀតផង​។​

​នៅទីក្រុងខ្លះរបស់ឥណ្ឌា សាច់ញាតិអ្នកជំងឺកូវីដត្រូវបង្ខំស្វែងខ្យល់អុកស៊ីសែនដោយខ្លួនឯង

ក្នុងពេល​ជាមួយគ្នា​មានការ​យឺត​យ៉ាង​ក្នុង​ការផលិត​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​និង​ខ្យល់​អុកស៊ីសែន ជាហេតុ​នាំ​អោយ​សាច់ញាតិ​អ្នកជំងឺ​ត្រូវ​ចំណាយលុយ​ទិញ​ថ្នាំ​និង​អុកស៊ីសែន​ក្នុង​តំលៃ​ខ្ពស់​នៅ​ផ្សារ​ងងឹត​។​

​អភិបាល​ក្រុង​ដែល្លី ដែល​បាន​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​កាលពី​ថ្ងៃ​អង្គារ​ក្រោយ​ប្រពន្ធ​លោក​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ បាន​សរសេរ​បង្ហោះ​កាលពី​យប់​ថ្ងៃ​អង្គារ​ថា មន្ទីរពេទ្យ​ខ្លះ​ក្នុង​ក្រុង នៅសល់​អុកស៊ីសែន​ប្រើតែ​​ប៉ុន្មាន​ម៉ោង​ទៀត​ទេ​។​

​រដ្ឋ​នៅ​ទូ​ទាំង​ឥណ្ឌា​បានដាក់​ការ​រឹតបន្តឹង រដ្ឋធានី​ដែល្លី​ត្រូវ​បិទ​ខ្ទប់​មួយ​សប្តាហ៍ ហាង​លក់ដូរ​មិន​ចាំបាច់​ត្រូវ​បិទ​នៅ​រដ្ឋ​មហា​រ៉ា​ស្ត្រា និង​រដ្ឋ​អ៊ុ​ត្តា ប្រា​ដែស​គ្រោង​បិទ​ខ្ទប់​មួយ​សប្តាហ៍​។​

​ការបិទ​ក្រុង​ដែល្លី​នាំ​អោយ​កម្មករ​ចំណាក​ស្រុក​ភ្លូក​ចេញពី​ទីក្រុង​ដ៏​ធំ​នេះ ។​អាម៉េរិក​ឥឡូវ​ណែនាំ​កុំអោយ​ពលរដ្ឋ​ខ្លួន​ធ្វើដំណើរ​ទៅ​ឥណ្ឌា នៅពេល​អង់គ្លេស​បន្ថែម​ឥណ្ឌា​ចូល​ក្នុង​បញ្ជី​ក្រហម​របស់​ខ្លួន​។​

​ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង​បាន​ជាង​១៣០​លាន​ដូស​តាំងពី​មុន​មក និង​ចាប់​ខែក្រោយ​ទៅ មនុស្សពេញវ័យ​ទាំងអស់​អាច​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩ តែ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ កំពុង​អស់​វ៉ាក់សាំង​ហើយ​ឥណ្ឌា​​បាន​ផ្អាក​នាំចេញ​វ៉ាក់សាំង​AstraZeneca​។​

​សរុប​ឥណ្ឌា​មាន​អ្នក​ឆ្លង​១៥,៦​លាន​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​លំដាប់​ទី​២​បន្ទាប់​ពី​អាម៉េរិក និង​ស្លាប់​ជាង​១៨០.០០០​នាក់​៕

​សាកសព​អ្នកជំងឺ​កូវី​ដ​ត្រូវ​បាន​បូជា​ឈាបនដ្ឋាន​មួយ​ក្នុង​ក្រុង​ដែល្លី​កាលពី​ចុង​សប្តាហ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular