Home ព័ត៌មានជាតិ សង្គម មន្ទីរពេទ្យ​ម...

មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​នឹង​ហើយ​រួចរាល់​នា​ដើមខែ​ឧសភា​

​ដោយ​: គង់​ហេង​/ កំពង់ចាម​: មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម ដែលជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ សម្រាប់​ក្របខណ្ឌ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​នោះ បច្ចុប្បន្ន​បាន​ដំណើរការ​ជួសជុល និង​កែលម្អ​បាន​ចំនួន ៨០​ភាគរយ គឺ​នឹង​ហើយ​រួចរាល់​នា​ដើមខែ​ឧសភា ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហា វិ​ន ជា​វិស្វករ​អនុវត្ត​គម្រោង​ប្លង់​ជួសជុល និង​កែលម្អ​អគារ​ជា​សណ្ឋាគារ​សម្រាប់​ទទួល​ភ្ញៀវ មកជា​អគារ​សម្រាប់​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​វិញ ដែល​បាន​ប្រាប់​ដល់​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​២១ មេសា​។​

​ជាមួយគ្នា​នោះ លោក អ៊ុន ចាន់​ដា ប្រធាន​គណ​:​កម្ម​កា​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ និង​ជា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា សូមឱ្យ​ក្រុម​ជាងសំណង់​ដែល​បម្រើ​ការជួសជុល​កែលម្អ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ប្រឹង​ប្រែ សម្រុក​ការងារ​នៅសល់​ប្រហែល ២០ ភាគរយ​ដែល​នៅសល់​នេះ ឱ្យបាន​រួចរាល់ ១០០ ភាគរយ​យ៉ាងយូរ​នៅត្រឹម​ថ្ងៃទី​១០ ឧសភា​ខាងមុខ​។​

​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម បានចាប់ផ្តើម​ដំណើរការ​ជួសជុល កែលម្អ​កាលពីដើម​ខែមេសា គឺ​ក្រោយពី​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឱ្យ​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម រៀបចំ​ជួសជុល កែលម្អ​អតីត​សណ្ឋាគារ​មេគង្គ ឱ្យ​ក្លាយជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ក្នុង​ក្របខណ្ឌ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ គឺ​ត្រៀមលក្ខណ​:​ជាស្រេច​ក្នុងករណី​ជំងឺ​កូ​វីដ ១៩ នៅតែ​បន្ត​ឆ្លង​រីក​រាលដាល​នោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular