Home ព័ត៌មានសំខាន់ៗ កន្ទុយរបស់ព្យ...

កន្ទុយរបស់ព្យុះ ស៊ូរីហ្គឺ ស្រូបខ្យល់ បក់ពីនិរតីខ្លាំង និងភ្លៀងច្រើន

ដោយៈ ប.ខុន / ភ្នំពេញៈ ឥទ្ធិពលកន្ទុយរបស់ ព្យុះទីហ្វុងស៊ូរីហ្គឺ (SURIGAE) បានស្រូបទាញ ជ្រលង សម្ពាធទាប រុញមកពីសមុទ្រឥណ្ឌា ឱ្យបង្កើនឥទ្ធិពល បង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងប្រទេសកម្ពុជា អំឡុងថ្ងៃទី២២ និង ២៣ ខែមេសា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថាៈ ព្យុះទីហ្វុ ងស៊ូរីហ្គឺ (SURIGAE) ជាព្យុះទី២ ប្រចាំឆ្នាំ២០២១ កំពុងស្ថិតនៅភាគឦសាន នៃទីក្រុងម៉ានិល ប្រទេសហ្វីលីពីន គឺជាព្យុះត្រូពិកធំជាងគេ ចាប់តាំងពីឆ្នាំ១៩៥១ មក ដោយបង្កឱ្យមានភ្លៀងធ្លាក់ច្រើន រហូត ៤០០ មីលីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោង នៅកន្លែងខ្លះ លើប្រទេសហ្វីលីពីន។

អ្នកនាំពាក្យ ក្រសួងជំនាញខាងលើ បានបញ្ជាក់ថាៈ ព្យុះកើតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើរស្របឆ្នេរខាងកើត ប្រទេសហ្វីលីពីន ទៅភាគឦសាន របស់ប្រទេសនេះ បានបង្កឱ្យមានកម្លាំង ស្រូបទាញខ្យល់ ពីទិសនិរតី ដែលកំពុងមានជ្រលង សម្ពាធទាប រុញមកពីសមុទ្រឥណ្ឌាស្រាប់ ឱ្យកាន់តែមានឥទ្ធិពលខ្លាំង បង្កឱ្យមានភ្លៀងធ្លាក់ រាយប៉ាយច្រើន នៅក្នុង ប្រទេសកម្ពុជា អំឡុងថ្ងៃទី២២ និង ២៣ ខែមេសា ហើយបន្ទាប់ពី ពីរថ្ងៃនេះ ភ្លៀងនៅតែមាន តែចុះខ្សោយទៅវិញ បន្ទាប់ពីព្យុះ បានដើរទៅឆ្ងាយ ពីប្រទេសហ្វីលីពីន។

លោក ចាន់ យុត្ថា បានឱ្យដឹងទៀតថាៈ នៅរសៀល ថ្ងៃទី២១ ខែមេសា ភ្លៀងមានធ្លាក់រាយប៉ាយច្រើន តែនៅបណ្តាខេត្ត នៃតំបន់ខ្ពង់រាប ជាប់ព្រំដែនកម្ពុជា វៀតណាម។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២០ ខែមេសា បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ  សម្រាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសាថាៈ ជ្រលងសម្ពាធទាប រុញពីសមុទ្រឥណ្ឌា បានបង្កើនឥទ្ធិពល ព្រមពេលជាមួយនឹងខ្យល់ប្រែប្រួល (Variable winds ) បក់ពីភាគខាងត្បូង និងភាគអាគ្នេយ៍ មកគ្រប លើប្រទេសកម្ពុជា ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី២៣ -២៥ អង្សាសេ, សីតុណ្ហភាព អតិបរមា មានពី ៣២-៣៤ អង្សាសេ , អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយ ទៅបង្គួរ និងក៏មានផ្នែកមួយចំនួន នៃបណ្តាខេត្ត នៅភាគខាងត្បូង និងភាគពាយ័ព្យ មានភ្លៀងធ្លាក់ច្រើន ។ 

សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា មានពី ២៣-២៥ អង្សាសេ , សីតុណ្ហភាព អតិបរមា មានពី ៣៣-៣៥ អង្សា អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ។ 

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា មានពី ២៤-២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២-៣៤ អង្សាសេ  អាចមានភ្លៀងធ្លាក់ ពីមធ្យម ទៅច្រើន។

នៅក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយមនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular