Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទំនិញបីប្រភេទ...

ទំនិញបីប្រភេទលក់នៅផ្សារលើក្រុងកំពង់ឆ្នាំងដែលបានឡើងថ្លៃកាលពីម្សិលមិញបានចុះថ្លៃមកវិញ

ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ បន្ទាប់ពីមានបុរសម្នាក់បានស្លាប់ដោយមានវិជ្ជមានកូវីដ១៩ និងបន្ទាប់ពី រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីប្រកាសបិទទីតាំងចំនួនបួនកន្លែង ក៏មានមនុស្សយ៉ាងច្រើនសម្រុកទៅទិញ ទំនិញនៅផ្សារលើក្រុងកំពង់ឆ្នាំង។ទន្ទឹមនេះទំនិញដែលជាគ្រឿងហូបចុកមួយចំនួនក៏បានឡើងថ្លៃស្រឺតៗ។

ប៉ុន្តែនៅព្រឹកថ្ងៃទី២១ ខែមេសានេះទំនិញមួយចំនួនបានចុះថ្លៃឡើងវិញបន្ទាប់ពីមានការអន្តរាគមន៍ ពីមន្ទីរ   ពាក់ព័ន្ធចំនួន ពីរនិងអាជ្ញាធរក្រុកំពង់ឆ្នាំង។

លោកយិនសាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបាននិយាយថាតាមពិតទំនិញបានឡើងថ្លៃកាលពីម្សិលមិញនេះ មានតែទំនិញបីមុខប៉ុណ្ណោះ។គឺ ពងទា ត្រីខកំប៉ុង និងមី ។ជាធម្មតា ពងទា១០គ្រាប់ មានតម្លៃត្រឹម ៤៥០០រៀល បានឡើងដល់៦.០០០រហូតដល់ ៨.០០០រៀល។ចំណែកត្រីខ កំប៉ុងក៏ឡើងថ្លៃទ្វេមួយជាពីរដង។ ចំណែកមីមួយកេសតម្លៃធម្មតា ត្រឹម២៥.០០០រៀល តែបានឡើងដល់៤០.០០០រៀល។

លោកអភិបាលក្រុងកំពង់ឆ្នាំងបន្តថា នៅព្រឹកថ្ងៃទី២១ខែមេសា ក្រោយពីទទួលការណែនាំរបស់អាជ្ញាធរខេត្ត មន្ត្រីសាលាក្រុងកំពង់ឆ្នាំងសហការជាមួយមន្ទីរពាណិជ្ជកម្មនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះបន្ទាន់ទៅធ្វើការផ្សព្វផ្សាយ និង ណែនាំដល់អាជីវករលក់ដូរមិនឱ្យឡើងថ្លៃហើយក៏ឃើញថា មានការចុះថ្លៃមកវិញខ្លះ។ ប៉ុន្តែមិនទាំងស្រុងពេកទេដោយកន្លែងខ្លះបាន ចុះថ្លៃ  កន្លែងខ្លះលក់ថ្លៃដដែល ដោយអះអាងថាគាត់ទិញថ្លៃពីដើមទី មកហើយ។ ដូចជាពងទា គាត់នៅតែលក់ក្នុងតម្លៃ១០គ្រាប់ ថ្លៃ៦.០០០រៀល ។

 អភិបាលក្រុងកំពង់ឆ្នាំងបានបន្ថែមថាមន្រ្តីក្រុមការងារមិនមែនចុះផ្សព្វផ្សាយតែអាជីវករលក់ដូរក្នុងផ្សារលើទេ យើងក៏បានចុះណែនាំនៅតាមគ្លីនិក និងកន្លែងលក់ថ្នាំ ជុំវិញផ្សារដែរ ។

 អាជីវករខ្លះបានបញ្ជាក់ថា មូលហេតុតម្លៃទំនិញចុះថ្លៃវិញគឺដោយមានការណែនាំពី អាជ្ញាធរក្រុង ។ម៉្យាង ពុំមានមនុស្សចូលផ្សារច្រើនដូចសព្វដងឡើយ ។នៅថ្ងៃនេះក្នុងផ្សារមានសភាពស្ងាត់មនុស្ស ម្ល៉ោះហើយ ទំនិញត្រូវតែចុះថ្លៃមកវិញជាធម្មតាមិនដូចម្សិលមិញមានមនុស្សសម្រុកទិញច្រើននោះទេ ។

គួរបញ្ជាក់ថា រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានសម្រេចចេញសេចក្តីប្រកាសបិទទីតាំងចំនួនបួនកន្លែង កាលពីម្សិលមិញបន្ទាប់ពីមានបុរសម្នាក់ស្លាប់ ក្នុងនោះមានទីតាំង វត្តភ្នំយោង .ទីតាំងគ្លីនិកព្យាបាលឯកជន នៅសង្កាត់ផ្សារឆ្នាំង.បរិវេណផ្សារព្រៃខ្មែរ និងភូមិព្រះរាមរង្សី ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular