Home ព័ត៌មានអន្តរជាតិ នាវាចម្បាំង​រ...

នាវាចម្បាំង​រុស្ស៊ី​ជាង ២០ គ្រឿង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ខ្មៅ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មេសា នាវាចម្បាំង​រុស្ស៊ី​ជាង ២០ គ្រឿង​បាន​ធ្វើ​សមយុទ្ធ​កង​នាវាចរណ៍​នៅ​សមុទ្រ​ខ្មៅ​ខណៈ​រូបភាព​ផ្កាយរណប​បង្ហាញ​ពី​ការបង្កើន​ចំនួន​ឧទ្ធម្ភាគចក្រ​​និង​យន្តហោះ​ចម្បាំង​ជាច្រើន​នៅ​តំបន់​គ្រីមេ​។​

​ការចេញផ្សាយ​រូបភាព​ផ្កាយរណប​នេះ​ធ្វើឡើង​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​បាន​ថ្កោលទោស​ផែនការ​របស់​រុស្ស៊ី​ក្នុង​ការបិទ​ខ្ទប់​តំបន់​គ្រី​មេ​ថា​ជា “​ការបង្កើន​ភាព​តានតឹង​មួយ​ផ្សេង​ទៀត​”​និង​ស្របពេល​ដែល​​រុស្ស៊ី​ទទូចថា​ខ្លួន​មាន​សិទ្ធិ​ក្នុងការ​រឹតត្បិត​បំលាស់​ទី​របស់​នាវា​កងទ័ពជើងទឹក​បរទេស​នៅ​ក្នុង​តំបន់ ដោយ​ទាត់​ចោល​ការតវ៉ា​ទាំង​របស់​សហរដ្ឋ​អាម៉េរិក​និង​អ៊ុ​យក្រែន​។​

​ភាព​តានតឹង​បាន​កើន​ឡើង​រវាង​ទីក្រុង​មូ​ស្គូ​និង​លោកខាងលិច​ជុំវិញ​ការ​ដែល​រុស្ស៊ី​ប្រមូលផ្តុំ​កងទ័ព​នៅ​ព្រំដែន​ខាងជើង​និង​ខាងកើត​របស់​អ៊ុយ​ក្រែន​ក៏ដូចជា​នៅ​ឧបទ្វីប​គ្រី​មេ ដែល​រុស្ស៊ី​កាត់​យក​ក្នុង​ឆ្នាំ ២០១៤ ។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវាចម្បាំង​រុស្ស៊ី​ជាង ២០ គ្រឿង​បាន​ចូលរួម​ក្នុង​សមយុទ្ធ​រួមគ្នា​ជាមួយ​យន្ដហោះ​ចម្បាំង​របស់​កងទ័ពអាកាស​កាលពី​ថ្ងៃ​អង្គារ​។​

​នាវា​ទាំងនោះ​រួម​មាន​កង​នាវា​ដឹកជញ្ជូន នាវា​បំពាក់​មី​ស៊ី​ល និង​នាវា​ប្រឆាំង​នាវាមុជទឹក និង​ត្រូវបាន​អមដំណើរ​ដោយ​ក្រុម​យន្តហោះ​ចម្បាំង​ដែល​ហោះ​ក្នុង​រយៈកម្ពស់​ទាប​បំផុត​ក្នុងស្ថានភាព​អាកាស​​ធាតុ​ដ៏​ពិបាក​។​

​ក្រសួង​ការពារ​ជាតិ​ក៏​និយាយ​ផងដែរ​ថា យន្ដហោះ​ចម្បាំង​ជាង ៥០ គ្រឿង​បាន​ចល័ត​ទី​ទៅកាន់​តំបន់​គ្រីមេ ហើយ​រូបភាព​ផ្កាយរណប ដែល​ផ្តិត​ពី​លើ​មូលដ្ឋាន​ទ័ពអាកាស​ទាំង​ពីរ​របស់​តំបន់​គ្រីមេ គឺ​មូលដ្ឋាន គី​រ៉ូវ​ស្កូ​យ៉េ និង សា​គី ហាក់​បញ្ជាក់​ពី​ការលើកឡើង​នេះ​។​

​រូបភាព​ទាំងនោះ​បាន​បង្ហាញ​ឧទ្ធម្ភាគចក្រ​យោធា​និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​រុស្ស៊ី​កំពុង​ចត​នៅលើ​ផ្លូវរ​ត់​នៅ​ថ្ងៃទី ១៤, ១៦ ខែ​មេសា និង​មុននេះ​នៅឯ​អាកាសយានដ្ឋាន​ម៉ូ​រ៉ូ​ហ្សូ​វរ​បស់​រុស្ស៊ី​​កាលពី​ខែ​មុន​៕

នាវាចម្បាំង​រុស្ស៊ី​ជាង ២០ គ្រឿង​បាន​ចូលរួម​ក្នុង​សមយុទ្ធ​រួមគ្នា​ជាមួយ​យន្ដហោះ​ចម្បាំង​របស់​កងទ័ពអាកាស​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular