Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០២១

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ក្នុង​ខែមេសា​នេះ លោកអ្នក​អាច​ប្រកបការងារ​តូចធំ ដោយ​ទទួល​នូវ​ផល​គ្រាន់​គាប់ប្រសើរ ។​អំឡុងពេល​នេះដែរ​ដំណើរ​ជីវិត​មាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​រឿង​ផ្ទាល់ខ្លួន ប្រាក់កាស ឬ សូម្បីតែ​ជា​កិច្ចការងារ​ក៏ដោយ​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​តស៊ូ​ប្រលងប្រជែង​ជាមួយ​អ្នកដទៃ​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​តិច​ទៀតផង​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ត្រឹមត្រូវ​ក្រែង​ភ្លាំងភ្លាត់​ជាប់ផុង​ដកខ្លួន​មិន​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​វិញ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​គោ ក្នុង​ខែមេសា​នេះ​ទទួលផល​លំបាក​ច្រើន ពិសេស​ការ​ហត់នឿយ​ឃើញថា​ច្រើន​ចាប់​តាំងតែ​ពី​ដើមខែ​រហូតដល់​ចប់​ខែ​នេះ​តែម្តង​។​សម្រាប់​បុរស​ទទួលរង​ផល​លំបាក​ច្រើនជាង​ស្ត្រី​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​លក្ខណៈ​ពេញដៃ​ជើង និង មានជោគ​ជ័យ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់ និង ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​គ្រាន់​បាន​មួយ​ចាយវាយ​ទប់ទល់​ដែរ ។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​នៅ​ខែ​នេះ​ដួង​រាសី​ល្អជា​មធ្យម ប៉ុន្តែ​នៅពេល​ឆ្លង​ដល់​ខែឧសភា​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​នាំឱ្យ​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស និង មាន​បញ្ហា​មិនល្អ​មួយចំនួន​ចូល​យាយី​។​ការប្រកប​ការងារ​ជួប​នូវ​រឿង​រាវ​ឧបទ្រព ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះថ្នាក់​ការងារ​ណាមួយ​ឈាន​ចូលមក​កើត​។​អ្នកធ្វើ​ជំនួញ​ជួប​ស្ថានភាព​លំបាក​ដោយសារ​ចំណូល​នោះ​តានតឹង​រាប់​រាយ​ជំពូក ឯ​ចំណាយ​វិញ​ធូរ​ដូច​ទឹក​ហូរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ងាយ​បង្ក​ការ​កំហុស ឯ​ភាគី​ម្ខាង​ទៀត​ងាយ​ផ្ទុះ​កំហឹង​នាំឱ្យ​កើត​តែ​បញ្ហា​សៅហ្មង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​មិនសូវ​សប្បាយចិត្ត អ្នកខ្លះ​ទទួលដំណឹង​គួរឱ្យ​តក់ស្លុត ឬ​អ្នក​ខ្លះទៀត​អាច​ទទួលដំណឹង​អាក្រក់​ណាមួយ​ផង​។​ការប្រកប​ការងារ​ទីជិត​ឆ្ងាយ​របស់​លោកអ្នក ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ និង គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​អន់ថយ ហើយ​បើ​ចង់​ដាក់ទុន​តូចធំ​តែង​ជួប​ផល​លំបាក និង មិនសូវ​ទទួលជោគជ័យ​ឡើយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំរោង​នៅសល់​មិន​ដល់​១០​ថ្ងៃ​ទៀត​ទេ​នឹង​ឈានចូល ខែ ឧសភា ដែលជា​ខែ​ដួង​រាសី​ល្អជា​មធ្យម ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​បន្តិច​វិញ​។​សម្រាប់​ខែមេសា​នេះ​ដួង​រាសី​ខ្ពស់ត្រដែត បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ហុច​លទ្ធផល​គ្រាន់​ពេញចិត្ត​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​សម្រាប់​ខែមេសា​នេះ​ដួង​រាសី​បុរស​កើត​ឆ្នាំម្សាញ់​មិនល្អ​ទេ​ពោលគឺ​តែងមាន​ឧបសគ្គ​ចូល​រារាំង និង មាន​បញ្ហា​ច្រើន​ចូល​យាយី នាំ​ពិបាក​ឆ្លងកាត់​ផងដែរ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច ហើយ​ពិសេស​បើ​មានការ​លំបាក​អ្វី​ដោះស្រាយ​តែង​សម្រេច​ជោគជ័យ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​យាយី​បន្តិច​ពីព្រោះ​ងាយ​កើតមាន​ផង​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​ងាយ​កើតឡើង​ណាស់ ម្ល៉ោះហើយ​គប្បី​រក្សា​ភាព​ស្ងប់ស្ងៀម​បន្តិច​ទើប​ប្រសើរ​។​លោកអ្នក​មានដំណើរ​ជីវិត​តែង​ជួប​សភាព​តានតឹង​និង​ជួប​បញ្ហា​ឧបសគ្គ​ច្រើន​ត្រូវ​ឆ្លងកាត់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ការរក​ផល​ចំណូល​ជួប​ការលំបាក ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ងាយ​ថយក្រោយ ហើយ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ឈានដល់​ទាំង​ការបែកបាក់​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ទៅណា​មក​ណា​ឆ្ងាយ​ឡើយ ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ផង​។​ក្រៅពីនេះ​លោកអ្នក​ក៏​ងាយ​មាន​អារម្មណ៍​ផ្ទុះ​កំហឹង​នាំ​កើតជា​រឿង​រាវ​ដាក់ខ្លួន​ថែមទៀត​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ លោកអ្នក​ត្រូវ​រៀបចំ​ការងារ​របស់ខ្លួន​ឱ្យបាន​ល្អ​នោះ ផ្លែផ្កា​នឹង​ហុច​ឱ្យ​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​អ្នក​អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយសារ​អតិថិជន​មាន​តិច​តែ​ការ​ប្រជែង​គ្នា​កាន់តែ​ស្រួចស្រាល់​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ស្វា​ឈានចូល​ខែក្រោយ​ដែលជា​ខែឧសភា​ដួង​រាសី​ឡើង​ខ្ពស់​ធ្វើឱ្យ​ដំណើរ​ជីវិត​ល្អប្រសើរ​រយៈពេល​យូរ​តែម្តង​។​សម្រាប់​កិច្ចការងារ​វិញ​ទោះបី​មានការ​រាំងស្ទះ​និង​កើត​បញ្ហា​ខ្លះ​ក្តី ប៉ុន្តែ​លោកអ្នក​បើ​មានការ​ប្រឹងប្រែង​ដោះស្រាយ​ក៏​តែង​អាច​ឆ្លងកាត់​បាន​យ៉ាង​ងាយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុននឹង​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​ហើយ​មក​សោកស្តាយ​នៅពេល​ក្រោយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទាំង​គំនិត អារម្មណ៍​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​គឺ​ងាយ​ភ្លាំងភ្លាត់ និង ចាញ់បោក​គេ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​ផល​លំបាក​ទាំង​កាយ និង ចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​តែ​យ៉ាងណា​ការចំណាយ​នៅតែ​ខ្ពស់​ធ្វើឱ្យ​ជួប​ផល​លំបាក​ត្រូវ​រែកពន់​មាន​ច្រើនណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ ហើយ​បញ្ហា​ដែល​ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល​និង​កិច្ច​ការដែល​ប្រទាំង​ប្រទើស​ក៏​ចាប់ផ្តើម​ស្ងប់​សុខ​ឡើងវិញ​។​ការប្រកប​ការងារ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​ដែរ​។​ការធ្វើ​ជំនួញ​មិន​ថា​ដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​តោង​តែ​ចងចាំ​ថា​ឆ្លង​ដល់​ខែ ឧសភា​ដួង​រាសី​ស្រុតចុះ​ខ្លាំង ម្ល៉ោះហើយ​បើ​មាន​កិច្ច​ការសំខាន់​អាចធ្វើ​នៅ​ខែ​នេះ​បាន​ហើយ ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​នោះ​ក៏មាន​ច្រើន​។​ដោយឡែក​នៅថ្ងៃនេះ​កិច្ចការងារ តែង​ជួប​សភាព​តានតឹង​និង​ជួប​បញ្ហា​ឧបសគ្គ​ច្រើន​ត្រូវ​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ងាយ​ថយក្រោយ ហើយ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ឈានដល់​ទាំង​ការបែកបាក់​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular