បុរស ២ នាក់ ដែល​បើករថយន្ត​ឡាយ​វីដេអូ ផឹកស្រា​បៀរ ត្រូវ​សមត្ថកិច្ច ណែនាំ​អប់រំ និង​ផាកពិន័យ ក្នុង​ម្នាក់ ៥ លាន​រៀល

ដោយ​៖ ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស ២ នាក់ ដែល​បើករថយន្ត ឡាយ​វីដេអូ ផឹកស្រា​បៀរ ដែល​ផ្ទុយ​នឹង​មាត្រា​ទី​១០ នៃ​ច្បាប់​ប្រឆាំង​កូ​វីដ ១៩ បាន​ចូលខ្លួន​សារភាព​កំហុស ធ្វើ​កិច្ចសន្យា ណែនាំ​អប់រំ និង​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ផាកពិន័យ ក្នុង​ម្នាក់ ៥ លាន​រៀល​។​

​ដោយ​អនុវត្តតាម​បទបញ្ជា​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរ​ជាតិ និង​បទបញ្ជា ដោយផ្ទាល់​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ក្រុម​កា​ងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានធ្វើការ​ស្រាវជ្រាវ រហូតដល់​ឈានទៅដល់ ការកំណត់ អត្តសញ្ញាណ ជន​ទាំង​ពីររូប ដែល​បាន​បើក​រថយន្ត ឡាយ​ផឹកស្រា​បៀរ​ដែល​ល្មើស ទៅនឹង​មាត្រា​ទី​១០ នៃ​ច្បាប់​ប្រឆាំង​ការឆ្លងរាលដាល វីរុស​កូ​វីដ​១៩ (​បទ​មិន​គោរព​វិធានការ​រដ្ឋបាល​) ​ដែល​ត្រូវ​ផ្តន្ទាទោស ជា​ពិន័យ​អន្តរការណ៍ ពី ១​លាន ទៅ ៥លាន​រៀល ។​

​នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ធ្វើ​ការកោះហៅ បុរស​ទាំងពីរ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ នៅ​ស្នងការដ្ឋាន​នគ​បាល រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ បុរស ២ នាក់ ឈ្មោះ ហួ ធឹ​ម ភេទ​ប្រុស កើត​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​១៩៩៧ មុខរបរ ធ្វើការ​ក្រុមហ៊ុន​អចលនទ្រព្យ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ ២៦BT សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​បេ​ី​កបរ​រថយន្ត និង​អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ​ប្រុស កើត​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៩៣ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល​គ្មាន​លេខ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បាន​ថត​ឡាយ​វីដេអូ ក្នុង​បណ្តាញ​សង្គម TikTok អំពី​សកម្មភាព ផឹក​គ្រឿង​ស្រវឹង ពេល​កំពុង​បើកបរ ដែល​ល្មើស​ទៅនឹង​ច្បាប់ មិន​គោរព​វិធានកា​រដ្ឋបាល (​មាត្រា​ទី​១០ នៃ​ច្បាប់​ប្រឆាំង​កូ​វីដ​១៩ ) ។ នេះ​ជា​ទង្វើ​ដ៏អាក្រក់​មួយ ដែល​មិនគួរ​នឹង​យក​គំរូ​តាម​នោះទេ ។​

​រហូតមកដល់​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ បុរស​ទាំង ២ រូប​ខាងលើ​បាន​ចូលខ្លួន មក​ទទួលកំហុស ធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ ដើម្បី​សុំទោស​ជា​សាធារណៈ នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ នឹង​បាន​សន្យាថា ឈប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង ដែល​សង្គម​ស្អប់ខ្ពើម បែបនេះ​ទៀតហើយ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular