Home ព័ត៌មានសំខាន់ៗ ក្រសួងសាធារណក...

ក្រសួងសាធារណការជួយឧបត្ថម្ភសាជីចរាចរណ៍និងរនាំងសុវត្ថិភាពដល់អគ្គស្នងការនគរបាលជាតិ សម្រាប់ប្រើប្រាស់នៅគោលដៅត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងអំឡុងពេលការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ

ដោយៈសុផល/ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១មេសាបានផ្តល់ជូននូវសម្ភារៈមួយ ចំនួន រួមមាន៖ សាជីចរាចរណ៍ចំនួន៦០០ និងរនាំងសុវត្ថិភាពចំនួន៥០០ផ្ទាំងដល់អគ្គស្នងការនគរ បាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីសម្រួលដល់ការអនុវត្តភារកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ ឬអាជ្ញាធរ មានសមត្ថកិច្ច ដែលកំពុងអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងរាជធានី ភ្នំពេញ និងតាមបណ្តារាជធានី-ខេត្តមួយចំនួនផងដែរ។

ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់មេត្តាចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង តាខ្មៅ ខេត្តកណ្ដាល គោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមគោរពច្បាប់ ចរាចណ៍ផ្លូវគោក ជាពិសេសស្តាប់តាមការណែនាំរបស់មន្ត្រីនគរបាលចរាចរណ៍ ឬអាជ្ញាធរមូលដ្ឋាននៅ ក្នុងគ្រាដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីយើងឆាប់បានវិលត្រឡប់ទៅរកជីវភាពប្រកបដោយប្រក្រតីភាពឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗក្នុងពេលខាងមុខនេះ។

សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង តាខ្មៅ ខេត្តកណ្តាលជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសា ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular