Home ព័ត៌មានសំខាន់ៗ មនុស្ស​ជិត ២០...

មនុស្ស​ជិត ២០០ នាក់ នៅ​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ពារាំង ដែល​ពាក់ព័ន្ធ​នឹង​កម្មការិនី រោងចក្រ​កាត់ដេរ​ម្នាក់ នៅ 7NG ត្រូវយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយ​៖ ស​រិ​ទ្ធ / កណ្ដាល​៖ បន្ទាប់ពី​រកឃើញ កម្មការិនី​ម្នាក់ ដែល​ធ្វើការ​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល មាន​វិជ្ជមាន​ជំងឺ កូ​វីដ​១៩ នោះ អាជ្ញាធរ ក៏បាន​សហការគ្នា​ស្រាវជ្រាវ រកឃើញ​អ្នកពាក់ព័ន្ធ ដោយផ្ទាល់ និង​ប្រយោល ប្រមាណ​ជិត ២០០ នាក់ ដោយបាន​យក​សំណាក និង​ដាក់​ឱ្យធ្វើ ច​ត្តា​ឡី​ស័ក ទាំងអស់គ្នា ខណៈ​អ្នកខ្លះ​ធ្វើការ – រស់នៅ ក្នុងស្រុក​ខ្សាច់កណ្ដាល ហើយ​អ្នក​ខ្លះទៀត រស់នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ដែលជា​ស្រុកកំណើត របស់​កម្មការិនី មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​នោះ​។​

​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​ថ្លែងប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ​ថា កម្មការិនី​រូបនេះ មានឈ្មោះ ឌឿ​ន ច​ន្ធា អាយុ ២២ ឆ្នាំ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Starlight apparel manufacturing co.,ltd ។ កាលពី​ថ្ងៃទី​១៣ ខែមេសា បាន​ទៅលេង​ស្រុកកំណើត នៅឯ​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ហើយ​ត្រឡប់មកវិញ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​។​

​ពេល​កម្មការិនី ឌឿ​ន ច​ន្ធា ចូលមក​ធ្វើការ​វិញ បុគ្គលិក​សន្តិសុខ ក្នុង​រោងចក្រ​ខាងលើនេះ ក៏បាន​វាស់​កម្ដៅ កម្មការិនី​រូបនេះ ហើយក៏​ឃើញ​កម្ដៅ​ឡើងដល់ ៣៨ អង្សា​សេ​។ ដោយ​មើលទៅ​ឃើញ​អាកា​រៈ​ដូច​មិនសូវ​ស្រួលខ្លួន សន្តិសុខ​ដដែល​នោះ ក៏​មិនទាន់ អនុញ្ញាត ឲ្យ​ចូលធ្វើការ​ទេ គឺ​ត្រូវ​រង់ចាំ​នៅ​ខាងក្រៅ​សិន​។ ភ្លាមនោះ ខាង​រដ្ឋបាល ក្នុង​រោងចក្រ ក៏បាន​ទាក់ទង​មក អាជ្ញាធរ ឲ្យ​បាន​ដឹងឮ រីឯ​កម្ម​ការ​នី ឌឿ​ន ច​ន្ធា ក៏បាន​ត្រឡប់ ទៅ​ស្រុក​វិញ បាត់ទៅ​។​

​លោក ប៊ុន ផេង បាន​បន្តថា បន្ទាប់ពី​ទទួលដំណឹង​នេះ​ភ្លាម អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល បាន​ទាក់ទង​ទៅ អាជ្ញាធរ​ស្រុក​ពារាំង ខេត្តព្រៃវែង ដើម្បី​សហការគ្នា លើ​ការគ្រប់គ្រង ដំណើរ​របស់​កម្មការិនី ឌឿ​ន ច​ន្ធា និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​ចាត់វិធានការ សុខាភិបាល និង​យក​សំណាក ទៅពិនិត្យ​ជាបន្ទាន់​។ ជា​លទ្ធផល កម្ម​ការ​នី​រូបនេះ ពិត​ជាមាន​វិជ្ជមាន​កូ​វីដ​-១៩ ពិតមែន ហើយ​ត្រូវដាក់​ឲ្យ​សម្រាក​ព្យាបាល នៅឯ ខេត្តព្រៃវែង​។​

​ជាមួយគ្នា​នោះ អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល ក៏បាន​រកឃើញ​ក្រុម​កម្ម​ការ​នី រោងចក្រ កាត់ដេរ Starlight apparel manufacturing co.,ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG រាប់​តាំងពី​អ្នក​ជិះឡាន​ជាមួយគ្នា សរុប​ចំនួន ៨៨ នាក់ ដែល​បាន​ពាក់ព័ន្ធ​នឹង កម្មការិនី ឌឿ​ន ច​ន្ធា ខាងលើ​នោះ ហើយ​ពេលនេះ ត្រូវបាន​យក​សំណាក រួចរាល់ និង​ដាក់​ឲ្យ ធ្វើ​ច​ត្តា​ឡី​ស័ក ទាំងអស់គ្នា​។​

​ចំណែក​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បានឱ្យដឹងថា អាជ្ញាធរ​ស្រុក​ពារាំង​បាន​រក ឃើញថា អ្នក​ដែល​បាន​ប៉ះពាល់ ដោយផ្ទាល់ និង​ប្រយោល​កម្ម​ការ​នី ឌឿ​ន ច​ន្ធា សរុប ៩៣ នាក់ ក្នុងនោះ​កម្មករ​កាត់ដេរ ៦៣ នាក់ ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សាលា រៀន នៃ​ស្រុក​ពារាំង និង​ពលរដ្ឋ ៣០ នាក់​ទៀត កំពុង​ដាក់​ឲ្យ​ធ្វើ ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ ដែល​មានការ​យាមកាម ដោយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular