ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែមេសា កងកម្លាំង​នគរបាល​បាន​រិត​បន្តឹង​ខ្លាំង​លើ​ពលរដ្ឋ ល្មើស​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ពិសេស​នៅ​តំបន់​ក្រហម​នៅ​ភ្នំពេញ​។​

​ទន្ទឹមនឹង​វិធានការ​ក្តៅ​របស់​អាជ្ញាធរ​សមត្ថ​កិច្ច​ដូច្នេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ក្រសួងមហាផ្ទៃ​ក៏បាន​ចេញ​សារលិខិត​មួយ ផ្ញើជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​ចៀសវាង​អំពើហិង្សា និង​រក្សា​ភាព​អត់ធ្មត់ ទោះ​ជួប​ការលំបាក ក្នុងការ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ នាពេលនេះ​ក៏ដោយ​។

​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​នគរបាល​បន្ត​យកចិត្តទុកដាក់ បំពេញភារកិច្ច​ប្រកបដោយ​ការអត់ធ្មត់ ប្រកាន់ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់​និង​ត្រូវគោរព​គោល​កាណ៍ នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​កងកម្លាំង​ឲ្យ​បានជា​ដាច់ខាត​ជាពិសេស​ត្រូវ​ចៀសវាង​ការប្រើប្រាស់​អំពើហិង្សា​ក្នុងការ​ដោះស្រាយ​បញ្ហា នៅពេល​អនុវត្ត​រាល់​បទបញ្ជា ឬ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​។

​ភ្លាមៗ ក្រោយ​ការចេញផ្សាយ​សារលិខិត​សម្ដេច​ក្រឡាហោម កាលពី​ថ្ងៃទី​២១​មេសា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​បញ្ជា​ឱ្យកម្លាំង​នគរបាល​ថ្នាក់ក្រោម​បញ្ឈប់​ការ ប្រើ​រំពាត់ វាយ​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ក្រហម​។

​សូម​រម្លឹកថា អាជ្ញាធរ​សមត្ថកិច្ច ឈានទៅ​ប្រើ​រំពាត់ វាយ​អ្នក​ល្មើស​នឹង​វិធាន​ការបិទ​ខ្ទប់ ពិសេស​នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ​នេះ បានកើត​ឡើង បន្ទាប់ពី​មានការ​សង្កេតឃើញ​ជាទូទៅ​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច ហាក់​មិនបាន​ចូលរួម​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​។ នោះ​គឺ​ប្រជាពលរដ្ឋ​មួយចំនួន មិន​ត្រឹមតែ​ធ្វើដំណើរ​ល្មើ​សនឹង​បំរាម​នោះទេ តែ​ខ្លះ​ថែមទាំង​បង្ក​ការអុកឡុក និង​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច តាម​គោលដៅ​ទៀតផង​។ អ្នកខ្លះ ក៏​នៅ​បន្ត​ចេញ​ក្រៅ​ផ្ទះ មិន​ថា ជិះ​ម៉ូតូ​ទេ គឺ​ដើរ​តាមផ្លូវ​ថែមទៀត​។

​ដូច្នេះហើយ បានជា​ចាប់តាំងពី​ថ្ងៃទី​២០​មេសា បន្ត​ដល់​ថ្ងៃទី​២១​មេសា អាជ្ញាធរ​សមត្ថកិច្ច បាន​ចាត់វិធានការ​ម៉ឹងម៉ាត់ និង​តឹងរឹង​ជាង​មុន ចំពោះ​ប្រជាពលរដ្ឋ ដែល​មិន​គោរព​តាម​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ពិសេស​នៅ​តំបន់​ក្រហម​។ ពោលគឺ​លើ​អ្នក​មិន​នៅ​ក្នុងផ្ទះ​របស់ខ្លួន​។​

«​តំបន់​ក្រហម​» គឺជា​តំបន់ ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩ រួមមាន សង្កាត់​ស្ទឹងមានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ក្នុង​ខណ្ឌមានជ័យ ភូមិសាស្ដ្រ​សង្កាត់​ចោមចៅ​ទី​១ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភូមិ​១៤ ភូមិ​១៦ និង​ភូមិ​១៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​តំបន់​ក្រហម​ទាំងនេះ គឺមាន​អ្នក​ឆ្លង​កូ​វីដ​១៩ រស់នៅ​ច្រើន ដូចជា នៅ​ភូមិ​១៤ ភូមិ​១៦ និង​ភូមិ​១៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក គឺ​អ្នកផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស រស់នៅ​ទីនោះ​។​

​ដោយឡែក នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ក្នុង​ខណ្ឌមានជ័យ ភូមិសាស្ដ្រ​សង្កាត់​ចោមចៅ​ទី​១ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​កម្មករ​កាត់ដេរ ដែល​បាន​ឆ្លង​កូ​វីដ​១៩ រស់នៅ​ទីនោះ​ច្រើន​។​

​នៅ​តំបន់​ក្រហម​ទាំងនេះ គឺ​បុគ្គល​គ្រប់រូប ត្រូវបាន​ហាមឃាត់ មិនឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់ខ្លួន ដោយ​រួមទាំង​ការមិន​អនុញ្ញាត ឱ្យធ្វើ​សកម្មភាព​កីឡា នៅ​ខាងក្រៅ​លំនៅឋាន ជាដើម​។​

​ផ្សារ ទីកន្លែង​លក់​ម្ហូបអាហារ គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ទាំងអស់ នៅក្នុង​តំបន់​ក្រហម ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន លើកលែងតែ​សកម្មភាព​ការងារ​មួយចំនួន ដែល​ត្រូវបាន​អនុញ្ញាត ឱ្យ​ដំណើរការ​ជាធម្មតា ដូចជា សេវា​ពន្លត់​អគ្គិភ័យ សេវា​ផ្គត់ផ្គង់​អគ្គិសនី និង​សេវា​ផ្គត់ផ្គង់​ទឹកស្អាត ជាដើម​។​

​អ្នករស់នៅ​ក្នុង​ប្លុក​តំបន់​ក្រហម ចូរ​កុំភ្លេចថា ដោយសារតែ​តំបន់​របស់ខ្លួន មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ច្រើន​ទើប​ត្រូវបាន បិទ​ខ្ទប់ មិន​ឲ្យ​ចេញ​ទៅណា មក​ណា ពិសេស​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​។ ផ្ទុយទៅវិញ បើ​អ្នក​នៅតែ​រឹងទទឹង មិន​ស្តាប់ ហើយ​ចេញ​ក្រៅ​ផ្ទះ គឺ​អ្នក​ខ្លួនឯង​នេះហើយ ដែល​ប្រឈម​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ពេលនេះ អ្នក​មិនចេះ​នៅក្នុង​ផ្ទះ ក៏​ត្រូវតែ​ស៊ូទ្រាំ វា​ប្រសើរ​ជាជាង នៅពេល​បន្តិចទៀត បើ​ឆ្លង​កូ​វីដ​គឺ​ត្រូវ​ទៅ​នៅក្នុង បន្ទប់​ពេទ្យ​។ ពេលនេះ មិនចេះ​ពាក់​ម៉ាស ថប់ដង្ហើម ពិបាក​ដកដង្ហើម តែ​ក៏​វា​ប្រសើរ​ជាជាង​ពេល​បន្តិចទៀត បើ​ឆ្លង​កូ​វីដ ហើយ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង នោះ​អ្នក​នឹងត្រូវ​ពាក់​ប្រដាប់​ដកដង្ហើម​តាម​អុកស៊ីហ្សែន ដែល​កាន់តែ​ឆាប់​ជាង​ពាក់​ម៉ាស ហើយក៏​មិនដឹងថា អាចជា​សះស្បើយ ឬក៏​ត្រូវស្លាប់​នោះទេ​។

​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយ​កូ​វីដ​ចាប់តាំងពី​ឆ្លង​រាលដាល​ខ្លាំង ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ ដែល​ក្រសួងសុខាភិបាល បានប្រកាស​រៀងរាល់ថ្ងៃ គឺ​ឆ្លង​កើនឡើង​រហូតដល់​សរុប​ចំនួន ៨១៩៣​នាក់​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ២៩២៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន ៥២០៤​នាក់​។ រីឯ​អ្នកស្លាប់​វិញ កើនឡើង ៥៩​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​២១​មេសា​។​

​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង ពិសេស​នៅ​ភ្នំពេញ​តែម្តង មិនទាន់​ថមថយ​ទេ គឺ​នៅ​តួលេខ ៣​ខ្ទង់​ជាប់ៗ​គ្នា ចាប់តាំងពី​ថ្ងៃទី​៧ ខែមេសា ពេលដែល​រាជរដ្ឋាភិបាល​អនុវត្ត​វិធាន​ការបិទ​ការធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។​

​ពិសេស​ជាងនេះទៅទៀត ចាប់តាំងពី​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ភូមិ និង​សង្កាត់​មួយចំនួន ដែលជា​កន្លែង​រស់នៅរ​បស់​កម្មករ​កាត់ដេរ ដែល​ឆ្លង​កូ​វីដ​១៩ គឺ​កាលពី​ថ្ងៃទី​១០​មេសា ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ បាន​កើន​ពី ១៥៤​នាក់ រហូតដល់ ៦២៤​នាក់ នៅ​ថ្ងៃទី​១៨​មេសា​។ តែ​នៅ​ថ្ងៃទី​១៩​មេសា ថយ​មក​នៅត្រឹម ៤៣១​នាក់​។ នៅ​ថ្ងៃទី​២០​មេសា អ្នក​ឆ្លង​កូ​វីដ មាន​ចំនួន ៣០៣​នាក់​។ តែ​មកដល់​ថ្ងៃទី​២១​មេសា ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ បាន​កើន​ឡើងដល់ ៤៤៦​នាក់​។ នេះ​បើតាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​។​

​ដូច្នេះ​កាលៈទេសៈ​ពេលនេះ គឺ​ប្រជាជន​ម្នាក់ៗ​នេះឯង ជា​តួអង្គ​សំខាន់​។ នោះ​គឺ​ម្នាក់ៗ ត្រូវ​បន្ត​នៅផ្ទះ​រៀងៗ​ខ្លួន​។ បើ​ថា​ទៅ​ផ្សារ ឲ្យ​ចំ​ផ្សារ ហើយ​ទៅជិតៗ​ផ្ទះ ទិញ​ត្រឹមតែ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ចាំបាច់ ឬក៏​ក​ម្ម៉​ង់​ទិញ​តាម​អន​ឡាញ ដែលមាន​ទាំង​ទំនិញ​របស់​ក្រសួងពាណិជ្ជកម្ម​ផង ហើយ​ក៏មាន​ក្រុមហ៊ុន​ឯកជន លក់​តាម​អន​ឡាញ​ច្រើន​ទៀត​។

​តែ​ផ្ទុយទៅវិញ បើ​ប្រជាជន​យើង​ម្នាក់ៗ មិន​គោរព​ទេ គឺ​មានតែ​ប្រជាជន ដែល​មិន​គោរព​នោះ​ហើយ ប្រឈម​នឹង​ការឆ្លង​កូ​វីដ​។ ពេល​ឈឺ គឺ​អ្នក​មិន​គោរព​បម្រាម​នោះឯង ជា​អ្នក​ឈឺ មិនមែន​អាជ្ញាធរ​សមត្ថកិច្ច មក​ឈឺ​ជំនួស​ឡើយ​។ និយាយ​ដូច្នេះ មិនមែន​ថា អាជ្ញាធរ​សមត្ថកិច្ច មិន​ហត់ មិន​នឿយ នឹង​អប់រំ​ណែនាំ ស្រែក​ដេញ​ផង ហើយ​ថា រហូតដល់​ថ្នាក់​វាយ​ប្រជាជន ឲ្យ​ចូល​ផ្ទះ​នោះ គឺ​អាជ្ញាធរ​សមត្ថកិច្ច ក៏​ហត់នឿយ​ខ្លាំង មិនតិច​ឡើយ​។

​មួយថ្ងៃៗ នៅ​តាមតែ​ផ្លូវ មិន​ថា​យប់ មិន​ថា​ថ្ងៃ ឬក៏​ភ្លៀង​ផ្គរ ក្តៅ​ត្រជាក់​នោះទេ អាជ្ញាធរ​សមត្ថកិច្ច បាន​ចែកវេន​គ្នា ឈរ​យាម​នៅ​តំបន់​បិទ​ខ្ទប់ និង​នៅតាម​បា​រ៉ា​ស ដែល​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​។

​ដូច្នេះ​បើ​មិន​ចង់​ឆ្លង​កូ​វីដ សូម​នៅតែ​ក្នុងផ្ទះ​មួយរយៈ​សិន​។ តែបើ​ចេញ​ក្រៅ​ផ្ទះ មានន័យ​ស្មើ​អ្នក​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ ហើយក៏​មិនដឹងថា ពេលណា​ទើប​បញ្ចប់​ឡើយ បើសិនជា​នៅតែ​បន្ត​ឆ្លង​រាលដាល​រាល់ថ្ងៃ​ដូច្នេះ​។ សូម​កុំភ្លេចថា កូ​វីដ​ឆ្លងតាម​មនុស្ស​។ មនុស្ស ដែល​ធ្វើដំណើរ​ពីមួយ​កន្លែង ទៅមួយ​កន្លែង​នេះឯង​៕​សរន​