ម្ចាស់​ដេញថ្លៃ​ឈើ​បាន​នៅ​តំបន់​អូ​រ៉ូ​សង្ស័យ​កំពុង​លេង​សិល្ប៍ៈសុំ​ដាក់​ឈើ​ចាស់ កាប់​ឈើ​ថ្មី​

2147
ចែករម្លែក
ប្រជាពលរដ្ឋដែលតវ៉ា

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់​កប់ខ្មោច​របស់​ជន​ជាតិ​ដើម​ដើម្បី​តវ៉ា​នឹង​សកម្មភាព​របស់​មនុស្ស​មួយក្រុម​ផ្សេង​ទៀ​ដែល​កំពុង​វាតទី​ដីព្រៃ​និង​កាប់​ផ្តួល ដើមឈើ​ធំៗ​ក្នុង​តំបន់​នោះ​។​សកម្មភាព​នោះបាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​៥​និង​៦​ខែឧសភា​ឆ្នាំ​២០១៨​នា​ភូមិ​ឈួ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

​ប្រភពពី​ទីតាំង​ខាងលើ​បាន​ប្រាប់​នៅ​ថ្ងៃទី​៦​នេះ​ថា មនុស្ស​មួយក្រុម​ដែលមាន​គ្នាច្រើន​នាក់​នោះ ជា​កម្មករ​របស់លោក​ភឿ​ក មុន្នី​(​អ្នកដេញថ្លៃ​ឈើ​បាន​នៅ​តំបន់​អូ​រ៉ូ​)​ពួកគេ​មាន​រណា​យន្ត​គោយន្ត​កែឆ្នៃ គោយន្ត​កន្ត្រៃ​ជាដើម​ធ្វើ​សកម្មភាព​កាប់​ផ្តួល​ដើមឈើ​ដូចជា​ឈ្លីក​និង​សុ​ក្រំ​រួច​ដឹក​មក​ទុក​លើ​ទីតាំង​មួយ​ក្បែរ​ព្រៃ​កប់ខ្មោច​របស់​ជនជាតិ​ដើម​ដើម្បី​លាយឡំ​គ្នា​ជាមួយ​ឈើ​ដេញថ្លៃ​ពី​តំបន់​អូ​រ៉ូ​បាន​។

​ពលរដ្ឋ​ជនជាតិដើម​លោក ឡា គីន រស់នៅ​ឃុំ​ស្រែ​ហ៊ុយ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ឧសភា លោក ភឿ​ក មុន្នី បាន​សុំ​ខ្ទី​ដី​ពី​សហគម​ន៏​ទំហំ​២​ហិច​តា ក្នុងភូមិ​ឈូ​ល ជាប់​ចំនុច​ព្រៃ​កប់ខ្មោច ដើម្បី​ធ្វើ​ទី តាំង​ស្តុ​ប​ឈើ​បណ្តោះអាសន្ន ដោយ​ធ្វើ​កិច្ចសន្យា រយៈពេល​ពីរ​ឆ្នាំ ចាប់ពី​ថ្ងៃទី​៣ ឧសភា ២០១៨ រហូតដល់​ថ្ងៃទី​៣ ឧសភា ២០២០ នឹង​ប្រគល់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ​។​

ឈើថ្មីដែលគេកាប់

​ប្រភព​ដដែល​បន្តថា ចាប់ពី​ថ្ងៃទី​៣ ឧសភា ក្រោយ​ធ្វើ​កិច្ចសន្យា​សុំ​ខ្ចី​ដី ស្រាប់​តែមាន​មនុស្ស​រាប់សិប នាក់​រួម​នឹង​រថយន្ត​កែច្នៃ​គោយន្ត​កន្ត្រៃ​នឹង​រណា​យន្ត​រាប់សិប​គ្រឿង​បាន​ចូលទៅ​កាប់​ផ្តួល​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​យក​ដើមឈើ​ធំៗ ដូចជា សុ​ក្រំ ផ្ទឹ​ក​ឈ្លីក​…​ប្រមូល​ទៅ​ទុក​នៅ​ចំណុច​ជិត​ដី​កប់ ខ្មោច​។​

​សកម្មភាព​ក្រុម​ឈ្មួញ​ឈើ​ខាងលើ​អ្នកភូមិ​អះអាងថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​អ្នកភូមិ​ជាពិសេស គឺ​ដីព្រៃ​តំណម​កប់ខ្មោច​ដែល​តម្រូវ​ឲ្យ​ពួកគាត់​ត្រូវធ្វើ​ពិធីសែនព្រេន​ដល់​អា​រុក្ខ​អារក្សអ្នកតា កុំ​ឲ្យ​ខឹង ដល់​អ្នកភូមិ​ដែល​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចូលទៅ​តំបន់​នោះ​។​

​សហ​មគ​ន៍​ភូមិ​ឈូ​ល បានស្នើរ​ដល់​អាជ្ញាធរខេត្ត​ជួយ​ពិនិត្យ​លើ​ករណីនេះ​ផង ព្រោះ​នៅពេលដែល លោក​ភឿ​ក​មុន្នី​សុំ​ខ្ទី​ដី​ពី​សហគម​ន៏​បានធ្វើ​កិច្ចសន្យា​ត្រឹម​ធ្វើជា​ទីតាំង​ស្តុ​ប​ឈើ​ចាស់​ដែល​ដឹក​មកពី​ព្រំដែន​ប៉ុណ្ណោះ​តែ​នៅពេលនេះ​បែរជា​នាំគ្នា​កាប់​ឈើ​ថ្មី​ក្នុងព្រៃ​សហគមន៍​យ៉ាង​គគ្រឹកគគ្រេង​ទៅវិញ​។​ថែមទាំង​បម្រុង​នឹង​ឈូស​ដីព្រៃ​ដែលមាន​កប់​សព​តាំងពី​ដូនតា​មក គឺ​គេ​មិន​ទៅធ្វើ​កន្លែង​ស្រឡះ​ទេ​។​

ពលរដ្ឋតវ៉ា និងបង្ហាញថានេះជាឈើថ្មី

​ទាក់ទិន​ករណីនេះ​លោក ភឿ​ក មុន្នី បាន​ឲ្យ​ដឹងថា លោក​បានការ​អនុញ្ញាត​ពី​ខេត្ត ដើម្បី​ប្រមូល ឈើ​ដែល​ដេញថ្លៃ​បាន​ពី​តំបន់​ព្រំដែន​ប៉ុស្តិ៍​អូរ​រ៉ូ​ចំនួន​១.៨៧២​ម៉ែត្រគូប​យកទៅ​ស្តុ​ប​ទុក​នៅលើ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ចរ​បស់​យោធា​។​លោក​បានបញ្ជាក់​យ៉ាងខ្លី​ថា​លោក​មិនបាន​ឲ្យ​ប្រជាជន​ណា ម្នាក់​ចូលទៅ កាប់​ឈើ​ឲ្យ​លោក​ទេ ។​លោក​បាននី​ចោទថា​ពលរដ្ឋ​ដែល​តវ៉ា​នោះ​ជា​មនុស្ស​របស់ គណបក្សប្រឆាំង ទើប​គេ​រារាំង​បែប​នោះ​។

​បើតាម​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលទៅ​កាប់​ឈើ​នៅក្នុង​ព្រៃ​សហគមន៍​ភូមិ​ឈូ​ល​បាន​និយាយថា ពួកគាត់​ត្រូវបាន​មេការ​ឈ្មោះ​ថុល​នឹង​ឈ្មោះ​ចែ​គា​ជា​អ្នកចេញ​មុខ​ជួយ​សម្រួល​លើ​ការកាប់​ឈើ​ក្នុង​តំបន់ ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ មុន្នី ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​៣៥០ ០០០​រៀល​។​ពលរដ្ឋ​ដដែល​ថា ទើបតែ​កាប់​បាន​ប៉ុន្មាន​ថ្ងៃ​នោះទេ​។

​យោងតាម​លិខិត​របស់​ក្រសួងបរិស្ថាន លេខ​៣៩៣ សជណ ប​.​ស្ថ ចុះ​ថ្ងៃទី​២៤ មេសា ២០១៨ បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​ដែល​លោក​ភឿ​ក មុន្នី ដេញថ្លៃ​បាន​យក​ចេញពី​តំបន់​អូ​រ៉ូ នៃ​ដែន ជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវគោរព​តាម​គោល​ការ​ណ៏​ដូចជា ១.​មិន​អនុញ្ញាត​ឲ្យ​ដឹកឈើ​កាត់​តាម​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នោះទេ ប៉ុន្តែ​ការដឹក ជញ្ជូន​ឈើ​ត្រូវ​កាត់​តាមផ្លូវ​ប៉ុស្តិ៍​អង្កេត​ការ​ណ៏​អូរ​រ៉​យ មកដល់​ទន្លេស្រែពក ទល់មុខ​ប៉ុស្តិ៍​១៤​រួច​ដឹក ជញ្ជូន​តាមផ្លូវ​ក្រោយ​ឆ្លងកាត់​ភូមិ​កោះ​ម្យើ​ល​លើ​នឹង​ម្យើ​ល​ក្រោម​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៧៦​។​២.​មិន​អនុញ្ញាត​ឲ្យ​បង្កើត​ទីតាំង​កែច្នៃ​ឈើ​នៅក្នុង​ឬ​ក្បែរ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។​៣.​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រណា​យន្ត​គ្រប់​ប្រភេទ​។​តែ​ជាក់ស្តែង​គេ​សង្កេតឃើញថា​ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​សហគម​ន៏​ឲ្យ​ខ្ចី​ដី​សម្រាប់ធ្វើ​ឃ្លាំង​ស្តុ​ប​ឈើ​បែរជា​ឃើញ​មាន​រណា​យន្ត​នឹង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​សម្រុក​ចូលទៅ​អារ​ជ្រៀក​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​យកទៅ​ស្តុ​ប​នៅ​កន្លែង​ដែល​លោក​ភឿ​ក មុន្នី អះអាងថា ទុក​ស្តុ​ប​ឈើ​ដែល​ដេញថ្លៃ​បាន ដែល​ផ្ទុយ​ពី​លិខិត​របស់​ក្រសួងបរិស្ថាន​ទៅវិញ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក​កែវ សុភ​គ៌ ថ្លែងថា​លោក​ភឿ​ក មុន្នី ពិតជា​ត្រូវបាន ទទួល​ការយល់​ព្រមឱ្យ​ស្តុក​ឈើ​លើដី​សម្បទាន​សង្គមកិច្ច​ពិតមែន​។​តែ​ថាបើ​លោក​ប្រព្រឹត្ត​និង ផ្ទុយ​ពី​សេចក្តីជូនដំណឹង​របស់​ក្រសួង​នោះ លោក​និង​ចាត់វិធានការ​ភ្លាម​។

​សកម្មជន​កា​ពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក​បញ្ចេញ​ក្តី​ងឿងឆ្ងល់​ថា ឈើ​ដេញថ្លៃ​បាន​នៅ​តំបន់​អូ​រ៉ូ តែ​ជាង​មួយ​ពាន់​ម៉ែត្រគូប លោក​ភឿ​ក មុន្នី​ប្រើពេល​ដឹក​ដល់​ទៅ​ពីរ​ឆ្នាំ ហើយ​ថែមទាំង​ប្រើ​ដី​រហូតដល់​២​ហិកតា​។ មានការ​កាប់​ឈើ​ថ្មីៗ​ក្បែរ​នោះ​ផង​៕​មន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ