ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈផ្កាយ​ពីរ​យោធា​ម្នាក់ និង​បក្ខពួក​ចំនួន​ប្រាំមួយ​នាក់​ត្រូវបាន​សមត្ថកិច្ច​ការឃាត់​ខ្លួន​នេះ នៅ​សណ្ឋាគារ ធី​ធី​ភី ១ (TTP 1) ស្ថិត​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​ខេត្តស្វាយរៀង​កាលពី​ទាប ភ្លឺ​ថ្ងៃទី​២២ ខែមេសា ពាក់ព័ន្ធ​ករណី​រត់ពន្ធ​មនុស្ស ពោលគឺ​នាំ​ជនជាតិ​ចិន​ជិត ៣០​នាក់​ឆ្លងដែន​ខុសច្បាប់​។

ឈ្មោះ ស៊ុំ ពៅ មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ(ខាងស្តាំពាក់ម៉ាស ស) មាន​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​(រូបថតក្រុមការងារ)

ប្រភព​បញ្ជាក់ថា មេខ្លោង​នៅក្នុង​ករណីនេះ​ឈ្មោះ ស៊ុំ ពៅ មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ មាន​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ទាក់ទង​ទៅនឹង​ការចាប់ខ្លួន​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ថា ពិតជា​មានការ​ឃាត់ខ្លួន​ផ្កាយ​ពីរ​យោធា​ម្នាក់ ឈ្មោះ ស៊ុំ ពៅ និង​បក្ខពួក​ចំនួន​ប្រាំមួយ​នាក់ ពិតប្រាកដ​មែន​ពាក់ព័ន្ធ​ដឹកជញ្ជូន​ជនជាតិ​ចិន​។ ពេលនេះ​សមត្ថកិច្ច កំពុងធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​បន្ថែម​។​

បក្ខពួកលោក ស៊ុំ ពៅ​ដែលត្រូវបានចាប់ខ្លួន

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​មានប្រសាសន៍​បញ្ជាក់​ថា ចំពោះ​បុគ្គល​ឈ្មោះ ស៊ុំ ពៅ ដែល​ពាក់ព័ន្ធ​រត់ពន្ធ​មនុស្ស គឺ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់​និង​មិនមាន​ការ យោគយល់​នោះទេ ពីព្រោះ​បុគ្គល​រូបនោះ​មិន​គោរព​បទបញ្ជា និង​ប្រព្រឹត្ត​ល្មើសច្បាប់ គឺ​ការជួញដូរ​មនុស្ស​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ចំពោះ​បុគ្គល ស៊ុំ ពៅ នេះ​គឺ​ធ្វើទៅ​តាមផ្លូវ​ច្បាប់​ទៅ​។ ខ្ញុំ​មិន​យោគយល់​អី​ទៀត​ទេ ព្រោះនេះ​មិន​គោរព​បទបញ្ជា ហើយ​អនុវត្ត​ល្មើសច្បាប់​ទៅហើយ ។​គឺ​ធ្វើតាម​នឹង​ទៅ ជួញដូរ​មនុស្ស​ចិន​២៨​នាក់​យកទៅ​ខេត្តស្វាយរៀង ។​ឥឡូវ​ខាង​សមត្ថកិច្ច​ស្វាយរៀង​គេ​ចាប់​ហើយ ខ្ញុំ​បាន​ប្រាប់​ឲ្យ​គេ​ធ្វើទៅ​តាមផ្លូវ​ច្បាប់​ទៅ គ្មាន​អ្នក​ណាមួយ​ទៅ​ពាំង​ការងារ​បទបញ្ជា​របស់​សម្តេច​ទេ​”​។​

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា កាលពី​វេលា​ម៉ោង​០៣:២០ រំលងអធ្រាត្រ​ឈាន​ថ្ងៃទី​២២ ខែមេសា នៅ​ចំណុច​សណ្ឋាគារ TTP 1 ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បានធ្វើការ​ឃាត់ខ្លួន​លោក​ផ្កាយ​ពីរ ស៊ុំ ពៅ និង​បក្ខពួក​ចំនួន​ប្រាំមួយ​នាក់​ដែល​សុទ្ធ​ជា​ភេទ​ប្រុស មានដូចជាៈ ១.​ឈ្មោះ ស៊ុំ ពៅ មាន​ឋានន្តរសក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ មុខងារ​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការដ្ឋាន នៃ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​២.​ឈ្មោះ ឆើយ សារ៉ន អាយុ​៤០​ឆ្នាំ បុខ​របរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ ស្រុក​ស្អាង ខេត្តកណ្តាល​។ ៣. ឈ្មោះ នាង ស៊ី​ណាត អាយុ ៣១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​៤. ឈ្មោះ សេង ហាក់ អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​៥. អាត កក្ត​ដា អាយុ​២៦​ឆ្នាំ មុខរបរ អាជីវករ​ទីលំនៅ ខណ្ឌ សែន​សុខ ។​៦.​ឈ្មោះ ទាន់ ចាន់​វិបុល អាយុ​៣៤​ឆ្នាំ មុខរបរ​អាជីវករ​ទីលំនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។ ៧. សូ គ​ន្ធា អាយុ​៤២​ឆ្នាំ ទីលំនៅ ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​
បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៧​នាក់ ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។ ចំណែក​ជនជាតិ​ចិន​ទាំង​២៨​នាក់ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​TTP1 ស្ថិត​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់ បាវិត ក្រុង​បាវិត​៕​សរន​

បក្ខពួកលោក ស៊ុំ ពៅ​ដែលត្រូវបានចាប់ខ្លួន

ជនជាតិចិន២៨នាក់(រូបថត ក្រុមការងារ)បក្ខពួកលោក ស៊ុំ ពៅ​ដែលត្រូវបានចាប់ខ្លួន