​ភ្នំពេញៈ​នៅ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២១​ក្លិប​អ្នកកាសែត​កម្ពុជា​បានចេញ​នូវ​សេចក្តីអំពាវនាវ​ដោយ​សុំឱ្យ​អ្នកសារព័ត៌មាន​យកចិត្តទុកដាក់​ក្នុង​ប្រព្រឹត្ត​ខ្លួន​ទៅតាម​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​គោរព​នូវ​វិធានការ​ទាំងឡាយ​ទាក់ទង​នឹង​ការបង្ការ​ទប់ស្កាត់​នូវ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​សេចក្តីអំពាវនាវ​បានសរសេរថា​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​សង្កេតឃើញថា​បងប្អូន​អ្នកសារព័ត៌មាន​យើង​បាន​ខិតខំ​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ទោះបីជា​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​កូ​វីដ​១៩ និង​ជាពិសេស​ក្នុងស្ថានភាព​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។ ក្លិប​អ្នកកាសែត​កម្ពុជា​សូម​កោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន​អាជីព​ទាំងឡាយ​ដែល​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុង​ការយក​ព័ត៌មាន​និង​បន្ត​ផ្តល់ព័ត៌មាន​គ្រប់បែបយ៉ាង​ដល់​មហាជន​រាប់ទាំង​ការផ្តល់​សារ​អប់រំ​នានា​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​វិធី​ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ ១៩ ។​

​ទន្ទឹមនឹងនោះ​ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​សង្កេតឃើញថា​មាន​បងប្អូន​អ្នកសារព័ត៌មាន​មួយចំនួន​នៅ​មិនទាន់បាន​អនុវត្តបាន​ត្រឹមត្រូវ​ស្របតាម​វិជ្ជាជីវៈ​របស់ខ្លួន​នៅឡើយ​ដូចជា​ការបំពាន​លើ​សិទ្ធិ​បុគ្គល​ឯកជន​, ការប្រើ​អាកប្បកិរិយា និង​ពាក្យពេចន៍​មិន​សមរម្យ​ដែល​អ្នកសារព័ត៌មាន​មិនគួរប្រើ​។ ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​សង្កេតឃើញ​ដែរ​ថា អ្នកសារព័ត៌មាន​មួយចំនួន​នៅ​មិនទាន់​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បានល្អ​នៅឡើយ​ទេ​ដែលជា​ហា​នី​ភ័យ​មួយ​ក្នុងការ​ចម្លង​មេរោគ​កូ​វីដ ១៩​។​

​អាស្រ័យហេតុនេះ​ក្លិប​អ្នកកាសែត​កម្ពុជា​សូម​អំពាវនាវ​ដល់​បង​ប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​សូម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុងពេល​ចុះ​យក​ព័ត៌មាន​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​តម្លៃ​និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មហាជន​។ សូមអ្នក​សារព័ត៌មាន​ទាំងអស់​ចៀសវាង​ធ្វើ​អ្វីដែល​លើសពី​តួនាទី​របស់ខ្លួន​។​
​ទន្ទឹមនឹងនោះ ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​សូម​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​សូម​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធ​នា​ការ​សុខាភិបាល ក៏ដូចជា​វិធានការ​ផ្សេងទៀត​ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ។
​ក្លិប​អ្នកកាសែត​កម្ពុជា​សូម​កោតសរសើរ​និង​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​គោរព​វិជ្ជាជីវៈ និង​បាន​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង​ក្នុង​គ្រា​ដ៏​លំបាក​នេះ​ដើម្បី​បុព្វហេតុ​នាំ​ព័ត៌មាន​ពិត​ជូន​ដល់​មហាជន​ទូទៅ​។ ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​សូម​បន្ត​កិច្ចសហការ​ល្អជា​មួយ​អ្នកសារព័ត៌មាន​ដើម្បី​ឲ្យ​ពួកគេ​អាចបំពេញ​ការងារ​បាន​ក្នុង​គ្រា​ដ៏​លំបាកលំបិន​នេះ​ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល​។

​ក្លិប​អ្នកកាសែត​កម្ពុជា​សូម​ជូនពរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​សូម​ជួបតែ​សេចក្តីសុខ សុវត្ថិភាព និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ ១៩៕ សរន