អ​.​ស​.​ប​. និង​កម្ពុជា​ប្តេជ្ញា​សម្រេច​គោលដៅ​ឆ្នាំ​២០២៥​ខាងមុខ កម្ពុជា​គ្មាន​មីន​

1602
ចែករម្លែក
លោក​ទេសរដ្ឋមន្ត្រី លី ធុជ​, លោកស្រី ផៅ​លីន តា​មេ​សីស (Mrs Pauline Tamesis ) តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ប្រតិភូ​ទស្សនកិច្ច​ក្នុង​ចម្ការមីន​អូរ​បី​ជាន់​១ ស្រុក​អូរជ្រៅ របស់​ហា​ឡូ​ត្រា​ស្ត និង​នៅ​ភូមិ​ដំណាក់​កកោះ​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ (​រូប​:​ភ្នំ​ស្វាយ​)​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: តំណាង​អង្គការសហប្រជាជាតិ (​យូ​អិន​/UN) ប្រចាំ​កម្ពុជា និង​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា ថ្លែងថា អ​.​ស​.​ប​. និង​កម្ពុជា​ប្តេជ្ញា​សម្រេច​គោលដៅ​ឆ្នាំ​២០២៥​ខាងមុខ កម្ពុជា​គ្មាន​មីន (Cambodia Free Mine)​។​

​លោក ឡូ​មី​ត​ហ្សេ ឡា​សា (Mr Lomedze Lasha) ប្រធាន​ប្រតិបត្តិការ​អង្គការ​ហា​ឡូ​ត្រា​ស្ត (Halo Trust) ប្រចាំ​កម្ពុជា និង​លោក ញឹម រី​ណា ប្រធាន​តំបន់​អង្គការ​នេះ ប្រចាំខេត្ត​បន្ទាយមានជ័យ បង្ហាញ​សង្ខេប​ពី​សកម្មភាព​ប្រតិបត្តិការ​បោសសម្អាត​មីន នៅ​ចម្ការមីន​អូរ​បី​ជាន់​១ ដែលជា​អតីត​ជំរំ​ជនភៀសខ្លួន​ខ្មែរ និង​សមរភូមិ​ប្រយុទ្ធ​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ចម្ការមីន​ដទៃទៀត​ក្នុង​៥​ស្រុក​/​ក្រុង នៃ​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ ក៏មាន​បញ្ហា​ងាយស្រួល និង​ការលំបាក​ជាច្រើន​។​

​លោកស្រី ផៅ​លីន តា​មេ​សីស (Mrs Pauline Tamesis) តំណាង​របស់​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ និង​ជា​អ្នកសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា កាលពី​ថ្ងៃទី​៥-៦ ខែឧសភា បាន​ទស្សនកិច្ច​ស្វែងយល់​សកម្មភាព​បោសសម្អាត​មីន​នៅក្នុង​ចម្ការមីន​អូរ​បី​ជាន់​១ ដូច​ទីតាំង​ខាងលើ ដែល​បោសសម្អាត​ដោយ​អង្ក​ការ​ហា​ឡូ​ត្រា​ស្ត ហើយ​អះអាងថា នឹង​កៀងគរ​ការ​ឧ​បត​ម្ថ​ម្ភ​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន​នៅ​ប្រទេស​កម្ពុជា ឲ្យ​សម្រេចបាន​នូវ​ក្តី​សុបិន​បំបាត់​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៥​។​

​លោកស្រី ផៅ​លីន ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​សម្ភាសន៍​មួយ​នៅ​ចម្ការមីន កំពុង​បោសសម្អាត​នោះ​ថា អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) នឹង​បន្ត​ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ​ជិតស្និត​ជាមួយ​អាជ្ញាធរ​មីន និង​ផ្តល់ជំនួយ​ដល់​ប្រតិបត្តិការ​បោសសម្អាត​មីន​ទាំងឡាយ ដើម្បី​ឲ្យ​ពួកគេ​បន្ត​ប្រឹងប្រែង​បន្ត​បោសសម្អាត​មីន ហើយក៏​ខិតខំ​ទាក់ទង​នឹង​បណ្តា​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​និង​សមាជិក​រដ្ឋ​ជា​ភាគី​អនុសញ្ញា ស្តីពី​ការហាម ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស ឬ​ហៅថា​អនុសញ្ញា​អូ​តា​វ៉ា ដើម្បី​រក​ថវិកា​មក​គាំទ្រ​វិស័យ​មីន​កម្ពុជា​។​

​លោកស្រី ផៅ​លីន ក៏បាន​ទទួលស្គាល់​ពី​ការលំបាក ប្រឈម​គ្រោះថ្នាក់​របស់​អ្នក​បោ​សម្អាត​មីន ដែល​ធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​រំដោះ​ផ្ទៃដី​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ផ្តល់ជូន​ប្រជាជន​និង​ប្រទេស​កម្ពុជា​។ ហេតុនេះ អ​.​ស​.​ប​. នឹង​បន្ត​ខិតខំ​ធ្វើការ​ជាមួយ​អាជ្ញាធរ​មីន​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ចូលរួម​សន្និសីទ​អន្តរជាតិ​ថ្ងៃទី​១៦-១៧​ឧសភា​ខាងមុខ ដើម្បី​កៀងគរ​ជំនួយ​ពី​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ក៏ដូចជា​សមាជិក​អនុសញ្ញា​អូ​តា​វ៉ា យកមក​បន្ត​បោសសម្អាត​មីន​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា​វិញ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ដែរ​ថា សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានសម្រេច​ការងារ​ធំៗ ដូចជា​បាន​រំដោះ​ពីរ​បប​ប្រល័យពូជសាសន៍​, បាន​ពុះពារ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បញ្ចប់សង្គ្រាម​តាម​នយោបាយ​ឈ្នះ ឈ្នះ ថែរក្សា​សន្តិភាព ស្ថេរភាព ស្តារ អភិវឌ្ឍន៍ និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​។ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​អាជ្ញាធរ​មីន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​ប្រមុខ បាន​ខិតខំ​ដោះស្រាយ​នូវ​មរតក​ដ៏​ធ្ងន់ធ្ងរ គ្រោះថ្នាក់​បន្សល់​ពី​សង្គ្រាម និង​ផលវិបាក ក្នុងនោះ​មានការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ ការជួយ​ជនរងគ្រោះ ការស្តារ អភិវឌ្ឍន៍​នៅ​អតីត​តំបន់​មាន​មីន​ផងដែរ​។​

​តម​ក ប្រតិភូ អ​.​ស​.​ប​. អាជ្ញាធរ​មីន​កម្ពុជា​បាន​ទៅ​ទស្សនា​ទី​រងគ្រោះ និង​ទទួលផល​ពី​ការ​បោសសម្អាត​មីន នៅ​ទីតាំង​សាលាបឋមសិក្សា​ដំណាក់​កកោះ ក្នុង​ឃុំ និង​ស្រុក​ស្វាយចេក​។​

​យោងតាម​លោក​អនុប្រធាន និង​មេភូមិ​ឲ្យ​ដឹងថា ភូមិ​នេះ​ក៏​នៅជាប់​ព្រំដែន​ផង និង​អតីត​សមរភូមិ​ផង ហើយ​មាន​ចម្ការមីន​២១​ចម្ការ ហើយ​បច្ចុប្បន្ន​នៅ​១៩​ចម្ការ​ទៀត​ឯណោះ​។ ដូច្នេះ​សូម​សំណូម​ដល់ អ​.​ស​.​ប​. ជួយ​រក​ថវិកា​ឲ្យ​អង្គការ​ហា​ឡូ​ត្រា​ស្ត​បោសសម្អាត​បន្ត​។​

​តំណាង អ​.​ស​.​ប​. ឆ្លើយតប​ថា ក្នុង​បេស​សកម្ម​នៅ​កម្ពុជា អ​.​ស​.​ប​. ឬ​UN គឺ​មកជួយ​អភិវឌ្ឍន៍​ប្រទេស និង​ប្រជាជន​កម្ពុជា​លើ​ច្រើន​វិស័យ ក្នុងនោះ​សូម​គាំទ្រ​លើ​វិស័យ​សកម្មភាព​ដោះមីន​ផងដែរ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ