កូរ៉េខាងជើងព្រមានទៅអាមេរិក មុនជំនួបត្រាំនិងគីម ជុងអ៊ុន

3317
ចែករម្លែក

ខណៈនៅសល់ពេលតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជួបគ្នាជាលើកដំបូង រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានផ្ញើសម្លេងរិះគន់ខ្លះដល់អាមេរិក។

កូរ៉េខាងជើងបានរិះគន់អ្វីដែលខ្លួនហៅថា”ការអះអាងខុស”ដែលថាគោលនយោបាយរបស់ត្រាំក្នុងការដាក់សម្ពាធនយោបាយនិងទណ្ឌកម្មជាអតិបរមាគឺជាអ្វីដែលបានជំរុញអោយកូរ៉េខាងជើងចូលតុចរចានោះ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង បានស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសដែលបានព្រមានថា ការអះអាងនេះជា”ការប៉ុនប៉ងដ៏គ្រោះថ្នាក់”ដើម្បីបំផ្លាញការប្រសើរឡើងនៃទំនាក់ទំនងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីលោកគីម បានជួបប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមុន។

នៅក្នុងជំនួប លោកគីមបានព្រមព្រៀងចាត់វិធានការមួយចំនួនក្នុងបំណងធ្វើអោយប្រសើរឡើងទំនាក់ទំនងខាងជើងខាងត្បូងនិងបង្ហាញថាលោកមានបំណងពិភាក្សាអំពីការធ្វើអោយឧបទ្វីបកូរ៉េគ្មានសព្វាវុធនុយក្លេអ៊ែរ។

ទាំងត្រាំនិងមន្រ្តីអាមេរិកបានលើកឡើងម្តងហើយម្តងទៀតថា គោលនយោបាយម៉ឺងម៉ាត់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះកូរ៉េខាងជើងជាមួយនឹងសម្ពាធលើដៃគូពាណិជ្ជកម្មដ៏ធំរបស់ប្រទេសនេះ គឺចិន បានដើរតួនាទីសំខាន់មួយនៅក្នុងការប្រែក្លាយអ្វីដែលធ្លាប់តែជាសភាពការណ៍តានតឹងខ្លាំង។

តែក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យទី៦ឧសភា ដែលទំនងជាចង់ពង្រឹងជំហររបស់គីម នៅមុនជំនួបជាមួយលោកត្រាំ រដ្ឋាភិបាលក្រុងព្យុងយ៉ាង អះអាងថា លោកគីមខ្លួនឯងជាអ្នកជំរុញសភាពការណ៍បច្ចុប្បន្ននេះនិងថា”អាមេរិកមានចេតនាបង្ករឿងជាមួយកូរ៉េខាងជើងចំពេលសភាពការណ៍លើឧបទ្វីបកូរ៉េធ្វើដំណើរឆ្ពោះទៅរកសន្តិភាពនិងការផ្សះផ្សាគ្នា”។

កូរ៉េខាងជើងក៏បានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាការអះអាងថារដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវបង្ខំអោយចូលតុចរចាដោយសារសម្ពាធអាមេរិកនោះ នាំអោយឧបទ្វីបកូរ៉េប្រឈមវិលទៅរកស្ថានភាពដើមវិញ៕ដោយ៖វាសនា

គីម និងត្រាំ ត្រូវគេរំពឹងថា នឹងជួបគ្នានៅចុងខែនេះឬដើមខែក្រោយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ