Home ព័ត៌មានសំខាន់ៗ ទោះ​បញ្ចប់​កា...

ទោះ​បញ្ចប់​ការហាមឃាត់​ឆ្លងខេត្ត ក៏​មណ្ឌលគិរី​ស្ថិតក្នុង​សភាព​ស្ងប់ស្ងាត់​នៅឡើយ

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ ទោះបី​រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ក្តី​ក៏​គេ​សង្កេតឃើញថា​ខេត្តមណ្ឌលគិរី​នៅមាន​សភាព​ស្ងប់ស្ងាត់​នៅឡើយ​មិនមាន​អ្នកទេសចរ​មក​កម្សាន្ត​ទេ​។​ទិដ្ឋភាព​ទូទៅ​ក្នុង​ទីប្រជុំ​ខេត្ត​ក៏​មិន​អ៊ូអរ​ដូច​ពីមុន​ដោយមាន​ប្រជាពលរដ្ឋ​ចេញមក​ខាងក្រៅ​ដែរ ព្រោះ​ពួកគេ​បារម្ភ​ពី​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​១៩ ។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក ងិន សុ​វិមាន បាន​ប្រាប់​កាលពី​រសៀល ថ្ងៃទី​២៦​ខែមេសា​នេះ​ថា យោងតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​គឺ​បានអនុញ្ញាត ឲ្យ​រមណីយដ្ឋាន​ទេសចរណ៍​ដំណើរការ​ឡើងវិញ​។ នៅ​ខេត្តមណ្ឌលគិរី​ក៏បាន​ជូន ដំណឹង​ឲ្យ​តំបន់​រមណីយដ្ឋាន​គ្រប់គ្រង​ដោយ​រដ្ឋ​និង​ឯកជន​ដំណើរការ​ដែរ​ប៉ុន្តែ​មាន ម្ចាស់​រមណីយដ្ឋាន​ជាច្រើន​សុំ​ផ្អាក​បណ្ដោះអាសន្ន​សិន មិនទាន់​បើក​ដំណើរការ​ទេ ព្រោះ​បារម្ភ​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈដែល​ខេត្តមណ្ឌលគិរី​បាននិងកំពុង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​រួចហើយ ។

​យើង​សង្កេតឃើញថា​សម្រាប់​ខេត្តមណ្ឌលគិរី​ក្រោយពេល​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​៣​ករណី​ស្ថានភាព​របស់​ខេត្ត​កាន់​តែមាន​សភាព ស្ងប់ស្ងាត់​ទៅហើយ​តាម​កន្លែង​បើក​អាជីវកម្ម​ផ្សេងៗ​ពិសេស​ភោជន​យី​ដ្ឋា​ន​ក៏បាន​ផ្អាក មិន​លក់ដូរ​ដែរ​។ ប្រជាពលរដ្ឋ​ទូទៅ​បាន​ព្យាយាម​ការពារ​ពី​ជំងឺ​កូ​វីដ​១៩​តាមរយៈ​ការ ពាក់​ម៉ាស​ពេល​ចេញមក​ខាងក្រៅ​។​

​លោក ស៊ន សារុន នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​បាន​បញ្ជាក់ថា សម្រាប់​អ្នក ទេសចរ​ដែល​ចង់​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​គឺ​អាចម​កបាន ប៉ុន្តែ​មុន​ចូលមក​ខេត្ត មណ្ឌលគិរី​នឹងមាន​មន្ត្រី​ជំនាញ​សួរនាំ​អំពី​ព័ត៌មាន​លំអិត​ថា​ពួកគាត់​មកពី​តំបន់​ណា​? ប្រសិន​ពួកគាត់​មកពី​តំបន់​ដែល​ពុំមាន​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩​គឺ​បានអនុញ្ញាត​ឲ្យ​ចូល​មកលេង​កម្សាន្ត​ជាធម្មតា ប៉ុន្តែ​បើ​ពួកគាត់​មកពី​តំបន់​ក្រហម​ដែល​ប្រឈម​ខ្លាំង​នឹង​តម្រូវ ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular