ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​២៧​ខែមេសា​នេះ បានបញ្ជាក់​អំពី​អាណត្តិ និង​ភារកិច្ច​សម្របសម្រួលរ​បស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការងារ​លក់​ផ្គត់ផ្គង់ ដឹកជញ្ជូន​និង​ចែកចាយ​លក់ ស្បៀងអាហារ និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម​។​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​បង្ហោះ​ការ​ចែកចាយ​រូបភាព​បំភ្លៃ​ក្នុងន័យ​អវិជ្ជមាន​ចំពោះ​សកម្មភាព​របស់​ក្រសួង ពាណិជ្ជកម្ម​។​

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម(រូបឯកសារ)

​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងថា យោងតាម​សេចក្ដីណែនាំ​លេខ ០១ ស​ណន ចុះ​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០២១​របស់​រាជរដ្ឋាភិបាល​ស្ដីពី​វិធានការ​លម្អិត​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​សេចក្ដីសម្រេច​ស្ដីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានប្រគល់​ភារកិច្ច​ឱ្យ​ក្រសួងពាណិជ្ជកម្ម​លក់​ស្បៀង​មូលដ្ឋាន​ជាបន្ទាន់ និង​សម្របសម្រួល​ឱ្យមាន​ការផ្គត់ផ្គង់ ដឹកជញ្ជូន និង​ចែកចាយ​ស្បៀងអាហារ​និង​គ្រឿងឧបភោគ​បរិភោគ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ដោយហេតុថា ទីផ្សារ និង​ទីកន្លែង​លក់​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ត្រូវបាន​ផ្អាក​សកម្មភាព ជាប​ណ្ណោះ​បណ្ដោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុងអំឡុង​ពេលដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ដ្ឋា​ន ឬ​ទី​សំណាក់ លើកលែងតែ​ករណី​ចាំបាច់ និង​បន្ទាន់​មួយចំនួន ដូច​មានចែង​ក្នុង​សេចក្តីណែនាំ​ខាងលើ​។ ដូច្នេះហើយ​ទើប​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​ឱ្យមាន ការផ្គត់ផ្គង់​លក់​ស្បៀង​តាម​រថយន្ត​ចល័ត តាម​ស្តង់ និង​សេវា​លក់​ស្បៀង​មូលដ្ឋាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​លក់​តាម​ទីផ្សារ​អន​ឡាញ ហើយ​ដឹកជញ្ជូន​ចែកចាយ​ដល់​មុខផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​

​ស្បៀងអាហារ​និង​គ្រឿងឧបភោគ​បរិភោគ​ចាំបាច់​ជា​មួល​មូលដ្ឋាន​ដែល​លក់​ផ្គត់ផ្គង់​ដោយ​ក្រសួងពាណិជ្ជកម្ម​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ រួមមាន អង្ករ មី​កញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹក​ស៊ី​អី​វ ទឹកបរិសុទ្ធ ឆៃប៉ូវ​និង​ស្បៀង​មួយចំនួនទៀត ដែល​ដាក់លក់​នៅលើ​ទីផ្សារ​អន​ឡាញរ​បស់​ក្រសួងពាណិជ្ជកម្ម​ដោយ​ផ្តល់​សេវា​ដឹកជញ្ជូន​ដល់​លំនៅឋាន​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម​ដោយ​មិន​គិតថ្លៃ​ឈ្នួល ដែល​រៀបចំ​ដោយ​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​ផ្ទាល់ សំដៅ​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​ត្រឹមត្រូវ​បំផុត​នូវ​វិធាន​ការពារ​កូ​វីដ​-១៩ កំណត់ដោយ​ក្រសួងសុខាភិបាល​

​លោក​បន្តថា​គិត​មកដល់​ថ្ងៃនេះ ក្រសួង​បានទទួល​ការបញ្ជាទិញ​យ៉ាងច្រើន​ពី​ប្រជាជន​លើ​ទីផ្សារ​អន​ឡាញ​ក្រសួង ពាណិជ្ជកម្ម ដោយ​បាននិងកំពុង​ស​ម្រ​ប​សម្រួល​បញ្ជូនស្បៀង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​បាន​ចំនួន ៥៩៧ ការបញ្ជាទិញ​។​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​ប្រចាំថ្ងៃ​ចាំបាច់​ជាបន្ទាន់ នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​នេះ ហើយ​គ្មាន​លទ្ធភាព​ទិញ​ស្បៀង​ដែល​លក់​ផ្គត់ផ្គង់​ដោយ​ក្រសួងពាណិជ្ជកម្ម និង​លក់​ដោយ​អាជីវករ​ឯកជន ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ​អាច​ជូនដំណឹង​ទៅ​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ដែល​ហៅ​កាត់​ថា “​គ​.​ប​.​ខ​.” តាមរយៈ​ក្រុម​តេ​ឡេ​ក្រាម (Group Telegram) “​តម្រូវការ​បន្ទាន់​នូវ​ជំនួយ​ស្បៀង​ចាំបាច់ (​គ​.​ប​.​ខ​.)” ដោយ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​អំពី​៖ (១) ស្ថានភាព​មុខរបរ​, (២) ស្ថានភាព​គ្រួសារ​, (៣) ស្ថានភាព​បន្ទាន់​ចាំបាច់​ដែលមាន​តម្រូវការ​ស្បៀង​, (៤) ទីតាំង​ស្នាក់នៅ ដូចជា លេខ​ផ្ទះ លេខ​ផ្លូវ សង្កាត់ ខ័​ណ្ឌ និង (៥) លេខ​ទំនាក់ទំនង ដើម្បី​ទទួលបាន​នូវ​ស្បៀង​ជំនួយ​សង្គម​។ បន្ទាប់​នោះ គណៈកម្មការ គ​.​ប​.​ខ​.​នឹង​រៀបចំ​ចាត់ចែង​ជូន​តាម​សំណូមពរ ជាបន្ទាន់​និង​តាម​ការចាំបាច់​។​

​អ្នកនាំពាក្យ​ដដែល​បន្តថា​ជាមួយនឹង​ការលក់​ផ្គត់ផ្គង់​ស្បៀង​និង​គ្រឿងឧបភោគ​បរិភោគ​ចាំបាច់​សម្រាប់ ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម​ដូច​បានបញ្ជាក់​ខាងលើ​ក្រសួងពាណិជ្ជកម្ម​ក៏បាន​បញ្ចេញ​ស្បៀង​ឱ្យ​ចរាចរណ៍​ក្នុង​ទីផ្សារ​តាមរយៈ​រថយន្ត​ចល័ត​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​និង​របស់​ក្រសួង​ចំនួន​៨​គ្រឿង​និង​បើក​ស្ដង់​លក់ទំនិញ​របស់​ក្រសួងពាណិជ្ជកម្ម សរុប​មាន ១១ ទីតាំង ដែលមាន ២៥ ស្តង់ ដើម្បី​ទ្រទ្រង់​ស្ថិរភាព​ថ្លៃទំនិញ​ជា​ស្បៀង​មូលដ្ឋាន ក៏ដូចជា ទប់ស្កាត់​ការឡើង​ថ្លៃ​ហួស​ហេតុដែល​បង្កឡើង​ដោយ​ជន​ឆក់​ឱកាស និង​ជនខិលខូច​មួយចំនួន​។​

ក្រសួងពាណិជ្ជកម្ម​ក៏បាន​ចាត់​មន្ត្រី​របស់ខ្លួន​ឱ្យ​បន្ត​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​តាម​ទីផ្សារ​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ការបន្លំ​គុណភាព​ការលក់ដូរ​បំប៉ោង​តម្លៃ​ទំនិញ​ព្រមទាំង​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ឲ្យ​បិទ​ស្លាក​ថ្លៃ​នៅលើ​មុខទំនិញ និង​កុំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ថ្លៃទំនិញ​តាម​អំពើ​ចិត្ត​លើសពី​តម្លៃ​ទំនិញ​ដែល​បាន​លក់​មុនពេល​បិទ​ខ្ទប់​។ ក្នុងករណី​មាន​ការលួចបន្លំ​ដំឡើងថ្លៃ​ណាមួយ​កើតឡើង​ប្រជាពលរដ្ឋ​អាច​រាយការណ៍​ជាបន្ទាន់​មកកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​របស់​ក្រសួង ឬ​មន្ត្រី​ប្រចាំការ​នៅតាម​ស្តង់​លក់ទំនិញ​ដើម្បី​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា​។​

​ក្រសួងពាណិជ្ជកម្ម​ដើម្បី​បម្រើ​តម្រូវការ​ទំនិញ​ជា​ស្បៀង​និង​គ្រឿងឧបភោគ​បរិភោគ​ដទៃទៀត​ក្រៅពី​ស្បៀង​ដែល​ក្រសួង​លក់​ផ្គត់ផ្គង់ ក្រសួងពាណិជ្ជកម្ម​បាន​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​អាជីវករ​មួយចំនួន ដើម្បី​ចូលរួម​ផ្គត់ផ្គង់​ទំនិញ​ចាំបាច់​ដទៃទៀត​ជូន​ដល់​ប្រជាពលរដ្ឋ​។ តាមរយៈ​ការសម្របសម្រួល​នេះ ក្រសួងពាណិជ្ជកម្ម​បាន​តម្រូវឱ្យមាន​ការលក់​តែ​ទំនិញ​ដែលមាន​តម្រូវការ​ចាំបាច់​បំផុត ដូចជា មាន់ ត្រី​សាច់ បន្លែ ផ្លែឈើ អាហារ​សម្រាប់​កុមារ និង​ម្ហូបក្រៀម​ផ្សេងៗ​ក្នុងតម្លៃ​សមស្រប និង​តម្រូវឱ្យ​ការលក់​មាន​របៀបរៀបរយ​តាម​វិធាន​ការពារ​របស់​ក្រសួងសុខាភិបាល​។

​ ​បន្ទាប់ពី​មាន​វិធានការ​ដាក់ចេញ​ជា​បន្តបន្ទាប់​ដោយ​រាជរដ្ឋាភិបាល​សំដៅ​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការផ្អាក​ជាប​ណ្ដោះ​អាសន្ន​នូវ​ទីផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក៏មាន​ការលើក​ឡើងជា​មតិ​ចំហរ​ក្នុង​បណ្ដាញ​សង្គម​មួយចំនួន​ថា ក្រសួងពាណិជ្ជកម្ម​គួរ​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ និង​អាជីវករ ចូលរួម​លក់ទំនិញ​តាម​ទីតាំង​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បង្កើតឡើង​ក្នុង​ទ្រង់ទ្រាយ​តូចៗ ដែល​ប្រការនេះ​គឺ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ហាមប្រាម​ការប្រមូលផ្ដុំ​មនុស្ស​ច្រើន ហើយ​វា​មានន័យ​ស្មើគ្នា​នឹង​ការអនុញ្ញាតឱ្យ​បង្កើត​ផ្សារ​សាជាថ្មី​ឡើងវិញ ដែល​អាចជា​ប្រភព​នៃ​ការចម្លង​ខ្ពស់ ឬ​បង្កើន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទៀតផង​៕សរន