ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃ កម្ពុជាបានអញ្ជើញចូលរួមជាវាគ្មិនកិតិ្តយសក្នុងកិច្ចពិភាក្សាស្តីពី “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន” ក្នុងកម្មវិធី SFF Green Shoots Series ដែលរៀបចំដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី។

កម្មវិធីដែលរៀបចំកាលពីថ្ងៃម្សិលមិញនេះមានការចូលរួមពីវាគ្មិនល្បីៗ ដូចជា លោក រ៉ាវី មេនុន ( Ravi Menon) នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី លោកស្រី ហាចាស រ៉ូគីយ៉ាស់ ប៊ិនធី ហាជី បាដា (Hajah Rokiah binti Haji Badar)នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុប្រ៊ុយណេ លោកបណ្ឌិត ផាទ្រិក ជូរ៉ូ ( Patrick Njoroge) ទេសាភិបាលធនាគារកណ្តាលកេនយ៉ា និងលោកបណ្ឌិត ម៉ាវែល អូភូគូ អាហ្វារី ( Maxwell Opoku-Afari )ទេសាភិបាលរងទី១ធនាគារកណ្តាលហ្គាណា។ 

ក្នុងកិច្ចពិភាក្សានោះ លោកស្រី បានលើកឡើងអំពីការអភិវឌ្ឍនិងសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេស ការអភិវឌ្ឍប្រព័ន្ធបាគងក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការឆ្លងគ្រឹះស្ថានក្នុងប្រទេសកម្ពុជានិងការផ្ទេរប្រាក់ឆ្លងប្រទេស។ 

ក្នុងឱកាសនោះដែរ អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានចេញផ្សាយជាផ្លូវការនូវឯកសារសិក្សាស្រាវជ្រាវ (White Paper) ស្តីពី “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន” ដែលជាសមិទ្ធិផលដំបូងនៃការអនុវត្តគម្រោង Global Foundational Stack ផ្តួចផ្តើមដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី និងមានការចូលរួមពីធនាគារជាតិនៃកម្ពុជា អាជ្ញាធររូបិយវត្ថុប្រទេសប្រ៊ុយណេ ធនាគារកណ្តាលប្រទេសកេនយ៉ា និងធនាគារកណ្តាលប្រទេសហ្គាណា ហើយករណីសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រទេសកម្ពុជាក៏ត្រូវបានដាក់បញ្ចូលជាផ្នែកមួយក្នុងឯកសារសិក្សាស្រាវជា្រវនេះដែរ៕/PC