Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងទេសចរណ៍...

ក្រសួងទេសចរណ៍ កំពុង​ជំរុញ​ការសិក្សា​អំពី​ការទទួល​ភ្ញៀវទេសចរ នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២១

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈក្រសួងទេសចរណ៍ នៅពេលនេះ​កំពុង​ជំរុញ​ការ​រក្សា​លទ្ធភាព​​ទទួលភ្ញៀវ​​​ទេសច​រ​​​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​រួចហើយ ដែល​មកពី​ទីផ្សារ​ណា​មាន​ហានិភ័យ​ទាប ដែល​រំពឹងថា នឹង​ចាប់ផ្តើម​នៅក្នុង​ត្រីមាស​ទី ៤​ខាងមុខនេះ ដើម្បី​សង្គ្រោះ​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​កម្ពុជា​ឡើង​វិញ ក្រោយ​ពេលដែល​ឧស្សាហ​កម្មនេះ​កំពុង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា ចំពោះ​ផែនការ​បើក​ដំណើរ​ការទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​ឡើងវិញ​នេះ ក្នុង​ជំ​ហ៊ាន​ដំបូង ក្រសួងទេសចរណ៍ និង​ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល អំពី​លក្ខខណ្ឌ​ឲ្យ​ប្រាកដថា​តើ​យើង​នឹង​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​រួច​រាល់​ហើយ ចូលមក​ប្រទេស​កម្ពុជា​នោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​កម្រិតណា ឬ​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់​មក​ក្រសួង​នឹង​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​អនុវត្ត​កិច្ចការងារ​នេះ​។​

​លោក​បាន​បន្តថា ទន្ទឹមនឹង​អ្វីដែល​យើង​បាន​សិក្សា​លើ​ទីផ្សារ​នេះ ក្រសួងទេសចរណ៍​ក៏​នឹងធ្វើ​ការ​ជាមួយ​អាជ្ញា​ធរខេត្ត និង​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ផងដែរ ក្នុងការ​ស្វែងរក​ការគាំទ្រ ក្នុង​ការជំរុញ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​នៅតាម​គោលដៅ​នានា ដើម្បី​ធានាថា គោលដៅ​ទេស​​ចរណ៍​របស់​យើង​មាន​សុវត្ថិភាព និង​ទំនុកចិត្ត ដែល​អាច​ទទួលយក​ភ្ញៀវទេសចរ​ដែល​បានទទួល​វ៉ាក់សាំង​នេះ​បាន​មុន​។​

​ក្រៅពីនេះ​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ដែរថា ក្រសួងទេសចរណ៍ ក៏​នឹង​តម្រូវ​ឲ្យ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំង​អស់​​ត្រូវ​គិត​អំពី​គុណភាព​សេវាកម្ម និង​តម្លៃ​ឲ្យ​បាន​សមរម្យ ជាពិសេស ត្រូវអនុវត្ត​ស្តង់ដារ​ថ្មី ក្នុង​បរិបទ​កូ​វីដ​១៩​នេះ ជាមួយ​វិធានការ​យ៉ាង​ម៉ឹងម៉ាត់ គឺ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ជាមួយគ្នានេះ ក៏ត្រូវ​ធ្វើយ៉ាងណា​ផ្តល់​​ទំនុកចិត្ត​ខ្ពស់​ដល់​ភ្ញៀវទេសចរ តាមរយៈ​តម្រូវ​ឲ្យ​បុគ្គលិក​បម្រើការ​ងារ​រប​ស់​ខ្លួន ត្រូវ​ពាក់​កាត​បុគ្គលិក និង​កាត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជាប្រចាំ​ក្នុងអំឡុងពេល​បំពេញភារកិច្ច​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា «​សរុប​រួម​មក ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​នេះ ទី​១ គឺ​ការកសាង​ឲ្យ​បាន​នូវ​ទំនុក​ទុកចិត្ត​ដល់​អ្នកទេសចរ​។ ទី​២ គឺ​គុណភាព និង​សេវាកម្ម​ផលិតផល​ទេសចរណ៍ និង​តម្លៃ​ឲ្យ​បាន​សមរម្យ និង​ទី ៣​គឺ​ការសម្រួល​ការធ្វើដំណើរ​ដល់​ទេសចរ​នៅតាម​ច្រកទ្វារ​អន្តរជាតិ​»​។​

​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រីក្រសួង​ទេស​រណ៍​ក៏បាន​លើកឡើង​អំពី​ការខិតខំ​ពង្រឹង​ការគ្រប់គ្រង​ចលនា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ក្នុងពេលដែល​រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​នឹងមាន​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​ច្រើន ហើយ​ប្រសិនបើ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​បញ្ចប់​ការបិទ​ខ្ទប់​ទៀត នឹងមាន​ភ្ញៀវទេសចរ​ពី​ភ្នំពេញ និង​ខេត្តកណ្តាល​ចេញ​ដើរ​កម្សាន្ត​ច្រើន​ទៅ​តំបន់​សមុទ្រ ខេត្ត​ភូមិភាគ​ឦសាន និង​ខេត្តសៀមរាប ជាដើម​។

​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០២០​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​តែ ១,៣១​លាន​នាក់​ប៉ុណ្ណោះ ដោយមាន​ការថយចុះ​ប្រមាណ ៨០% និង​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៩ លាន​នាក់ ថយចុះ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ កន្លងទៅ​។ ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កាលពី​ឆ្នាំមុន បានធ្វើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា បាត់បង់​ចំណូល​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular