ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាឲ្យបើកយុទ្ធនាកាចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ ឆ្នាំឡើងទៅដោយផ្តើមចេញពី «តំបន់ក្រហម» ក្នុងរាជធានីភ្នំពេញ ។ សម្តេចបានចេញបញ្ជាឲ្យកងទ័ពដែលកំពុងចាក់វ៉ាក់សាំងឲ្យគ្រួសារ កងទ័ពនៅរាជធានីភ្នំពេញបើកយុទ្ធនាការ ។ នេះបើយោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។
តាមរយៈសារសំឡេងដែលផ្ញើទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងផ្ញើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចបានចេញបញ្ជាឲ្យក្រសួងការពារជាតិទទួលភារកិច្ចពីគណៈកម្មការចំពោះកិច្ចដើម្បីបើកយុទ្ធនាការ ថ្នាក់ជាតិចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះហើយក្នុងយុទ្ធនាការនេះត្រូវធ្វើឲ្យបានលឿនបំផុត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ហើយឲ្យកងទ័ពចូលធ្វើតែម្តងដើម្បីចៀសវាងប្រជាជនចេញពីតំបន់ក្រហម មកចាក់ខាងក្រៅ ចូលទៅរកទីតាំងនៅក្នុងហ្នឹងដោយទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ចឲ្យកងទ័ពអនុវត្តតែម្តងយកវ៉ាក់សាំងចាក់ជូនប្រជាជននៅតំបន់ហ្នឹង។ហើយ កុំខ្វល់ថាប្រជាជនមកពីត្រង់ណា ឲ្យតែយល់ព្រមគឺចាក់ ឲ្យតែម្តងហើយចេញកាតឲ្យគាត់ ព្រោះនៅតែប្រជាជនយើងដដែរគ្រាន់តែមកពីខ័ណ្ឌនេះ ខ័ណ្ឌនោះ តែយើងត្រូវមាន សណ្តាប់ធ្នាប់ដោយសារយើងខ្វះកន្លែងចាក់ អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថាថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ អញ្ចឹងយើងយើងអាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់ សាំងដោយប្រើកម្លាំងកងទ័ពចាក់តែម្តង ។ យកតំបន់ក្រហមបើកយុទ្ធនាការតែម្តង ដូសទី១អាចចាប់ផ្តើមមុនថ្ងៃទី ៥ ឧសភាក៏បាន»។
សម្តេចបន្តថា៖«ចាក់ត្រូវចាក់ប្រជាជននៅតំបន់ក្រហមនេះគឺឲ្យកងទ័ពចូលធ្វើតែម្តងដើម្បីបង្កើតធាតុសាំនៅក្នុងទីក្រុងភ្នំពេញ យើងកុំរំខានទៅគណៈកម្មការចំពោះកិច្ចព្រោះ កងទ័ពមានបទពិសោធន៍ហើយក្នុងការចាក់ក្នុងភូមិ ឬទីតាំងណាមួយនៅក្នុងសង្កាត់នោះ គ្រាន់តែកំណត់ភូមិនេះចាក់ថ្ងៃនេះ ភូមិនោះចាក់ថ្ងៃនោះ ឬមួយថ្ងៃចាក់២ ភូមិហើយ ឲ្យ ប្រជាជនទៅចាក់ឲ្យតែអាយុ ១៨ឆ្នាំឡើងរាប់ទាំង ជនបរទេសផងដែរ ធ្វើអានេះឲ្យសម្រេច បើមិនអញ្ចឹងទេនៅទ្រេតទ្រោតៗ អន្ទង់វែងឆ្នាំងវែង វាពិបាក ដូចនេះខ្ញុំឯកភាព វ៉ាក់ សាំងមកដល់ស្អែកនិងវ៉ាក់សាំងដែលនៅសល់ប្រគល់ឲ្យកងទ័ពតែម្តង ចាក់នៅ៤ ខណ្ឌ័ដែលជាតំបន់ក្រហមតែម្តងចាក់ស្រោចតែម្តង រួចហើយគង់តែមកដល់ទៀតទេ បើចាក់ នេះមួយដុំ នោះមួយដុំ វាគ្មានប្រយោជន៍ទេ »។
បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាថ្ងៃស្អែកវ៉ាក់សាំងយើងនិងមកដល់បន្ថែមបូកទៅលើវ៉ាក់សាំងដែលមាននៅសល់ប្រហែលជា ១ លានដូស ដូចនេះចាក់ឲ្យប្រជា ជនបានប្រមាណ ៥០ម៉ឺននាក់ ហើយយើងនឹងបន្តចាក់រហូតអស់ព្រោះវ៉ាក់សាំងនិងមកដល់ថ្មីទៀត យើងនិងចាក់នៅភ្នំពេញនិងខេត្តកណ្តាលឲ្យអស់ប្រជាជនប្រមាន៣ លាន នាក់ ហើយបណ្តាខេត្តត្រូវផ្អាកសិន ។ ដូចនេះចាក់ស្រោចទៅលើប្រជាជននៅក្នុង ៤ ខ័ណ្ឌនៅភ្នំពេញ បូកទាំងខេត្តកណ្តាល ។
សូមជម្រាបថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,០៦៣ នាក់ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០,៥១៣នាក់, អ្នកជាសះស្បើយចំនួន ៣,៧០៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧២៧០នាក់, អ្នកស្លាប់ចំនួន ៨២នាក់ និងអ្នកជំងឺកូវីដ១៩ស្លាប់ដោយជំងឺផ្សេងមាន ចំនួន ៧នាក់៕