ដោយៈប.ជ័យ / បន្ទាយមានជ័យ: លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាល ពីល្ងាចថ្ងៃទី២៧ ខែមេសា បានអំពាវនាវសូមបងប្អូន កុំចេញក្រៅផ្ទះ បើមិនចាំបាច់ខ្លាំង ព្រោះនៅក្រុងប៉ោយប៉ែត មានការឆ្លងជំងឺកូវីដ១៩ជាសហគមន៍ មកដល់ពេលនេះ ក្រុមកាងារកំពុងខិតខំយ៉ាងខ្លាំង ដើម្បីទប់ស្កាត់។ ដើម្បីសុវត្ថិភាព គឺស្នាក់នៅក្នុងផ្ទះ រៀងៗខ្លួន ដើម្បីកាត់ផ្ដាច់ការឆ្លងបន្តទៀត ” ។
សូមរំលឹកថាភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងមូលធ្លាក់ក្នុងតំបន់ក្រហមទាំងស្រុងតាមសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លេខ១៣/២១ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។
ទាក់ទិននឹងប្រសិទ្ធភាពនៃការអនុវត្តលើសេចក្តីសម្រេចនោះ ក៏ដូចជាគោលការណ៍ នានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តដែលចេញជាបន្តបន្ទាប់ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានជួបប្រជុំខ្លីៗផង នៅតែ បន្តដឹកនាំកងកម្លាំង ទាំង បី ចុះត្រួតពិនិត្យទីតាំងគ្រូពេទ្យយកសំណាកលើបុគ្គល ដែលជាប់សង្ស័យថា មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែតនិងដាក់កម្លាំងបិទតាមគោលដៅដើម្បីបិទខ្ទប់គោលដៅភូមិ-សង្កាត់ និងក្រុង ជាពិសេសបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋចេញពីក្រុងប៉ោយប៉ែតទៅក្រុង-ស្រុក ខេត្តផ្សេងទៀត ។
ពលរដ្ឋមកពីតាមបណ្ដា ក្រុង-ស្រុក នៅបណ្ដាខេត្តផ្សេងទៀតក៏មិនអនុញ្ញាតឱ្យចូល មកក្រុងប៉ោយប៉ែតផងដែរ លើកលែងតែរថយន្តដឹកទំនិញធំៗតែប៉ុណ្ណោះ៕/PC