ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជាបានបង្ហាញអំពីសុខភាពរបស់សម្តេចគឺមានលក្ខណល្អធម្មតា បន្ទាប់ពីសម្តេចវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បាន៤ ថ្ងៃមកហើយ ។
នៅក្នុងសារផ្លូវការតាមហ្វេសបុកនាព្រឹកថ្ងៃទី ២៨ ខែមេសា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖« ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូន ទៅសម្តេច ទៀ បាញ់ និង លោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព ។ មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេង របស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង ។ ពិតជាហត់មែនតែមិនមែនជម្ងឺទេគឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតាគ្រាន់តែកំសត់ខ្លួនបន្តិច ព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធ អត់កូន អត់ចៅ ដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក ។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំង ស្ទះឡើយ៕