ប្រែសម្រួល : កញ្ញាដាលីស/CL វគ្គ ១ភាគ២ ជើងទី១ ៖ ក្រុម Paris Saint Germain បើកទ្វារផ្ទះស្វាគមន៍ក្រុម Manchester City សម្រាប់ជំនួបជើងទីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាល ២០២០/២១ នៅយប់ថ្ងៃពុធនេះវេលាម៉ោង ២:០០ រំលងអធ្រាត្រ។
ក្រុមទាំងពីរកំពុងស្ថិតក្នុងកាលវិភាគការប្រកួតមមាញឹកដូចគ្នា ដោយ City លេងការប្រកួតលើកទី ៤ របស់ខ្លួនក្នុងចន្លោះពេល ១១ ថ្ងៃ ខណៈក្រុមម្ចាស់ផ្ទះ PSG នឹងត្រៀមខ្លួនប៉ះក្រុមដដែលនេះក្នុងរយៈពេល ១០ ថ្ងៃទៀត។
ទោះយ៉ាងណា ក្រុមទាំងពីរមិនខ្វះមហិច្ឆតាលើកពាន Champions League លើកដំបូងរៀងៗខ្លួននោះទេ។ ហើយ PSG ប៊ិះតែនឹងស្គាល់រសជាតិពាននេះទៅហើយកាលពីរដូវកាលមុន ប៉ុន្តែត្រូវចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែក City ទើបតែស្គាល់រសជាតិឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីរដងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ PSG បានជួបសងសឹក Bayern បានសម្រេចដោយឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើង ៣-២។ ពួកគេឆ្លងកាត់ផ្លូវដ៏ពិបាកបំផុតទម្រាំឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយផ្តួល Barcelona ផងដែរនៅវគ្គ ១៦ ក្រុមចុងក្រោយក្នុងលទ្ធផលសរុប ៥-២។
ក្រុមមេឃខៀវ Manchester City បានផ្តួលក្រុម Borussia Dortmund ជាមួយនឹងជ័យជម្នះក្នុងការប្រកួតវគ្គ ១/៤ បន្ទាប់ពីផ្តួល Monchengladbach ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ពួកគេក៏ជាក្រុមតែមួយគត់ផងដែរ ដែលមិនស្គាល់រសជាតិចាញ់ក្នុង CL រដូវកាលនេះ ដោយឈ្នះ ៩ និងស្មើ១ គឺស្មើ Porto ។
– ប្រវត្តិ PSG ទល់នឹង Man City
ក្រុមមេឃខៀវ Man City មិនស្គាល់ចាញ់សោះក្នុងជំនួបទាំង ៣ លើកជាមួយ PSG នៅអឺរ៉ុប។ ទោះយ៉ាងណា ពួកគេឈ្នះតែម្ដងគត់ នោះគឺនៅក្នុងវគ្គ ៨ ក្រុមចុងជើងទីពីរក្នុង CL ឆ្នាំ ២០១៥/១៦ នៅកីឡដ្ឋាន Etihad ដោយលទ្ធផល ១-០ ក្រោយជើងទីមួយស្មើ ២-២ នៅទឹកដី PSG។ ជំនួបមួយផ្សេងទៀតរបស់ពួកគេគឺនៅក្នុងវគ្គចែកពូលពាន UEFA Cup រដូវកាល ២០០៨/០៩ ដែលបញ្ចប់ទៅសូន្យស្មើ។
កំណត់ត្រាជារួមរបស់ PSG ទល់នឹងក្លិបមកពី Premier League គឺឈ្នះ ៧ ស្មើ ៨ និងចាញ់ ៨ ពីការប្រកួត ២៣ លើក។ កំណត់ត្រាក្នុងទឹកដីគឺឈ្នះ ៤ ស្មើ ៤ និងចាញ់ ៣ ពី ១១ ប្រកួត។
City ធ្លាប់ប៉ះក្លិបមកពីបារាំង ១០ ដងក្នុងការប្រកួតអឺរ៉ុប ហើយពួកគេឈ្នះ ៤ ស្មើ ៣ និងចាញ់ ៣។ លេងនៅទឹកដីបារាំង City ឈ្នះ ១ ស្មើ ២ និងចាញ់ ២ ពី ៤ ប្រកួត។
ព្យាករណ៍ ៖ ក្រុមទាំងពីរពូកែស៊ុតដូចគ្នា ប៉ុន្តែ City លេងមិនដែលចាញ់ទេក្នុង CL រដូវកាលនេះ ដូច្នេះយើងរំពឹងការប្រកួតនេះមានគ្រាប់បាល់លើសពី៣គ្រាប់ ហើយ City អាចមានប្រៀបឈ្នះឬស្មើពីការប្រកួតនេះ៕