ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក ហេង​សួរ រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួង​ការងារ បាន​ថ្លែងឱ្យដឹងថាៈ គិត​រហូត​ម​ដល់ពេលនេះ មាន​រោងចក្រ​ចំនួន​សរុប ២០៦ រោងចក្រ បាន​មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​កម្មករ ១.៦៧៣ នាក់ ដែលមាន​វិជ្ជមាន កូ​វីដ​-១៩​។​

​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការបន្ត​បិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​នេះ លោក ហេង សួរ បានឱ្យដឹងថាៈ ក្នុងចំណោម រោងចក្រ ទាំង ២០៦ ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ នេះ គឺ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ១៣៤ រោងចក្រ ២៣ រោងចក្រ នៅ​ខេត្តកណ្តាល តាកែវ ២៦ រោងចក្រ ខេត្ត​ព្រះសីហនុ ១៦ រោងចក្រ ស្វាយរៀង ៤ រោងចក្រ កំពង់ឆ្នាំង ១ រោងចក្រ និង​កំពង់ចាម ១ រោងចក្រ​។ ក្នុងចំណោម​នេះ គឺមាន​កម្មករ​ចំនួន​សរុប ១.៦៧៣ នាក់ ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​។ ក្នុងនេះ នៅ​រាជធានី​ភ្នំពេញ មាន​វិជ្ជមាន​កូ​វីដ ១៩ ចំនួន ១.៥៩៨ នាក់ ។ យ៉ាងណាក្តី ចំនួន​នេះ នឹងមាន​ការប្រែប្រួល ដោយសារ​ពេលនេះ គេ​កំពុង​ធ្វើតេស្ត​ទៅលើ​កម្មករ និយោជិត នៅ​ស្រុក​អង្គស្នួល ដើម្បី​រក​វិជ្ជមាន​កូ​វីដ​១៩ នេះ​បន្ថែមទៀត​។​

​លោក​រដ្ឋលេខាធិការ ក្រសួង​ការងារ បានបញ្ជាក់​បន្ថែមថាៈ នាពេល​កន្លងមក មាន​កម្មករ និយោជិត ជាង ១៧.០០០ នាក់ ដែល​បាន​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​នាពេល កន្លងមក​៕/V​-PC