Home ព័ត៌មានជាតិ នយោបាយ នួន ហុង​លីម​៖...

នួន ហុង​លីម​៖ ការចងចាំ​អំពី​ជីវិត​ក្នុង​របប​ខ្មែរក្រហម​

ដោយ ស៊ា​ង ចិន្ដា ៖ នាយក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម​
​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​លោកតា នួន ហុង​លីម មាន​ជំនាញ​ធ្វើ​នំប៉័ង និង​ជា​អ្នក​រស់រានមានជីវិត​មួយរូប ពី​របប​ប្រល័យ ពូជសាសន៍​ខ្មែរក្រហម​។ លោកតា បាន​ចែករំលែក​អំពី​សាវតារ​របស់ខ្លួន ក៏ដូចជា​រំឭក​អំពី​ដំណើរ​ជីវិត​របស់ខ្លួន មុនពេល​និង​ក្នុង​របប​នេះ ជាពិសេស​នូវ​ព្រឹ​ត្ត​ការណ៍ ដែល​លោកតា​ចាំ​មិន​ភ្លេច ដូចជា​ការជម្លៀស ចេញពី​ភូមិ​ស្រុក និង​ការ​រៀបការ​ក្នុងសម័យ ខ្មែរក្រហម​ជាដើម​។

លោកតា នួន ហុង​លីម សព្វថ្ងៃ​រស់នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​លោកតា លីម កើត​នៅ​ឆ្នាំ​១៩៥៥ ក្នុង​គ្រួសារ​កសិករ​នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ លោកតា​មាន​បងប្អូន​ប្រុស​ស្រី​ចំនួន​១១​រូប ប៉ុន្តែ​បាន​បាត់ បង់ជីវិត​មួយ ចំនួន​។ លោកតា បាន​រៀន​ដល់​ថ្នាក់​ទី​៧​ចាស់​នៅ​សាលាបឋមសិក្សា​ភ្នំ​តា​ងិ​ល ដែល​ស្ថិតនៅ​ឆ្ងាយ​ពី ភូមិកំណើត​របស់ខ្លួន​។ ដោយសារតែ​ជីវភាព​ក្រីក្រ លោកតា បាន បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៧ នៅ​អាយុ​១៤​ឆ្នាំ និង​បាន​រៀន​ធ្វើ​នំ​បុ័ង​លក់​។ លោកតា បាន​ដុត​នំ​បុ័ង និង​តែងតែ​ដឹក​យកមក​លក់​នៅ​ទី​រួម ខេត្តកំពង់ចាម​។ នា​ថ្ងៃមួយ​ក្នុង​ឆ្នាំ​១៩៦៩ លោកតា បាន​យកនំ​បុ័ង​មក​លក់ និង​បានឃើញ​ការធ្វើ បាតុកម្ម​នៅ​ទន្លេ​អុំ​។ លោកតា ពិតជា​ភ័យ​តក់ស្លុត​ចំពោះ​ព្រឹ​តិ្ត​ការណ៍​ដែល​បានឃើញ​នេះ​។ បន្ទាប់ពី​មាន រដ្ឋប្រហារ​របស់ លន់ នល់ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​សង្គ្រាម ស៊ីវិល​រវាង​ទាហាន លន់ នល់ និង​កងទ័ព​ខ្មែរក្រហម​។
​ទោះបីជា​ស្ថិតក្នុង​គ្រា​ផ្ទុះឡើង​សង្គ្រាមស៊ីវិល​យ៉ាងណាក៏ដោយ លោកតា លីម នៅតែ បន្តធ្វើ​នំ​បុ័ង និង​លក់ដាច់​ដូច​ធម្មតា ជាពិសេស​មាន​ឈ្មួញកណ្ដាល ដែល​បានទទួល​ទិញ នំ​បុ័ង​លក់​បន្ត​នៅតាម​ចំណត​ឡាន​ឈ្នួល​។ រហូតដល់​ឆ្នាំ​១៩៧២ កងទ័ព​ខ្មែរក្រហម​បាន​ចូល មកដល់​ភូមិ​របស់​លោកតា​។ លោកតា និង គ្រួសារ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពីផ្ទះ ទៅកាន់​ភូមិ​ជី​ហែ ដែល​ស្ថិតនៅក្នុង​តំបន់​រំដោះ​របស់​ខ្មែរក្រហម​។ លោកតា ត្រូវបាន ខ្មែរក្រហម​ដាក់​ឲ្យ​នៅ​ធ្វើការ​ក្នុង​កងចល័ត​យុវជន ដែល​ត្រូវ​ធ្វើការ​ភ្ជួរ​រាស់ និង​ដាំ​ដំណាំ រួមមាន ដំឡូង និង​បន្លែ​។ សង្គ្រាម​រវាង​ទាហាន លន់ នល់ និង​កងទ័ព​ខ្មែរក្រហម បាន​ផ្ទុះ​កាន់តែខ្លាំង​ឡើង ទាំង​តាម​ផ្លូវគោក និង​តាម​បណ្ដោយ​ទន្លេមេគង្គ​។ លោកតា បាន​ឲ្យ​ដឹង​បន្ថែមថា «​នាវា​ទាហាន​ម៉ា​រី​ន លន់ នល់ តែងតែ​ធ្វើដំណើរ​តាម​បណ្ដោយ​ទន្លេមេគង្គ ដើម្បី​ដឹក​ស្បៀង និង​សម្ភារ​សឹក​ផ្សេងៗ​ពី​ភ្នំពេញ ទៅកាន់​ទី​រួម​ខេត្តកំពង់ចាម ហើយ​កងទ័ព​ខ្មែរក្រហម បាន​លប​វាយឆ្មក់​ជា​ញឹកញាប់​»​។

ផ្ទះ​របស់​លោកតា នួន ហុង​លីម នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ លោកតា លីម ត្រូវបាន​ចល័ត​មកកាន់​ភូមិ​កោះ​ថ្មី​វិញ​។ នៅ​ចុងឆ្នាំ​១៩៧៥ លោកតា​ត្រូវបាន​អង្គការ​ឲ្យ​រៀបការ​ជាមួយ​មិត្ត​នារី យ៉ាង ស៊ី​ម៉ាន់​។ លោកតា បាន​រំឭកថា «​ខ្ញុំ​មិនដែល​បាន​ជួប​មុខ​ប្រពន្ធ​ខ្ញុំ​ពីមុនមក​ទេ ពីព្រោះ​អង្គការ​បានរៀបចំ​ឲ្យ​ការ​។ ក្នុង​ថ្ងៃ​រៀបការ​នោះ គឺមាន​ទាំងអស់​ចំនួន​១០​គូ​។ ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​នោះទេ ក្រៅតែពី​ពាក្យ​ប្ដេជ្ញា​ចំពោះ​អង្គការ និង​ហូប​អី​បន្តិច រួចហើយ​ត្រឡប់ទៅផ្ទះ​វិញ​»​។

​នៅ​ចុងឆ្នាំ​១៩៧៦ លោកតា លីម និង​ភរិយា ទទួលបាន​កូនប្រុស​មួយ​។ លោកតា ត្រូវបាន​បញ្ជូន​ចេញទៅ​ឆ្ងាយ​ពី​គ្រួសារ ទៅ​កងចល័ត​សហករណ៍​ដែលមាន​សម​មិត្ត​ប្រហែល​១០០​នាក់ ដើម្បី​ធ្វើការ​នៅតាម​ការដ្ឋាន​ផ្សេងៗ​។ លោកតា លីម បាន​លើកឡើងថា «​ខ្ញុំ​ក្រោក​ធ្វើការ​ពី​ម៉ោង​៥​ទៀបភ្លឺ ទៅ​ភ្ជួរ​រាស់ ស្ទូងស្រូវ ដាំដំឡូង និង​ជីក​កាយ​ដី​ប្រឡាយ​ជាដើម​។ ខ្ញុំ​មិនសូវ​បាន​ជួប​មុខ​ប្រពន្ធ​កូន​ទេ ពីព្រោះ​ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ចល័ត​ធ្វើការ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»​។ នៅក្នុង​ខែភ្លឺ អង្គការ​បានរៀបចំ​ពេល​វេលា​ធ្វើការ គឺ​ចាប់ពី​ម៉ោង​១​យប់ រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ និង​ចាប់ពី​ម៉ោង​១​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៦​ល្ងាច ទើបបាន​សម្រាក​។ លោកតា បាន​បន្តថា «​ខ្ញុំ​ត្រូវ​ធ្វើការ​ភ្ជួរ​រាស់​ដី និង​លើក​ទំនប់​ចាប់ពី​ម៉ោង​១​យប់ ដល់​ម៉ោង​៦​ល្ងាច​។ ខ្ញុំ​ពិតជា​មិនដឹងថា នេះ​គឺជា​ផែនការ​របស់​ខ្មែរក្រហម​អី​ទេ ទាំងថ្ងៃទាំងយប់​។ ក្នុង​យប់​មួយពេល​កំពុង​ភ្ជួរ​រាស់​ដី​ដាំដំឡូង ខ្ញុំ​រមួល​ពោះ​ឃ្លាន​នំ​បុ័ង​។ គិតដល់​ត្រឹមនេះ គឺ​អស់​រយៈ ពេល​ជាច្រើន​ឆ្នាំ​ហើយ ដែល​ខ្ញុំ​មិនបាន​ហូប​នំ​បុ័ង​។ ខ្ញុំ​នៅចាំ​បាន​ថា ខ្ញុំ​ក្រោក​នៅ​ម៉ោង​៤​ទៀបភ្លឺ​ដើម្បី​ធ្វើ​នំ​បុ័ង ប៉ុន្តែ​ក្នុង​របប​ខ្មែរក្រហម ខ្ញុំ​ក្រោក​នៅ​ម៉ោង​១​យប់ គឺ​ត្រឹមតែ​ធ្វើការ​ភ្ជួរ​រាស់​ដី​ដោយ​បង្ខំ​តាម​បញ្ជា​របស់​ខ្មែរក្រហម​»​។ លោកតា​បានធ្វើការ​នៅក្នុង​កងចល័ត រហូតដល់​កងទ័ព​ខ្មែរក្រហម​ភូមិភាគ​និរតី​បានមក​ដល់​ភូមិ​កោះ​ថ្មី នៅក្នុង​ឆ្នាំ​១៩៧៨​។ កងទ័ព​ខ្មែរក្រហម​ភូមិភាគ​និរតី បានចាប់ផ្ដើម​ចាប់​កម្មាភិបាល​ខ្មែរក្រហម​ភូមិភាគ​បូព៌ា យកទៅ​សម្លាប់ចោល​ជា​បន្តបន្ទាប់​។ ចាប់តាំងពី​ពេលនោះ​មក ការធ្វើការ​ហួសកម្លាំង ការ​វាយ​ធ្វើបាប ការ​បង្អត់អាហារ និង​ការសម្លាប់ គឺ​កើតមាន​កាន់តែខ្លាំង​ឡើង​។ នៅ​ដើមឆ្នាំ​១៩៧៩ លោកតា លីម និង​គ្រួ​សារបាន​រួចផុតជីវិត​ពីរ​បប​ខ្មែរក្រហម និង​បាន​បន្ត​អាជីព​ធ្វើ​នំ​បុ័ង​លក់ រហូតដល់​ឆ្នាំ​១៩៩៦​។ លោកតា លីម នៅតែមាន​ការចងចាំ​យ៉ាង​ល្អ​អំពី​រឿងរ៉ាវ​ជីវិត និង​បទពិសោធន៍ ការដាំ​ដំឡូង និង​បន្លែ​ផ្សេងៗ​ក្នុង​របប​ខ្មែរក្រហម ដើម្បី​ចែករំលែក​ដល់​កូនចៅ និង​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ដឹង​អំពី​ប្រ​វ​តិ្ត​សាស្ត្រ​នេះ​។

​គួរ​រំឭក​ផងដែរ​ថា «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ខ្មែរក្រហម​» នៅ​ខេត្តកំពង់ចាម មាន​ដាក់​បង្ហាញ​អំពី​ពិព័រណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់​សិស្សានុសិស្ស គរុ​សិស្ស លោកគ្រូ​/​អ្នកគ្រូ អ្នក​រស់រានមានជីវិត អ្នកសិក្សា​ស្រាវជ្រាវ និង​សាធារណជន​ទូទៅ ដើម្បី​ស្វែងយល់​បន្ថែម​ទៅលើ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ នៅក្នុង​ផ្ទាំង​នីមួយៗ មានការ​រចនា​នូវ​ស្លឹក​ដំឡូង​មី ដែល​បាន​បង្កប់​អត្ថន័យ​ការធ្វើ​កម្លាំង​ពលកម្ម និង​ការ​រួច​ផុតពី​ការអត់ឃ្លាន​ក្នុង​របប​ខ្មែរក្រហម​៕​សរន​


ផ្លូវលំ​ទៅផ្ទះ​លោកតា នួន ហុង​លីម នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ការិយាល័យស្រាវជា្រវ និងឯកសារខ្មែរក្រហម នៅខេត្តកំពង់ចាម 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular