​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅថ្ងៃនេះ ដោយមាន​ចំណារ​ឯកភាព​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក វេ​ង ស​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង តំណាង​ឲ្យ​លេខាធិការដ្ឋាន​ស្បៀង​បម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​៣ បាន​យក​អង្ករ​ចំនួន ៧៨ តោន ដែល​ទទួលបាន​ពី​កម្មវិធី​ស្បៀង​បម្រុង​អាស៊ាន​បូក​បី ទៅ​ប្រគល់ជូន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​ប្រឈម​នឹង​ការខ្វះ​ស្បៀង​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វិដ​-១៩ ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់ ជាពិសេស​តំបន់​ក្រហម នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន ២.៥៨៣ គ្រួសារ​។​

​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ កម្ពុជា​ជា​ភាគី​ម្ចាស់ផ្ទះ បានរៀបចំ​ដឹកនាំ​កិច្ចប្រជុំ​ប្តូរ​វេន ថ្នាក់​រដ្ឋ​មន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន ព្រមទាំង​មាន​កិច្ចប្រជុំ​អមពីរ​ទៀត​គឺ កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន បូក​ឥណ្ឌា ។ ដោយឡែក ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន​បូក​បី រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ស្បៀង​ជា​អង្ករ​ចំនួន ៣០០ តោន របស់​កម្មវិធី​ស្បៀង​បំរុង​អាស៊ាន​បូក​បី ជូន​មក​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់ ចំនួន ៧.៤០០​គ្រួសារ ដែល​រស់នៅក្នុង​ខេត្ត​ចំនួន​៦ គឺ​ខេត្តបន្ទាយមានជ័យ​ចំនួន ១.៥០០​គ្រួសារ បាត់ដំបង​ចំនួន ១.៥០០​គ្រួសារ ពោធិ៍សាត់​ចំនួន ១.២០០​គ្រួសារ កំពង់ធំ​ចំនួន ១.០០០​គ្រួសារ ព្រៃវែង​ចំនួន ១.០០០​គ្រួសារ និង​ខេត្ត​ត្បូងឃ្មុំ​ចំនួន ១.២០០​គ្រួសារ ដោយ​ជនរងគ្រោះ​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ៣០​គីឡូក្រាម​។​

​ជំនួយ​នេះ​បាន​បញ្ជូន​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ស្រប​ពេលដែល​ប្រជា​ពល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​-១៩​យ៉ាងធ្ងន់ធ្ងរ នាពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកសំណើ​ទៅកាន់​លេខាធិការដ្ឋាន​ស្បៀង​បម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​៣ (ASEAN Plus Three Emergency Rice Reserve-APTERR) ដើម្បី​ធ្វើការ​ចែករំលែក​ស្បៀង​ចំនួន ៧៨ តោន ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​ស្បៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​តំបន់​ក្រហម​។

ឆ្លៀតឱកាស​នេះ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ប្តូរ​វេន រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន លោក វេ​ង សាខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​រដ្ឋាភិបាល​ជប៉ុន និង​លេខាធិការដ្ឋាន​អាស៊ាន ដែល​បានធ្វើ​ការសម្រេច​ចែករំលែក​ស្បៀង​បម្រុង​មក​ផ្តល់ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ស្បៀង ស្ថិតនៅក្នុង​តំបន់​ដែល​ទទួលរង​គ្រោះ​ដោយសារ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ ១៩៕