ភ្នំពេញៈរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ឱ វណ្នឌីន បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ខែមេសានេះថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិចិន អាយុ ៤១ឆ្នាំ រស់នៅ ANDA Hotel ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលមកសម្រាកពេទ្យនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង ១៦:៤៥ នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយមានអាការៈក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹក នោមផ្អែមប្រចាំកាយ ។
ប្រភពដដែលបន្តថា ពេលមកដល់មន្ទីរពេទ្យ ដោយការវិវត្តជំងឺមានស្ថានភាពធ្ងន់ធ្ងរឡើងៗ និងហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ផង ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង ៥:០៨ នាទីព្រឹក ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិចិនអាយុ ៤១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូរីដ-១៩ លើអ្នកមានជំងឺ ទឹកនោមផ្អែមប្រចាំកាយ៕សរន