​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ក្រសួង​សុខាភិបាល​វៀត​ណា​ម​នឹង​បញ្ជូន​អ្នកជំនាញការ​មួយ​ក្រុម​ទៅ​ប្រទេស​ឡាវ​ដើម្បី​ជួយ​បង្កើត​ប្រព័ន្ធ​ធ្វើតេស្តិ៍​និង​មន្ទីរពេទ្យ​កណ្តាលវាល​សំរាប់​អ្នកជំងឺ​កូ​វីដ​១៩​។​

​ក្នុងជំនួប​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​លោក ង្វៀន ថាញ់ ឡុង សម​ភាគី​ឡាវ បួន​ហ្វេ​ង ភូម​ម៉ាឡៃ​ស៊ីត​បាន​និយាយថា​ជំងឺឆ្លង​នេះ​បាន​ផ្ទុះឡើង​យ៉ាង​គំហ៊ុក​នៅ​ក្នុងប្រ​​ទេស​លោក​ចាប់​តាំងពី​ថ្ងៃ​២០​មេសា​មក ដោយ​ឥឡួវ​វា​ឆ្លង​រាលដាល​នៅ​១៥​ខេត្ត​ក្នុងចំណោម​១៨​ខេត្ត​របស់​ឡាវ​។​

​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ឡាវ​បាន​កើនឡើង​ថេរ ដោយ​ខ្ពស់បំផុត​គឺ​១០០​នាក់​ក្នុង​មួយថ្ងៃ​។​ការស៊ើបអង្កេត​បង្ហាញ​ថា ជំងឺឆ្លង​នេះ​បង្កឡើង​ដោយ​អ្នក​ចូល​ឡាវ​មក​ពី​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​។​

​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ បណ្តា​មន្ទីរពេទ្យ​ពេញ​ដោយ​អ្នកជំងឺ ដែល​ទាមទារ​ការបង្កើត​មណ្ឌល​វេជ្ជសាស្ត្រ​កណ្តាលវាល​ដើម្បី​ទទួល​អ្នកជំងឺ​កូវី​ដ​១៩​ថ្មីៗ​។​ទោះជា​យ៉ាងណា ប្រទេស​នេះ​មិនទាន់​មាន​អ្នកជំងឺ​ណា​​ម្នាក់​ស្លាប់​ដោយកូវី​ដ​១៩​នៅឡើយ​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម​បាន​និយាយថា វៀតណាម​នឹង​ផ្តល់​ឧបករណ៍​ជំនួយ​ដង្ហើម​ចំនួន​២០០​ដល់​ឡាវ ម៉ាស់​២​លាន សារធាតុ​ក្លរ​១០​តោន​និង​គ្រឿង​បរិក្ខា​ផ្សេងទៀត​។​អ្នកជំនាញការ​វៀតណាម​​មួយក្រុម​ក៏​នឹង​ទៅ​ឡាវ​និង​ជួយ​បង្កើត​ប្រព័ន្ធ​ធ្វើតេស្តិ៍​រក​វីរុស សង់​មន្ទីរពេទ្យ​កណ្តាលវាល ជាពិសេស​បន្ទប់សង្គ្រោះបន្ទាន់​សំរាប់​អ្នកជំងឺ​ធ្ងន់​។​

​វៀតណាម​ក៏​នឹង​គាំទ្រ​សហសេវិក​ឡាវ​ក្នុង​ការព្យាបាល​អ្នកជំងឺ តាមរយៈ​ប្រព័ន្ធ​ទាក់ទង​ពី​ចម្ងាយ ដែល​នឹង​ត្រូវ​ដំឡើង​នៅ​គ្រប់​ទីតាំង​ព្យាបាល​នៅ​ឡាវ​៕

​កាកបាទ​ក្រហម​ឡាវ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​រោគសញ្ញា​កូវី​ដ​១៩​និង​វិធី​ការពារ​ខ្លួន​នៅ​ផ្សារ​មួយ​ក្នុង​ក្រុង​វៀងចន្ទន៍​កាលពី​ថ្ងៃ​៣០​មេសា​