ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា ថ្ងៃទី២៨ និង២៩មេសា អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក ដោយបន្តដឹកជញ្ជូនស្បៀងអាហារ ទៅជូនទៅបងប្អូនប្រជាពលរដ្ឋ បានចំនួន៣៧.២០០គ្រួសារបន្ថែមទៀត នៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ និង២៩ មេសា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋបានចំនួន៣៧.២០០គ្រួសារ ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៥.៥០០គ្រួសារ, នៅពោធិសែនជ័យចំនួន១៨.១០០គ្រួសារ, ខណ្ឌដង្កោ៩០០គ្រួសារ, ខណ្ឌសែនសុខ៥០០គ្រួសារ, ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន៣.០០០គ្រួសារ, ខណ្ឌជ្រោយចង្វា ១.០០០គ្រួសារ, ខណ្ឌដូនពេញចំនួន១.៥០០គ្រួសារ ខណ្ឌ៧មករា ១.០០០គ្រួសារ, ខណ្ឌទួលគោក ១.៣០០គ្រួសារ, ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌបឹងកេងកង ១.០០០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន១.៣០០គ្រួសារ និងខណ្ឌកំបូលចំនួន១.០០០គ្រួសារ។
គួរបញ្ជាក់ថា ៖កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដោយមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕