ដោយៈ​តារា​រិ​ទ្ធ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន ក្រុមការងារ​គណបក្ស​ប្រជា ជនកម្ពុជា​ចុះជួយ​មូលដ្ឋាន​ខេត្ត បាត់ដំបង និង​ព្រៃវែង​បាន​ក្រើនរំឭក​ក្រុម ការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង​ឲ្យ​ខិតខំ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ហើយ​ចៀស​ឱ្យបាន​ជាដាច់ខាត​នូវ​ការ ប្រព្រឹត្ត​សកម្ម​ភាពមិន​គប្បី​ទៅលើ​ប្រជាពលរដ្ឋ ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​បែបនេះ​នៅក្នុង​ការអញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ក្រុមការងារ​កិត្តិ យស​សម្រាប់​ពិគ្រោះ​និង​ផ្ដល់​យោ ប​ល់​ជូន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង និង សមាសភាព​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្ត បាត់ដំបង​តាម​ប្រព័ន្ធ​វីដេអូ​ហ្សូ​មនា​ព្រឹក​ថ្ងៃទី​៣០​ខែមេសា ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ក្រើនរំឭក​ក្រុមការងារ​អភិវឌ្ឍ​យុវ ជន​ខេត្តបាត់ដំបង​ត្រូវខិតខំ​ធ្វើអំពើ​ល្អជា​មួយ ប្រជាពលរដ្ឋ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ហើយ​ចៀស​ឱ្យបាន​ជាដាច់ខាត​នូវ​ការប្រព្រឹត្ត​សកម្មភាព មិន​គប្បី​ទៅលើ​ប្រជាពលរដ្ឋ​។​ដោយ​សម្ដេច​បានផ្ដល់​ការប្រៀបធៀប​ថា​ទាំង​អំពើ​ល្អ​និង​អំពើអាក្រក់​ប្រៀបបាន​ទៅនឹង​ស្រមោល​អន្ទោលតាមប្រាណ​ពោលគឺ​ប្រសិនណាបើ​យើង​ធ្វើអំពើ​ល្អ​នោះ​យើង​នឹង​ជួប​អំពើ​ល្អ​ច្រើន​នៅក្នុង​ជីវិត​ប៉ុន្តែ​ប្រសិនបើ​យើង​ប្រព្រឹត្ត​តែ​អំពើអាក្រក់​មិន​គប្បី នោះ​នឹង​ចៀស​មិន​ផុតពី​ការជួប​រឿងរ៉ាវ​មិនល្អ​ជាក់​ជាមិនខាន​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ​សម្ដេច​ក្រឡា ហោម ស ខេង បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង ក្រុម ការងារ​គណបក្ស​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តបាត់ដំបង​ដែល​បាន​ខិតខំ​រួបរួម​កម្លាំង​សាមគ្គី​បំពេញភារកិច្ច​បំរើ​ជាតិ​និង​ប្រជា ជន​ជាពិសេស​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ក្នុង​មូលដ្ឋាន​ខេត្ត ដូចជា​គ្រោះមហន្តរាយធម្មជាតិ​ខ្យល់​កន្ត្រាក់​ជាដើម ។​

សម្ដេច​ក្រឡាហោម ស ខេង បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​លោម សុខ វាសនា ប្រ​ធា ន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្ត បាត់ដំបង និង​សង្ឃឹម​ជឿជាក់ថា លោក រួម​នឹង​ក្រុមការងារ ដែល​បានប្រកាស​សមាសភាព​នៅ​ថ្ងៃនេះ​នឹង​បន្ត​ខិតខំ​រួបរួម​កម្លាំង​សាមគ្គី​គ្នា​ធ្វើឱ្យ​សម្រេចបាន​ភារ កិច្ច​ទៅតាម​ការប្ដេជ្ញាចិត្ត​ទាំង​៥ ចំណុច និង​បាន​អំពាវនាវ​យុវជន និង​សប្បុរសជន​នានា​បន្ត​ចូលរួម​សហការ និង​គាំទ្រ​ជា​វិភាគទាន​ដល់​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង​ដើម្បី​រួមចំណែក​អភិវឌ្ឍ​យុវជន​និង​ប្រទេសជាតិ​។​

​នៅក្នុង​ឱកាស​នោះដែរ​សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏បានផ្ដល់​អនុសាសន៍​ណែនាំ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ឈាន​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ព្រមទាំង​បាន​ផ្ដល់នូវ​ទស្សនទាន​មួយចំនួន​ជុំវិញ​ដំណើរការ​គ្រប់គ្រង​ការឆ្លង​រីក​រាល​ជំងឺ​កូ​វីដ​-១៩​នៅលើ​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា ព្រម ទាំង​កិច្ចការ​នយោបាយ​មួយចំនួនទៀត​៕​សរន