ដោយៈសុផល/ភ្នំពេញៈស្ត្រីជនជាតិខ្មែរម្នាក់ទៀតអាយុ៥៥ឆ្នាំស្លាប់ដោយសារជំងឺកូវីដ-១៩នៅថ្ងៃទី៣០ខែមេសានេះ ។ នេះបើយោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី៣០ខែមេសា។
ប្រភពដដែលបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៥៥ឆ្នាំ រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២០:២០នាទី ជាមួយស្ថានភាពក្ដៅខ្លួន ក្អក ហត់ខ្លាំង ។ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យ ក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា នៅវេលា ម៉ោង ២ នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ៕សរន