ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ការតវ៉ារបស់ប្រជាពលរដ្ឋរស់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលជាតំបន់ក្រហម ទាមទាររកអំណោយកាលពីយប់ថ្ងៃទី២៩ ខែមេសាត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា គឺមានការញុះញង់ពីក្រុមជនអគតិមួយចំនួននៅពីក្រោយក្នុងការរុញពួកគាត់ឲ្យផ្ទុះការតវ៉ាដើម្បីកេងចំណេញ នយោបាយក្នុងពេលដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងទាំងយប់ទាំងចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋខ្វះខាត។
រូបថតៈសកម្មភាពតវ៉ា កាលពីយប់ថ្ងៃទី២៩ខែមេសា
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ គឺមានមួយចំនួនបានដឹង និងមួយចំនួនមិនបានដឹងអំពីផែនការរៀបចំគំរោងរបស់ក្រុមពួកអគតិដែលស្ថិតនៅក្រៅប្រទេសនោះទេ ដោយសារថា ក្នុងចំណោមប្រជាពលរដ្ឋដែលលេចមុខចេញមកតវ៉ារឿងអំណោយកាលពីយប់ថ្ងៃទី២៩ ខែមេសា គឺពួកគាត់បានទទួលអំណោយពីរដ្ឋបាលធានីភ្នំពេញនៅថ្ងៃទី២៩ មេសា នោះប៉ុន្តែស្រាប់តែពេលយប់ស្រាប់តែ លេចមុខពួកគាត់ចេញមកតវ៉ាសុំអំណោយទៀត។ នេះបញ្ជាក់ឲ្យឃើញថា ការតវ៉ានេះគឺមានអង្គការចាត់តាំងច្បាស់ លាស់ និងមានការផ្តល់គំនិតដល់មេខ្យល់ដើម្បីរៀបចំផែនការនេះ បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលថា មិនបានគិតគូរប្រជាពលរដ្ឋ។
ប្រភពដដែលបានបន្តថា ចំពោះសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋសុំអំណោយជាស្បៀងនេះពួកមេខ្លោងបាន ចាត់តាំងក្រុមបណ្តាញរបស់ខ្លួនឲ្យធ្វើសកម្មភាពរួចហើយថតរូបភាពបញ្ជូនទៅឲ្យពួកគេនៅក្រៅប្រទេស ហើយបង្ហោះផ្សព្វផ្សាយរិះគន់វ៉ៃប្រហារលើរដ្ឋាភិបាល។ ប៉ុន្តែចំពោះកិច្ចការទាំងនេះ គឺអាជ្ញាធរបានដឹងអស់ហើយ។
បើតាមប្រភពដាច់ដោយឡែកមួយទៀតបានបង្ហើបប្រាប់រស្មីកម្ពុជាថាក្រុមមេខ្លោងដែលកំពុងតែគេចខ្លួននៅ ក្រៅប្រទេសកាលពីយប់ថ្ងៃទី២៩ខែមេសាម្សិលមិញបានដាក់ផែនការឲ្យក្រុមបណ្តាញរបស់ខ្លួននៅតាមបណ្តាខណ្ឌមួយចំនួន ធ្វើសកម្មភាពញុះញង់ឲ្យប្រពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ ចេញមកខាងក្រៅផ្ទះឬខាងក្រៅតំបន់បិទ ខ្ទប់ដើម្បីធ្វើការដោះស្រាយបញ្ហាជីវភាព និងត្រូវឱ្យប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ត្រូវនាំគ្នាគោះចាន គោះឆ្នាំង ឬចងក្រណាត់សក្រវី និងស្រែកថា ក្រពះខ្ញុំកូរ ខ្ញុំដាច់បាយហើយ។
ជាការកត់សម្គាល់បន្ទាប់ពីក្រុមមេខ្លោងបានប្រជុំដាក់ផែនការស្រាប់តែនៅយប់ថ្ងៃទី២៩ខែមេសាមានការតវ៉ារបស់ប្រជាពលរដ្ឋរស់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ហើយជាពិសេសនោះ គឺបដារលើកតវ៉ា និងចងលើប៉ារាស់បិទខ្ទប់នោះ គឺវាស៊ីចង្វាក់គ្នាទៅនិងអ្វីដែលពួកមេខ្លោងបានដាក់ចេញ។ សរុបជារួម គឺការតវ៉ានេះ មានការចាត់តតាំងច្បាស់លាស់ និងបណ្តាញដឹកនាំធ្វើសកម្មភាពតវ៉ា។
លោក ឃួង ស្រេង (រូបឯកសារ)
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី៣០ ខែមេសានេះថាការចែកអំណោយដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់គឺរដ្ឋបាលរាជធានីភ្នំពេញបានចុះចែកជាបន្តបន្ទាប់ ហើយកន្លែងណាដែលប្រជាពលរដ្ឋខ្វះខាត គឺក្រុមការងារបានចុះទៅចែកដល់កន្លែងនោះ។
លោកអភិបាលបានបញ្ជាក់ថា“យើងកំពុងតែចែកជាបន្តបន្ទាប់រហូតហើយកន្លែងណាខ្វះដូចកន្លែងនឹងយើងឲ្យគ្នាយើងទៅ។ ហើយកន្លែងដែលតវ៉ាគឺទើបតែបិទខ្ទប់កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១”។
ចំណែកលោកនួនផារ័ត្នអភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែមេសា នេះថា “យើងកំពុងតែស្រាវជ្រាវបន្តបន្ថែមទៀតករណីនិមួយៗ ហើយបើយើងស្រាវជ្រាវរកឃើញ ភាពមិនប្រក្រតីជាពិសេសមានករណីញុះញង់ណាមួយយើងស្រាវជ្រាវទៅតាមនីតិវិធីច្បាប់”។
លោក នួន ផារ័ត្ន (រូបឯកសារ)
លោកបានបន្តថា ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋនេះ គឺវាអាចមានផ្ទះជួលខ្លះដែលក្រុមការងារមិនទាន់ចុះទៅដល់ ប៉ុន្តែជាគោលការណ៍ត្រូវធ្វើទៅតាមលំដាប់អាទិភាពដែលលំបាកទៅមុន។ក្រុមការងារបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋហើយអ្វីដែលអាចធ្វើបានគឺប្រឹងប្រែងធ្វើម៉េចការងារផ្តល់ជំនួយសង្គ្រោះបឋមជាការងារស្នូលមួយក្នុងចំណោមការងារស្នូលធំៗសម្រាប់ការងារបិទខ្ទប់ ហើយប្រឹងប្រែងធ្វើម៉េចយកជំនួយបឋមទៅដល់ផ្ទះរបស់ពួកគាត់។ ហើយបើសិនជាមានការចន្លោះប្រហោងកន្លែងណាឬទៅមិនទាន់ដល់ហើយពួកគាត់ជួបការលំបាកមុនពេលយើងទៅដល់ គាត់ប្រាប់ក្រុមការងារ គឺយើងយកទៅជូនពួកគាត់។ លោកបញ្ជាក់ថា “មកដល់ម៉ោងនេះ ភាពស្មោះត្រង់របស់ប្រជាពលរដ្ឋម្នាក់ៗ ហើយនិងការចូលរួមចំណែករបស់ប្រជាពលរដ្ឋម្នាក់ៗ ជារឿងសំខាន់សម្រាប់ឆ្លងកាត់ការលំបាកដំណាក់កាលកូវីដទាំងអស់គ្នា។យើងកំពុងតែបន្តស្រាវជ្រាវបន្ថែមទៀតចំពោះករណីនីមួយៗ ព្រោះបើយើងស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតី ជាពិសេសមានករណីញុះញង់ណាមួយ គឺស្រាវជ្រាវទៅតាមនីតិវិធីច្បាប់”៕