ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំកម្លាំងក្រោមឱវាទត្រូវបន្តឹងមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់ក្រហមនោះឡើយ។ ជាពិសេសទប់ស្កាត់ឱ្យបានចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមមិនឱ្យដំណើរចេញខាងក្រៅបាននោះទេ លើកលែងករណីជាចាំបាច់ណាមួយនោះ។

លោកស្នងការបានបញ្ជាក់ថា ការធ្វើតឹងរ៉ឹងបែបនេះគ្មានបំណងចង់ធ្វើបាបប្រជាពលរដ្ឋទេ គឺដើម្បីនាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ឱ្យមានការថយចុះ រឺកាត់ផ្តាច់ ជំងឺឆ្លងនេះ កុំឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ លោកក៏បានណែនាំឱ្យកងកម្លាំងក្រោមឱវាទដែលជាអ្នកបំរើប្រជាពលរដ្ឋនោះ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាថប និងក្រមសីលធម៌ល្អទៅកាន់ប្រជាពលរដ្ឋដោយការគោរពហើយមិនត្រូវធ្វើអ្វីឱ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋនោះឡើយ។

ការណែនាំ និងការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅពេលចុះពង្រឹងត្រួតពិនិត្យកម្លាំងនគរបាលរាជធានីភ្នំពេញកំពុងអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

នៅក្នុងការចុះត្រួតពិនិត្យអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម គេឃើញកងកម្លាំងសមត្ថកិច្ចបាននាំយករនាំងដែកទៅដាក់ពង្រាយបិទខ្ទប់នៅតាមច្រកចេញចូលតំបន់មួយចំនួនថែមទៀត ដើម្បីពង្រឹងឱ្យបានម៉ឺងម៉ាត់នៃការទប់ស្កាត់មិនឱ្យធ្វើដំណើរឆ្លងកាត់តំបន់ក្រហមនោះទេ។

សូមជម្រាបថា តំបន់ក្រហមនៅក្នុងភូមិសាស្រ្តនៃខណ្ឌទាំង០៣ខាងលើ សេចក្តីរាយការណ៍ឱ្យដឹងថា ខណ្ឌមានជ័យ មានសង្កាត់ចំនួន០៤ ដែលត្រូវបានចាត់ទុកថាជាតំបន់ក្រហម គឺសង្កាត់ស្ទឹងមានជ័យ១,ស្ទឹងមានជ័យ២,ស្ទឹងមានជ័យ៣ និងសង្កាត់បឹងទំពុន១។ចំណែកខណ្ឌដង្កោមានសង្កាត់ចំនួន០២ ដែលស្ថិតក្នុងតំបន់ក្រហម គឺសង្កាត់ដង្កោ និងសង្កាតព្រៃស ដោយឡែកខណ្ឌពោធិ៍សែនជ័យ គឺមានសង្កាត់ចោមចៅ១ ជាតំបន់ក្រហម។ការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនេះអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៤ សសរ ដែលបានដាក់ចេញអនុវត្តកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ ។ការអនុវត្តវិធានការជំហ៊ានទី២ គឺមានរយៈពេល០៧ថ្ងៃ ដោយចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំពងដើម្បីកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩ កុំឱ្យឆ្លងពីតំបន់មួយទៅតំបន់មួយ៕ សរន