ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ នៅចុងសប្តាហ៍នេះមានការប្រកួតបាល់ទាត់ក្នុងលីកអឺរ៉ុបធំៗទាំង៥ ហើយក៏មានការប្រកួតខាប់អាល្លឺម៉ង់ផងដែរ។ ប៉ុន្តែយើងលើកយកតែ៣គូនៅក្នុងក្របខ័ណ្ឌ EPL មកវិភាគជូនប៉ុណ្ណោះ។
– Crystal Palace vs Man City
នេះនឹងក្លាយជាការប្រកួតគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ក្រុមមេឃខៀវ Manchester City ព្រោះពួកគេស្ថិតនៅពាក់កណ្តាលផ្លូវនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុម PSG។ នៅពេលដំណាលគ្នាដែរ ប្រសិនបើ Man City ឈ្នះការប្រកួតនេះហើយ Man Utd ចាញ់ Liverpool នៅថ្ងៃអាទិត្យ នោះ Man City នឹងក្លាយជាជើងឯករបស់អង់គ្លេស។
ប៉ុន្តែប្រាកដណាស់ Man City នឹងទុកភ្នែកម្ខាងសម្លឹងមើលលើការប្រកួតជើងទី ២ របស់ពួកគេជាមួយ PSG នៅក្នុងផ្ទះខ្លួនឯង។ មានការអបអរយ៉ាងសម្បើមក្នុងចំណោមអ្នកគាំទ្រកាលពីពាក់កណ្តាលសប្តាហ៍សម្រាប់ក្លិប ខណៈពួកគេបានវាយបកពីចាញ់១គ្រាប់មុនមកផ្តួល PSG ២-១ ហើយឥឡូវ City បានបោះជើងមួយជំហានទៅវគ្គផ្តាច់ព្រ័ត្រហើយ។
ទម្រង់លេងក្នុងលីកកំពូលរបស់មេឃខៀវគឺល្អណាស់ ជាមួយនឹងជ័យជម្នះ ៤ លើកពី ៥ លើកចុងក្រោយរបស់ពួកគេ និង ក្រៅទឹកដី Man City មានកំណត់ត្រាល្អដាច់គេនៅក្នុងលីក និងទទួលបាន ៣៩ ពិន្ទុពី ៤៨ ពិន្ទុ។
Crystal Palace ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ មាន ៣៨ ពិន្ទុនិងមាន ១១ ពិន្ទុខ្ពស់ជាងតំបន់កាត់ចោល។ រដូវកាលរបស់ឥន្ទ្រីខៀវបានចប់ហើយឥឡូវនេះព្រោះមានសុវត្ថិភាពពីការកាត់ចោល ហើយដូចឃើញជាក់ស្តែងហើយ ទម្រង់លេងរបស់ពួកចាប់ផ្តើមធ្លាក់ចុះ ដោយមិនខ្វល់ខ្វាយរឿងស្តារជើងឡើងវិញនោះឡើយ ក្នុងនោះ២ប្រកួតចុងក្រោយរបូតរហូត ៦ គ្រាប់។
ការប្រកួតក្នុងផ្ទះចុងក្រោយរបស់ឥន្ទ្រីខៀវគឺបានបញ្ចប់ទៅក្នុងលទ្ធផលចាញ់ ៤-១ ទល់នឹងក្រុមតោខៀវ Chelsea បើទោះបីជាកាលពីខែមុនក្រុមរបស់លោក រ៉យ ហុដសុន ទប់ Manchester United ក្នុងលទ្ធផល ០-០ ក៏ដោយ។
ក្នុងជំនួបជើងទីមួយដើមរដូវកាលនេះគឺ Man City ឈ្នះ ២-០ ថ្ងៃនេះយើងរំពឹងពួកគេឈ្នះក្នុងលទ្ធផលដដែល។
– Chelsea vs Fulham
ការប្រកួតនេះតែងតែមានអត្ថន័យសម្រាប់ពួកគេពីព្រោះវាជាការប្រកួតក្នុងសង្កាត់ហ្វូលហែមតែមួយសម្រាប់ក្រុមទាំងពីរនៅក្នុងទីក្រុងឡុងដ៍ ដូច្នេះយើងរំពឹងការប្រកួតនេះនឹងលេងចេញពីមហិច្ឆតាស្នេហាបាល់ទាត់រៀងៗខ្លួន។
ជាការពិតណាស់តោខៀវនឹងមានប្រៀបឈ្នះជាងលើការប្រកួតនេះ ហើយមានគម្លាតគុណភាពឆ្ងាយណាស់រវាងក្រុមទាំងពីរ។ ឧទាហរណ៍ជាក់ស្តែង Chelsea នឹងលេងជាមួយ Real Madrid នៅសប្តាហ៍ក្រោយដើម្បីព្យាយាមឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ ដោយឡែក ក្រុមឈូកស Fulham អាចនឹងត្រូវកាត់ចោលទៅក្របខ័ណ្ឌ Championship នៅសប្តាហ៍ក្រោយ។
ក្រោមការដឹកនាំរបស់លោក ថូម៉ាស់ ធូខល់ ក្រុម Chelsea ពិតជាលេងអស្ចារ្យខ្លាំងណាស់ ហើយចាញ់តែ ១ ប្រកួតគត់ក្នុងរយៈពេល ៣ ខែដែលលោកទទួលបន្ទុកដឹកនាំក្លិបនៅក្របខ័ណ្ឌ Premier League ។ កាលពីពាក់កណ្តាលសប្តាហ៍ ពួកគេបានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ កន្លែងដែលពួកគេលេងស្មើ ១-១ ជាមួយក្រុមស្តេចស Real Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយនៃក្របខ័ណ្ឌ Champions League ។
តោខៀវត្រូវការជ័យជម្នះនេះដាច់ខាតដើម្បីព្យាយាមដណ្តើមចំណាត់ថ្នាក់កំពូលទាំង ៤ ហើយក្រុមញញួរធំ West Ham តាមពីក្រោយពួកគេតែ ៣ ពិន្ទុប៉ុណ្ណោះ ហើយក្រុមតោខៀវច្បាស់ជាព្យាយាមដណ្តើមយកលេខ៣ពី Leicester ប្រសិនបើពួកគេអាចធ្វើបាន។
ក្រុម Fulham បានប្រយុទ្ធតស៊ូយ៉ាងក្លាហានប៉ុន្តែមើលទៅពួកគេប្រហែលគេចមិនផុតពីការកាត់ចោលនោះទេ។ ក្រុមឈូកសមានតែ ២៧ ពិន្ទុ និងមាន ៧ ដាច់ឆ្ងាយពីតំបន់សុវត្ថិភាព ហើយអាចនឹងដាច់ ១០ ពិន្ទុនៅចុងសប្តាហ៍នេះ។ និយាយឱ្យខ្លី កូនក្រុមរបស់លោកស្កុត ផាកឃើ ត្រូវតែឈ្នះការប្រកួតនេះដាច់ខាត។
ព្យាករណ៍ ៖ ដោយហេតុថា Chelsea មិនដែលចាញ់ Fulham ក្នុងជំនួប២០ លើកចុងក្រោយ យើងរំពឹងពួកគេឈ្នះទៀតក្នុងលទ្ធផលយ៉ាងហោច ២-០។
– MAN UTD VS LIVERPOOL
ក្រុមបិសាចក្រហម Man Utd និងហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងគួរឱ្យធុញទ្រាន់កាលនៅទឹកដី Anfield ដោយបញ្ចប់ទៅក្នុងលទ្ធផល ០-០ ហើយអ្វីដែលរឹតតែធុញជាងនេះទៀតគឺស៊ុតបានម្នាក់៤ និង ៣ជើងរៀងៗខ្លួនពេញ ៩០ នាទី។
កូនក្រុមរបស់លោក អូឡេ ហ្គាន់ន័រ សូលឃ្យែ ប្រាកដណាស់នឹងមានទំនុកចិត្តច្រើនជាងហង្សក្រហម ព្រោះឥឡូវកំពុងឈរនៅលេខ២ ក្របខ័ណ្ឌ Premier League និងចាញ់តែម្តងគត់ក្នុងការប្រកួត ១២ លើកចុងក្រោយរបស់ពួកគេ។ ហើយកាលពីថ្ងៃព្រហស្បតិ៍ បិសាចក្រហមបានវាយបកយកឈ្នះលើ Roma វិញក្នុងលទ្ធផល ៦-២ ក្រោយត្រូវក្រុមភ្ញៀវនាំមុខមុន ២-១ នៅតង់ទីមួយក្នុងក្របខ័ណ្ឌ Europa League។
ជាមួយគ្នានេះដែរ Liverpool ទើបតែស្គាល់រសជាតិជ័យជម្នះតែម្ដងគត់ក្នុងការប្រកួត ៦ លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ហើយលទ្ធផលឈ្នះនោះទៀតសោតកើតឡើងលើក្រុមយុវជន Aston Villa ក្នុងលទ្ធផល ៤-១។
កូនក្រុមរបស់លោក ជួហ្គិន ក្លប់ ខកខានក្នុងការរកគ្រាប់បាល់នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៤ លើកចុងក្រោយ ខណៈពួកគេឡើងហួសវគ្គទី៤ នៃពានរង្វាន់ FA Cup តែម្ដងគត់ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ។
* កំណត់ត្រាត្រួសៗនៃក្រុមទាំងពីរ
– ផូល ផុកបា រកបាន ៣ គ្រាប់ពីការស៊ុតនៅខាងក្រៅប្រអប់គ្រោះថ្នាក់ក្នុង ៣ ប្រកួតចុងក្រោយរបស់គេ។
– ហង្សក្រហម Liverpool រកបានតែ ៥ គ្រាប់ប៉ុណ្ណោះក្នុង ៦ ប្រកួតចុងក្រោយ ចាប់តាំងពីពួកគេឈ្នះ ៧-០ លើ Crystal Palace កាលពីខែធ្នូ។
– ៧ ប្រកួតក្នុងចំណោម ១០ លើកចុងក្រោយរវាងទាំងពីរបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ដោយ Liverpool ឈ្នះ ២ និង United ឈ្នះម្តង។
– បិសាចក្រហមចាញ់តែមួយប្រកួតគត់ក្នុងចំណោម ១៦ លើកចុងក្រោយក្នុងស្រុករបស់ពួកគេ។
លទ្ធផលព្យាករណ៍ ៖ Man Utd ២-១ Liverpool ៕
តារាងការប្រកួតបាល់ទាត់